អានតួអត្ថបទ
បារំាង-អាល្លឺម៉ង់

វិបត្តិជនភៀសខ្លួន៖បារាំង និង​អាល្លឺម៉ង់​អំពាវនាវ​ឲ្យ​អឺរ៉ុប​រក​ដំណោះស្រាយ​រួម​គ្នា « តែមួយ »

 លោក​ប្រធានាធិបតី​បារាំង​បាន​អញ្ជើញ​ទៅ​ចូល​ជួប​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​នៅ​ទីក្រុង​ប៊ែកឡាំង កាល​ពី​រសៀល​ថ្ងៃចន្ទ ទី២៤ សីហា ដើម្បី​ធ្វើ​ការ​ពិភាក្សា​ស្តីពី​វិបត្តិ​ជនភៀសខ្លួន ដែល​កំពុង​តែ​សម្រុក ចូល​តាម​ច្រក​ព្រំដែន​នានា មិន​ថា តាម​ផ្លូវ​ទឹក រឺតាម​ផ្លូវគោក ដើម្បី​មក​សុំសិទ្ធិ​ជ្រកកោន នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងលិច និង​ខាង​ជើង។ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ស្រុះស្រួល​យោបល់​គ្នា ដោយ​បាន​អំពាវនាវ ឲ្យ​សហភាពអឺរ៉ុប រក​ដំណោះស្រាយ​បន្ទាន់​រួម​គ្នា​មួយ ដើម្បី​ទទួល​ជនភៀសខ្លួន។ 

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់មែរកិល និង​លោក​ប្រធានាធិបតី​បារំាង​ហូឡង់
លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់មែរកិល និង​លោក​ប្រធានាធិបតី​បារំាង​ហូឡង់ REUTERS/Axel Schmidt
ផ្សាយពាណិជ្ជកម្ម

 

ជំនួប​រវាង​លោក​ប្រធានាធីបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្គេឡា មែគែល នៅ​ទីក្រុង​ប៊ែលឡាំង នា​រសៀល​ថ្ងៃចន្ទ ម្សិលមិញ បាន​ផ្តោត​ទៅ​លើ​បញ្ហា​ពីរ ជា​ចំបង គឺ បញ្ហា វិបត្តិ​នៅ​អ៊ុយក្រែន និង បញ្ហា​វិបត្តិ​ជនអន្តោប្រវេសន៍ រាប់ម៉ឺននាក់ ដែល​កំពុង​តែ​សម្រុក​នាំគ្នា ធ្វើ​ដំណើរ មក​កាន់​ទ្វីប​អឺរ៉ុប។ អ្វី​ដែល​គ្រប់​គ្នា ចាំ​តាម​ដាន គឺ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​រវាង ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ដែល​គេ​តែង​តែ​ដឹង​ថា ជា​រៀង​រហូត​មក តែងតែ​ជា​កម្លាំង​ចលករ យ៉ាង​សកម្ម ក្នុង​ការ​កសាង និង​ដឹកនាំ សហភាព​អឺរ៉ុប​ទាំងមូល។

ទី​បំផុត​ទៅ ក្រោយ​កិច្ចប្រជុំ នៅ​ចំពោះ​មុខ​អ្នកកាសែត លោក​ប្រធានាធិបតី​បារាំង បាន​ថ្លៃង​ថា វា​គឺ​ជា​ការ​ចាំបាច់ និង​បន្ទាន់ ជា​ទីបំផុត ដែល​សហភាព​អឺរ៉ុប​ទាំង​មូល ត្រូវ​ចាប់​ដៃ​គ្នា ស្វែង​រក​ដំណោះស្រាយ​រួមគ្នា តែ​មួយ។ លោក​បន្ត​ថា យើង ត្រូវ​តាក់តែង នូវ​ប្រព័ន្ធច្បាប់​ស្តីពី​សិទ្ធិជ្រកកោន របស់​ជនភៀសខ្លួន « តែមួយ​ដូច​គ្នា » មិនមែន ម្នាក់ៗ​ធ្វើ​តាម​ការ​ស្ម័គ្រចិត្ត ដូច​សព្វថ្ងៃ​នេះ​ទេ។ លោក​ប្រធានាធិបតី​បារាំង បាន​បន្ថែម​ថា ត្រូវតែ​ប្រញាប់ប្រញ៉ាល់ បន្ថែម​មណ្ឌល​ទទួល​ជនភៀសខ្លួន នៅ​ក្រិក និង អ៊ីតាលី។

ហើយ​អ្វី​ដែល​សំខាន់ គឺ​ត្រូវ​បែងចែក​ឲ្យ​បាន​ច្បាស់ ថា​អ្នកណា ជា​ជនភៀសខ្លួន ដែល​រត់​គេច​ពី​សង្រ្គាម កាប់​សំលាប់ និង​អ្នកណា​ខ្លះ ដែល​គ្រាន់​តែ​ជា​ជនអន្តោប្រវេសន៍ ដែល​មាន​បំណង មក​រក​ការងារ​ធ្វើ​នៅ​អឺរ៉ុប។ លោកស្រី អង់ហ្គេឡា មែគែល ដែល​នៅ​ឈរ​អម​ក្បែរ​នោះ បាន​បញ្ជាក់​បន្ថែម​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ គឺ​ជា​ស្មានភាព​ដ៏​កម្រ និង​ធ្ងន់ធ្ងរ ហើយ បើ​សិន​ជា​គ្រប់​គ្នា​ព្រមព្រៀង​ថា នឹង​បង្កើត​ច្បាប់​គ្រប់គ្រង ជនភៀសខ្លួន តែ​មួយ​ដូច​គ្នា ទាំងអស់​គ្នា គឺ​ត្រូវ ចាប់​ផ្តើម​ធ្វើ​វា ឲ្យ​បាន​ឆាប់​ជា​ទីបំផុត។

សូម​បញ្ជាក់​ថា ច្បាប់​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន នៅ​សហភាព​អឺរ៉ុប​បច្ចុប្បន្ន គឺ​យោង​ទៅ​លើ​កិច្ចព្រមព្រៀង​ក្រុង​ឌុបប្លាំង ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត របស់​ប្រទេស​សមាជិក​នីមួយៗ។ រាល់​ពាក្យ​សុំសិទ្ធិជ្រកកោន ត្រូវ​តែ​ដាក់​សុំ​នៅ​ប្រទេស​ទីមួយ ដែល​ជនភៀសខ្លួន បាន​មក​ដល់​មុន​គេ។ ក្នុង​ករណី​នេះ មាន​តែ​ប្រទេស​សមាជិក ដែល​នៅ​ជាយព្រំដែន ដូច​ជា ក្រិក និង អ៊ីតាលី ជាដើម ដែល​មាន​បន្ទុក ទទួល​ចាត់ចែង កិច្ចការ​នេះ តែ​ម្នាក់​ឯង។

យោង​តាម​តួលេខ​ផ្លូវការ គិត​ពី​ដើម​ឆ្នាំ២០១៥​នេះ​មក មាន​ជនភៀសខ្លួន ចំនួន ៣សែន ៤ម៉ឺននាក់ ដែល បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី អឺរ៉ុប។ គ្រាន់​តែ​នៅ​ក្នុង​ថ្ងៃ​សៅរ៍ ទី ២២ សីហា តែ​មួយ​ថ្ងៃ នាវា​ល្បាត​អ៊ីតាលី បាន​ស្រង់​ទូក​ដឹក​ជនភៀសខ្លួន មាន​ចំនួន​ដល់​ទៅ ៤៤០០នាក់ ពី​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ។ ចាប់​តាំង​ពី​ដើម​ខែ មិថុនា​មក មាន​ជនភៀសខ្លួន ជាង​៤ម៉ឺននាក់ ដែល​បាន​ឆ្លង​កាត់​តាម​ក្រិក ហើយ​ចូល​កាត់​តាម​ប្រទេស​ម៉ាសេដ្វាន មុន​នឹង​បន្ត​ឆ្លង​កាត់​តាម ប្រទេស​ស៊ែប៊ី ដើម្បី​ឡើង​ទៅ​អឺរ៉ុប​ខាង​ជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ