អានតួអត្ថបទ
តួកគី

ភេរវកម្ម​ពីរ​ផ្ទួនៗគ្នា​សម្លាប់​មនុស្ស​យ៉ាងតិច ៨៦នាក់ នៅ​តួកគី

តួកគី កាលពី​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ ម្សិលមិញ បាន​ទទួល​រង​ការវាយប្រហារ​ភេរវកម្ម​ពីរ​កន្លែង ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៨៦នាក់។ នេះ​បើតាមផ្តល់​ដោយ​ក្រសួង​សុខភិបាល​តួកគី។ នៅព្រឹកថ្ងៃ​សៅរ៍ គ្រាប់បែក​បាន​ផ្ទុះឡើង នៅកណ្តាល​ក្បួន ហែរ​របស់​ប្រជាជន ដែល​ត្រូវ​ធ្វើ​បាតុកម្ម ទាមទារ​សន្តិភាព នៅ​តួកគី។ ភ្លាមៗ ប្រធានាធិបតី​តួកគី​បាន​ប្រកាស​ថ្កោលទោស ការវាយប្រហារ ដែល​បង្កប់​ដោយ​គំនិតស្អប់ ប្រឆាំង​នឹង​ការរួបរួម និង​សន្តិភាព​របស់​តួកគី។

ភេរវកម្ម​ទៅលើ​ក្បួន​ដង្ហែរ​សន្តិភាព នៅ​កណ្តាល​រដ្ឋធានី​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី ១០​តុលា ២០១៥
ភេរវកម្ម​ទៅលើ​ក្បួន​ដង្ហែរ​សន្តិភាព នៅ​កណ្តាល​រដ្ឋធានី​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី ១០​តុលា ២០១៥ REUTERS/Tumay Berkin
ផ្សាយពាណិជ្ជកម្ម

ជា​សោកនាដកម្ម សម្លាប់​មនុស្ស​ធ្ងន់ធ្ងរ ដែល​រដ្ឋធានី​អង់ការ៉ា​របស់​តួកគី មិនដែល​ធ្លាប់​ជួប​ប្រទះ​​ពី​មុន​មក។ នៅ​ព្រឹកថ្ងៃ​សៅរ៍ នៅក្បែរ​ស្ថានីយ៍​រថភ្លើង​កណ្តាល​រដ្ឋធានី អង់ការ៉ា គ្រាប់បែក​បាន​ផ្ទុះ​ឡើង នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស ដែល​កំពុង​ត្រៀម​ចូលរួម ដើរ​ក្នុង​ក្បួន​ដង្ហែរ បាតុកម្ម​សន្តិភាព។ ទៅតាម​ការអំពាវនាវ​របស់​គណបក្ស​ប្រឆាំង គណបក្ស​ប្រជាធិបតេយ្យ ប្រជាជន​ ដែល​​គាំទ្រ​ពួកឧទ្ទាមគួដPKK ប្រជាជន​តួកគី មក​ពី​គ្រប់ទិសទី បាន​ធ្វើ​ដំណើរ​ចូល​រដ្ឋធានី ដើម្បី​​ចូលរួម​ក្នុង​ក្បួនដង្ហែរ ទាមទារ​ឲ្យ​មាន​ការឈប់​ច្បាំង​គ្នា រវាង​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម គួដ PKK។

 
យោងតាម ក្រសួង​សុខាភិបាល​តួកគី ព្រឹត្តិការណ៍​បំផ្ទុះគ្រាប់បែក​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​៨៦នាក់ និង​របួស ១៨៦នាក់ ដែល ក្នុងនោះ ២៨​រងរបួស​ធ្ងន់ធ្ងរ។ ក្រសួង​មហាផ្ទៃ​តួកគី​បាន​បើក​ការស៊ើបអង្កេត ដើម្បី​រកឲ្យ​ឃើញ តើ​ជា​ភេរវកម្ម អត្តឃាត ឬ​ជាភេរវកម្ម ដែល​ក្រុមជនដៃដល់ យក​គ្រាប់​ទៅបង្កៃ បំផ្ទុះ នៅក្នុង​ក្បួន​ដង្ហែរ​របស់​ក្រុម​បាតុករ។ ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន​វិញ បាន​បញ្ជាក់​ថា គឺ​សម្មតិកម្ម ភេរវកម្ម ដែលប៉ូលិស​តួកគី​កំពុង​ស៊ើបអង្កេត​ជាអាទិភាព។ ប្រមុខដឹកនាំ​បារាំង វិញ បាន​ថ្កោលទោស​អំពើភេរវកម្ម ចំណែក​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន បាន​ផ្ញើសារ ចូលរួម​រំលែក​ទុក្ខសោក ជាមួយ​ថ្នាក់ដឹកនាំ​តួកគី។

គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន ដែល​គាំទ្រ​ក្រុមPKK និង​ជាអ្នក​ផ្តួចផ្តើម​គំនិត​រៀបចំ​ក្បួនដង្ហែរ​ជាមួយ​សហជីព ក្នុង​ប្រទេស​តួកគី​បាន​សំដែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ជីវិត​មនុស្ស និង​បាន​បន្ទោស ទម្លាក់​កំហុស ទៅលើ​ប៉ូលិស​តួកគី ដែល​អសមត្ថភាព មិនអាច​ថែរក្សា​សន្តិសុខ​ឲ្យ​ក្បួន​បាតុកម្ម។ ប៉ូលិស​តួកគី​ត្រូវ​បាន​ក្រុមបាតុករ​រិះគន់​យ៉ាងចាស់ដៃ ផងដែរ ព្រោះបើតាម​ពួកគេ នៅក្រោយ​ពេល​ភេរវកម្ម​ផ្ទុះឡើង ប៉ូលិស​មិនបាន​ជួយសម្រួល​បើកផ្លូវ​ឲ្យ​ពួកគេ​ទៅ​ជួយ​អ្នក​របួសទេ ផ្ទុយទៅវិញ ប៉ូលិស បាន​បាញ់​គ្រាប់កាំភ្លើង​ពិត និងឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​បំបែក​ហ្វូងបាតុករ។

ភេរវកម្ម​សម្លាប់​មនុស្ស​ដ៏ធ្ងន់ធ្ងរ នៅ​តួកគី កើតមាន​តែ​នៅ​៣​សប្តាហ៍​មុន​ដែល​តួកគី​ត្រូវរៀបចំ​ការបោះឆ្នោត សា​ជាថ្មី នៅថ្ងៃ ទី ១​វិច្ឆិកា បន្ទាប់​ពី​គណបក្ស​នយោបាយ ចរចា​មិនត្រូវគ្នា ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ នៅក្រោយ​ការបោះឆ្នោត នាខែ​មិថុនា​កន្លងទៅ។

តាមអ្នកជំនាញ​ជាច្រើន ព្រឹត្តិការណ៍​បំផ្ទុះគ្រាប់ នៅថ្ងៃ​សៅរ៍ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ភេរវកម្ម​ប្រឆាំង​នឹង​ទីស្នាក់ការ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន (មាននិន្នាការ​ទៅ​រក​ក្រុម​ឧទ្ទាម​គួដ​PKK ដែល​រដ្ឋាភិបាល​តួកគី ចាត់ទុក​ជា​ក្រុមភេរវនិយម) ដែល​កើត​ឡើង​តែ​នៅ​ប៉ុន្មាន​ថ្ងៃ​មុនការបោះឆ្នោត​ជាតិខែ​មិថុនា។ អាជ្ញាធរ​តួកគី​មិន​បាន​ចាប់បាន​ឃាតករ​ទេ​ ប៉ុន្តែ បាន​ទម្លាក់​ការចោទប្រកាន់​ទៅលើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី ថាអ្នកបង្ក​អំពើភេរវកម្ម ក្នុង​ពេល​ដែល​ក្រុមនេះ​មិន​បាន​ប្រកាស​ចេញមុខ​ម្តងណាទេ។

នៅក្រោយ ភេរវកម្ម សម្លាប់​បាតុករ​តួកគី នៅថ្ងៃ​សៅរ៍ ក្រុមឧទ្ទាម​គួដ PKK​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយដែល​ថា ខ្លួន​នឹង​ផ្អាក​ការប្រយុទ្ធ ការវាយប្រហារ​ទៅលើ​អាជ្ញាធរ​តួកគី ក្នុង​អំឡុង​ពេល​ដែល​តួកគី​ត្រូវ​ត្រៀម​រៀបចំ​ការបោះឆ្នោត នៅថ្ងៃ​ទី ១​វិច្ឆិកា​ខាងមុខ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ