អានតួអត្ថបទ
សហភាពអឺរ៉ុប

អឺរ៉ុប​ព្រួយ​បារម្ភ ​នឹង​អន្តោប្រវេសន៍​ខុសច្បាប់ ​ដ៏​សន្ធឹក​សន្ធាប់

ទ្វីប​អឺរ៉ុប ប្រៀប​បាន​ជា​ស្ថានសួគ៌ សម្រាប់​ជន​ភៀសខ្លួន មក​ពី​តំបន់​ក្រីក្រ​នៅ​ទ្វីប​អាហ្វ្រិក។ ជន​ភៀសខ្លួន​បាន​ប្រើ​ប្រាស់ គ្រប់​បធ្យោបាយ​ទាំង​អស់ ដោយ​ហ៊ាន​ប្តូរ​ជីវិត ដើម្បី​ឲ្យ​បាន​មក​ដល់ ជាន់​ដី​អឺរ៉ុប។ ក្នុង​រយៈ​ពេល ត្រឹម​បី​ថ្ងៃ ចុងក្រោយ​នេះ មាន​នាវា​ខ្នាត​ធំៗ ពីរ​គ្រឿង ដែល​ដឹក​ជន​អន្តោប្រវេសន៍ ជាច្រើន​រយ​នាក់ ចូល​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប។ ប្រឈម​មុខ​នឹង បញ្ហា​នេះ​ សហភាព​អឺរ៉ុប​បាន​អំពាវនាវ ឲ្យ​ប្រទេស​សមាជិក​ទាំង​អស់ ជួយ​សហការ​គ្នា ក្នុង​ការ​ទប់ស្កាត់​អន្តោប្រវេសន៍​ខុសច្បាប់។

កប៉ាល់ Ezadeen ដឹក​ជនភៀសខ្លួន ៤៥០ តាមសមុទ្រ ចូលមកអឺរ៉ុប​ ក្បែរប្រទេស​អ៊ីតាលី ថ្ងៃទី ១ មករា ២០១៥
កប៉ាល់ Ezadeen ដឹក​ជនភៀសខ្លួន ៤៥០ តាមសមុទ្រ ចូលមកអឺរ៉ុប​ ក្បែរប្រទេស​អ៊ីតាលី ថ្ងៃទី ១ មករា ២០១៥ REUTERS/Icelandic Coast Guard/ Handout
ផ្សាយពាណិជ្ជកម្ម

ជា​និច្ច​ជា​កាល គេ​តែងតែ​ឮ​ដំណឹង ថា​មាន​ទូក​ដឹក​ជន​ភៀស​ខ្លួន មក​ពី​ទ្វីប​អាហ្វ្រិក លិច​នៅ​កណ្តាល​សមុទ្រ​ម៉េឌីទែរ៉ាណេ ហើយ​ម្តងៗ មាន​មនុស្ស​ស្លាប់​រាប់រយ​នាក់។ សមុទ្រ ម៉េឌីទែរ៉ាណេ​មិនមែន​ជា​ផ្លូវ​តែមួយ​ទេ ប៉ុន្តែ​ផ្លូវ​នេះ ជា​ផ្លូវ​ដែល​ជិត​ជាង​គេ តែ​ក៏​គ្រោះថ្នាក់​ជាង​គេ​ដែរ។ ប៉ុន្តែ​ពេល​នេះ ក្រុម​អ្នក​ជួញដូរ ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន បាន​ប្រើប្រាស់​នាវា​ដឹក​ទំនិញ​ធំៗ យក​មក​ដឹក​ជន​អន្តោប្រវេសន៍។

 
ជាក់​ស្តែង នៅ​ថ្ងៃ​សុក្រ ទី២ មករា​នេះ មាន​នាវា​មួយ​គ្រឿង​ បាន​អណ្តែត​ត្រសែត នៅ​ក្នុង​សមុទ្រ ម៉េឌីទែរ៉ាណេ ដោយសារ​ក្រុម​នាវិក បាន​រត់ចោល​កប៉ាល់ ព្រោះ​ខ្លាច​គេ​ចាប់​បាន។ កប៉ាល់​នេះ ដឹក​ជន​ភៀសខ្លួន​ចំនួន​៤៥០នាក់ ដែល​សំដៅ​ចូល​ទៅ​ចត​នៅ​កំពង់ផែ ខាងត្បូង​ប្រទេស​បារាំង។ ដូចគ្នា​ដែរ កាល​ពី​ថ្ងៃ​ពុធ​ ទី ៣១ ធ្នូ អ៊ីតាលី​បាន​ឃាត់ទុក​នាវា​មួយ ដែល​មាន​ដឹក​ជន​អន្តោប្រវេសន៍​ ចំនួន ៨០០​នាក់។

នេះ​ជា​បញ្ហា​ធំ​ណាស់ សម្រាប់​អឺរ៉ុប ព្រោះ​អឺរ៉ុប​គ្មាន​លទ្ធភាព ទទួល​ឲ្យ​ជនភៀស​ខ្លួន​ទាំង​នោះ ស្នាក់​នៅ លើ​ទឹកដី​ខ្លួន​ទេ។ លោក​ប្រធាន​គណកម្មការ​អឺរ៉ុប បាន​សន្យា​ថា នឹង​ពង្រឹង​បេសកកម្ម​របស់​ភ្នាក់ងារ ត្រួត​ពិនិត្យ​ព្រំដែន​របស់​អឺរ៉ុប ដែល​ហៅ​កាត់​ថា Frontex។ លោក​បាន​បន្ថែម​ថា អឺរ៉ុប​ត្រូវតែ​ធ្វើការ​កំណត់​មុខ​សញ្ញា និង​កំចាយ​ បណ្តាញ​បក្សពួក អ្នក​ដែល​រកស៊ី ដឹក​ជន​អន្តោប្រវេសន៍​ ចូល​មក​អឺរ៉ុប ឲ្យ​បាន។

លោក Jean Claude Juncker បន្ត​ថា វា​មិនមែន​ជា​កតព្វកិច្ច​របស់ ប្រទេស​អឺរ៉ុប​ ភាគខាងត្បូង តែ​ម្នាក់​ឯង​ទេ ដែល​មាន​តួនាទី ទប់​ស្កាត់​ជន​អន្តោប្រវេសន៍ តែ​វា​ជា​តួនាទី របស់​ប្រទេស​សមាជិក​ សហភាព​អឺរ៉ុប​ទាំងអស់​គ្នា​ ព្រោះ​អឺរ៉ុប​មាន​ព្រំដែន​រួមគ្នា។ ​ប្រទេស​អឺរ៉ុប ទាំង​ខាងត្បូង ទាំង​ខាងជើង ត្រូវ​​សាមគ្គី​គ្នា។ ការងារ​នេះ ត្រូវ​ការ​ជា​ចាំបាច់ នូវ​កញ្ចប់​ថវិកា និង​សហប្រតិបត្តិការ​បច្ចេកទេស ដើម្បី​ពង្រឹង​តូនាទី របស់ ភ្នាក់ងារ Frontex ព្រម​ទាំង​ការ​បង្កើត​ ក្រុម​ឆ្មាំ​ព្រំដែន របស់​អឺរ៉ុប​ផ្ទាល់​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ