អានតួអត្ថបទ
បារាំង-អង់គ្លេស-Brexit

Brexit៖លោកម៉ាក្រុងសង្ឃឹមរកឃើញដំណោះស្រាយមួយជាមួយអង់គ្លេសពីពេលនេះទៅ ៣០ថ្ងៃខាងមុខ

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២២ សីហា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនស៊ុន​នៅ​វិមាន​អេលីហ្សេ។ ជំនួប​រវាង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស​បាន​ផ្តោត​សំខាន់​លើ​កិច្ចព្រមព្រៀង​លែងលះ​រវាង​សហភាពអឺរ៉ុប និង​អង់គ្លេស​ហៅ Brexit ដែល​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​តេរ៉េ ហ្សាមេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​អឺរ៉ុប​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។ តាម​គម្រោង អង់គ្លេស​ត្រូវ​ចាកចេញ​ពី​អឺរ៉ុប​តាំង​ពី​ថ្ងៃទី២៩ មីនា ឆ្នាំ ២០១៩ មក​ម្ល៉េះ តែ​សំណុំរឿង​មួយ​នេះ​បាន​បន្ត​ជាប់គាំង​ដោយសារ​តែ​រឿង​ប្រទាញប្រទង់​ទាក់ទង​នឹង​ព្រំដែន​រវាង​អៀរឡង់​ខាងជើង​របស់​អង់គ្លេស និង​ប្រទេស​អៀរឡង់។ បើ​ពី​ពេល​នេះ​ទៅ​ថ្ងៃទី៣១ តុលា អង់គ្លេស និង​អឺរ៉ុប​នៅ​តែ​មិន​អាច​និយាយ​ចុះ​សម្រុង​គ្នា នោះ​អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី៣១ តុលា។ តែ​នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​លោក​ចនស៊ុន លោក​ម៉ាក្រុង​បាន​យល់​ឃើញ​ថា ដំណោះស្រាយ​មួយ​អាច​នឹង​រក​ឃើញ​ពី​ពេល​នេះ​ទៅ ៣០ថ្ងៃ​ខាង​មុខ។

នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក Boris Johnson (រូបឆ្វេង) និង​ប្រមុខ​រដ្ឋបារាំង​លោកម៉ាក្រុង ថ្ងៃទី២២ សីហា ២០១៩
នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក Boris Johnson (រូបឆ្វេង) និង​ប្រមុខ​រដ្ឋបារាំង​លោកម៉ាក្រុង ថ្ងៃទី២២ សីហា ២០១៩ GEOFFROY VAN DER HASSELT / AFP
ផ្សាយពាណិជ្ជកម្ម

« អ្វី​ដែល​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​មែរកិល​បាន​និយាយ​ក្នុង​ថ្ងៃ​ពុធ ទី២១ សីហា និង​ដែល​បាន​ឆ្លើយ​តប​នឹង​ស្មារតី​នៃ​ការ​ដោះដូរ​ដែល​យើង​មាន​តាំង​ពី​ដើម​ដំបូង គឺ​យើង​ត្រូវ​មើល​ឲ្យ​ឃើញ​នូវ​ច្រកចេញ​ប្រាកដប្រជា​មួយ​ក្នុង​រយៈពេល ៣០ថ្ងៃ​ខាង​មុខ។ គ្មាន​នរណា​ម្នាក់​អាច​រង់ចាំ​រហូត​ដល់​ថ្ងៃ ទី៣១ តុលា ដោយ​មិន​បាន​ព្យាយាម​រក​ឲ្យ​បាន​នូវ​ដំណោះស្រាយ​ល្អ​មួយ​ទេ។

ដូច្នេះ គេ​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ផ្តល់​សារៈសំខាន់​សម្រាប់ ៣០ថ្ងៃ​មុខ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ រយៈពេល ៣០ថ្ងៃ​ខាង​មុខ​នឹង​ជំរុញ​អ្នក​ចរចា​ខាង​អង់គ្លេស និង​លោក Michel Barnier ដែល​ជា​អ្នក​ចរចា​របស់​អឺរ៉ុប​ឲ្យ​អង្គុយ​ជជែក​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​លើ​ចំណុច​ខ្វែង​គំនិត​គ្នា​ដោយ​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​ប៉ះពាល់​ស៊ីជម្រៅ​ខ្លាំង​លើ​កិច្ចព្រមព្រៀង​ដែល​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​រួច​ហើយ។

ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ពេល​នេះ​ថា​នៅ​ខែ​ខាង​មុខ គេ​មិនមែន​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​ការ​លែងលះ​រវាង​សហភាពអឺរ៉ុប និង​អង់គ្លេស​ដែល​ភាគី​ទាំង​ពីរ​មាន​ជាមួយ​គ្នា​ស្រាប់​ហើយ​នោះ​ទេ។ ប្រសិន​បើ​នៅ​ក្នុង​កិច្ចចរចា​រវាង​លោក Michel Banier និង​អ្នក​ចរចា​អង់គ្លេស​ខាង​មុខ មាន​អ្វីៗ​អាច​នឹង​បំពេញបន្ថែម និង​ឆ្លើយ​តប​លើ​ពីរ​ចំណុច គឺ​ស្ថិរភាព​នៅ​អៀរឡង់ និង​ទីផ្សាររួម យើង​ត្រូវ​តែ​រក​ឲ្យ​នូវ​ការ​ស្រុះស្រួល​មួយ​នៅ​ខែ​ខាង​មុខ។

បើ​មិន​ដូច្នោះ​ទេ បញ្ហា​អាច​នឹង​មាន​ជ្រៅ​ជាង​នេះ មាន​ន័យ​ថា​ជា​បញ្ហា​នយោបាយ​ផ្ទៃក្នុង​អង់គ្លេស។ នៅ​ក្នុង​ករណី​នេះ មិន​មែន​កិច្ចចរចា​រវាង​អ្នកចរចា​អឺរ៉ុប និង​អង់គ្លេស​ទេ​ដែល​អាច​ដោះស្រាយ​បាន។ គឺ​ជា​ជម្រើស​ដែល​នាយករដ្ឋមន្រ្តី​អង់គ្លេស​ត្រូវ​សម្រេច​ជ្រើស​យក​ដោយ​ខ្លួន​ឯង មិនមែន​យើង​ជា​អ្នក​សម្រេច​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ