អានតួអត្ថបទ

សម្តេចប៉ាប ប្រារព្វទិវាអន្តោប្រវេសន៍និងភៀសខ្លួនពិភពលោក លើកទី ១០៥

ទិវា​អន្តោប្រវេសន៍​និង​ជន​ភៀសខ្លួន​ពិភពលោក ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុរី​វ៉ាទីកង់។ នៅក្នុង​ពិធី​សូត្រ​ធម៌​ នា​​ថ្ងៃ​អាទិត្យ​ទី ២៩ កញ្ញា​ ដើម្បី​ប្រារព្វខួប​លើក​ទី ១០៥ នៃ​ការ​បង្កើ​ត​​ទិវា​នេះ សម្តេច​ប៉ាប ហ្វ្រង់ស័រ បាន​ថ្លែង​អំពាវនាវ​ឱ្យ​ពិភពលោក​ព្រម​ផ្តល់​ការយក​ចិត្ត​ទុក​ដាក់​ពិសេស​ដល់​ជនបរទេស និង​គ្រប់​ជន​ដែល​ជា​គេ​មិនចង់​រាប់​រក។ ជាមួយ​គ្នា​នេះ​ដែរ​សម្តេច​ប៉ាប បាន​សម្ពោធ​តាំង​រូប​ចម្លាក់​ឧទ្ទិសដល់​ជនអន្តោប្រវេសន៍​ នៅ​ទីលាន​មុខ​បុរី​វ៉ាទីកង់។

សម្តេច​ប៉ាប​សម្ពោធ​រូប​ចម្លាក់​ឧទ្ទិស​ដល់​ជន​អន្តោប្រវេសន៍​តាម​ទូក ថ្ងៃទី ២៩ កញ្ញា ២០១៩
សម្តេច​ប៉ាប​សម្ពោធ​រូប​ចម្លាក់​ឧទ្ទិស​ដល់​ជន​អន្តោប្រវេសន៍​តាម​ទូក ថ្ងៃទី ២៩ កញ្ញា ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

​ទិវានេះ​​មាន​ប្រធានបទ​ដដែលៗ គឺ​ដូច​ជា​ចម្រៀង​បន្ទរ ប្រាប់​ពិភពលោក​ឱ្យ​ផ្តល់​ការ​យកចិត្ត​ដាក់​ជាពិសេស មិនមែន​ត្រឹម​តែ​ដល់​ជន​អន្តោប្រវេសន៍​ និង​ជន​បរទេស​ទេ គឺ​ដល់​​​មនុស្សម្នា​គ្រប់​រូប​ដែលជាមួយ​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍ ក្លាយ​​ជន​រងគ្រោះ​ពុំមាន​អ្នក​រាប់​រកក្នុង​សម័យ​ថ្មី។ នេះជា​​សង្ឃ​ដីកា​របស់​សម្តេច​ប៉ាប នា​ឱកា​ស​​​សម្ពោធ តាំង​​រូប​ចម្លាក់​ ធ្វើ​សំរិទ្ធ​​និង​ដីឥដ្ឋ នៅ​មុខ​ទីលាន​ Saint Pierre ឧទ្ទិស​ដល់​អន្តោប្រវេសន៍​និង​ជនភៀស​ខ្លួន​ពិភពលោក។ ​

​រចនា​ដោយ​ជាងស្មូន​ជាតិ​កាណាដា Timothy Schmalz ដែល​គេ​ប្រសិទ្ធិនាម​ថា Angels Unaware រូប​ចម្លាក់​តំណាង​ឱ្យ​ជនអន្តោប្រវេសន៍​១៤០​នាក់ ចម្រុះ​ជាតិ​សាសន៍​វប្បធម៌ និង​សម័យ​ផ្សេង​គ្នា ប្រជ្រៀត​ផ្តុំ​គ្នា​លើ​ទូកមួយ​​ ជា​មួយ​នឹង​សារ​ឆ្លាក់​ថា “កុំភ្លេច​បដិសណ្ឋាកិច្ច អ្នក​ខ្លះធ្វើ​ដោយ​មិន​ដឹង​ខ្លួន​ ព្រម​ទទួល​ពួកទេវតា”។

សម្តេច​ប៉ាប​ផ្ទាល់​ ក៏​មាន​​ប្រវត្តិ​​គ្រួសារជា​​​អន្តោប្រវេសន៍​អាហ្សង់ទីនមកនៅ​​អ៊ីតាលី។ តាំង​ពី​ព្រះ​អង្គ​បាន​ក្លាយ​ជា​សម្តេច​ប៉ាប នៅ​ខែ​មីនា ឆ្នាំ​២០១៣​មក សម្តេច​បាន​បង្កើន​និង​ប្រកាសប្រកាន់​​ជំហរ​ជាក់លាក់នយោបាយ​ទទួល​ជនភៀសខ្លួន​និង​អន្តោប្រវេសន៍។ ពីរបី​ខែ​ក្រោយ​ជាប់​ឆ្នោត​ជា​សម្តេច​ប៉ាប ព្រះ​អង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​លើ​កោះ​ Lampedusa ​កោះ​ដែល​មាន​​លំហូរ​អន្តោប្រវេសន៍​មក​អឺរ៉ុប​ដ៏​សំខាន់​ជាង​គេ​បំផុត​មួយ។ នៅ​ខែ​មេសា​ឆ្នាំ​២០១៦ សម្តេចប៉ាប ពេល​ធ្វើ​ដំណើរ​ទៅ​​កោះ​ក្រិក​ Lesbos បានទទួល​​យក​គ្រួសារ​ជនភៀស​ខ្លួន​ស៊ីរី កាន់​សាសនា​អ៊ីស្លាមបីគ្រួសារ​ ឱ្យ​មក​រស់​នៅ​វ៉ាទីកង់​។ កាលពីចុង​ខែ​កក្កដា សម្តេច​ប៉ាប បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ បញ្ចេញ​សកម្មភាព​ ដោយ​រួសរាន់ និង​សម្រេច​ចិត្ត​ភ្លាម ដើម្បី​បញ្ចៀស​ឱ្យ​មាន​រឿង​សោកសៅ​ក្នុង​សមុទ្ទ​កើត​ឡើង​ទៀត។

សូម​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​២០១៣​មក អឺរ៉ុប​បាន​ស្គាល់​វិបត្តិ​អន្តោប្រវេសន៍​រត់​តាម​ទូក​ឆ្លង​សមុទ្ទ​​មេឌីទែរ៉ាណេ យ៉ាង​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសស្ត្រ។ បើ​តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ (OIM) នៅ​ចន្លោះ​ពី​ថ្ងៃទី ១​មករា ២០១៤ ដល់​ថ្ងៃទី ៣០​កក្កដា ២០១៨ គេ​ស្រង់សាកសព​មនុស្ស​ស្លាប់​​៥៧៧៣​នាក់​ និង​១១០៨៩​នាក់​បាត់​ខ្លួន។ ដើម្បី​សាកល្បង​បញ្ចប់​ហេតុការណ៍​ស្លាប់​មនុស្ស​ទាំង​ហ្វូង​ក្នុង​សមុទ្ទ ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន (អ៊ីតាលី បារាំង ម៉ាល់ត៍) បាន​រៀប​ចំ​ឱ្យ​មាន​យន្តការ​បែងចែង​ជា​អន្តោប្រវេសន៍ជា​ស្វ័យប្រវត្តិ​។ វិធានការ​នេះ​នឹង​ត្រូវ​អនុម័តនៅ​ក្នុង​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​​នៅ​ដើម​តុលាខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ