អានតួអត្ថបទ
តួកគី-ភេរវកម្ម

តួកគី ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ និង​អំពើ​ហឹង្សា

នៅ​ថ្ងៃពុធ​ ទី ១៩ ​សីហា ​មាន​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​ បាន​កើត​ឡើង ​នៅ​ភាគ​អាគ្នេយ៍​តួកគី​ ​ដោយ​បាន​សម្លាប់​ទាហាន​តួកគី​៨​នាក់។ នៅ​ក្នុង​ថ្ងៃ​ដដែល ​ហេតុការណ៍​ផ្ទុះ​គ្រាប់​កាំភ្លើង​ មួយ​បាន​កើតឡើង​នៅ​ក្បែរ​វិមាន​នាយក​រដ្ឋមន្រ្តី​តួកគី ​កណ្តាល​ក្រុង​អ៊ីស្តង់ប៊ូល​តែម្តង។ ក្នុង​ខណៈ​ពេល​នេះ​ តួកគី​កំពុងតែ​ជួប​ការ​រាំងស្ទះ​នយោបាយ ​ដោយសារ​តែ​នាយក​រដ្ឋមន្ត្រី ​មិន​អាច​បង្កើត​ជា​រដ្ឋាភិបាល​ចំរុះ​បាន។ ប្រធានាធិបតី​តួកគី ​បាន​លើក​ឡើង​ថា ​ការ​បោះឆ្នោត​ នឹង​អាច​រៀបចំ​សារ​ជាថ្មី​ ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​នេះ។

ប្រធានាធិបតី តួកគី Recep Tayyip Erdogan
ប្រធានាធិបតី តួកគី Recep Tayyip Erdogan REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់ ​មាន​ទាហាន​តួកគី​៨នាក់ ​បាន​ស្លាប់ ​ក្នុង​ហេតុការណ៍​ បំផ្ទុះ​គ្រាប់​បែក​មួយ ​នៅ​ក្នុង​ខេត្ត​សៀរត៍​ ភាគ​អាគ្នេយ៍​តួកគី។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​ ក្នុង​ថ្ងៃ​ពុធ ​ ទី​១៩​សីហា ​ដោយ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា ​ជា​ស្នាដែ​ របស់​ក្រុម​អ្នក​តស៊ូ​ជនជាតិ​គៀដ ​នៃ​គណបក្ស​ពលករ​គៀឌីស្ថាន ​ហៅ​កាត់​ថា​ PKK។ ក្រុម​នេះ​បាន​ធ្វើ​ការ​សងសឹក ​ទៅ​លើ​ទាហាន​រដ្ឋាភិបាល​គៀដ ​បន្ទាប់​ពី​ប្រធានាធិបតី​តួកគី ​បាន​ដាក់​បញ្ជា ​ឲ្យ​ចេញ​ប្រតិបត្តិការ​ ទម្លាក់​គ្រាប់​បែក ​លើ​មូលដ្ឋាន​ របស់​ពួក​គេ ​ក្នុង​រយៈពេល​២​សប្តាហ៍​ កន្លង​មក​នេះ។

 
នៅ​ក្នុង​ថ្ងៃ​ពុធ​ដដែល​នេះ​ដែរ ​ មាន​ហេតុការណ៍​ផ្ទុះ​អាវុធ​មួយ​ នៅ​កណ្តាល​ក្រុង​អ៊ីស្តង់ប៊ូល​ ​ក្បែរ​វិមាន​នាយក​រដ្ឋមន្ត្រី​តួកគី។ បុរស​ពីរ​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ភ្លាមៗ ​ដោយ​បាន​រឹបអូស​យក ​គ្រាប់​បែក​ដៃ ​និង​អាវុធ​ជាតិ​ផ្ទុះ​មួយ​ចំនួន។​ នេះ​បើ​តាម​ការ​រាយការណ៍ ​របស់​អាជ្ញាធរ​ក្រុង​អ៊ីស្តង់ប៊ូល។ តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​ជន​ទាំង​ពីរ​នាក់​នេះ ​គឺជា​បណ្តាញ​ភេរវកម្ម ​តែ​មិន​បាន​បញ្ជាក់​ថា​ជា​ក្រុម​ខាង​ណា​ទេ​ ដោយ​គ្រាន់​តែ​បាន​អះអាង​ថា ​ពួក​គេ​មាន​ចេតនា​បោក​គ្រាប់​បែក ​ និង​សំលាប់​អ្នក​យាម​របង​វិមាន​នាយក​រដ្ឋមន្ត្រី។

សូម​បញ្ជាក់​ថា ​ហេតុការណ៍​ហឹង្សា​ផ្ទួនៗ​គ្នា​ទាំង​នេះ ​គឺ​កើតឡើង​ក្នុង​ខណៈ​ពេល​ដែល​ស្ថានភាព​នយោបាយ​តួកគី​ ជួប​ភាព​ទ័លច្រក​ ដោយសារ​តែ​លោក​នាយក​​រដ្ឋ​មន្ត្រី​តួកគី ​Ahmet Davutoglu​  មិន​អាច​ចរចា​ ស្វែង​រក​ដៃ​គូ​ មក​បង្កើត​ជា​រដ្ឋាភិបាល​ចំរុះ​មួយ​បាន។

សូម​រំលឹក​ថា ​គណបក្ស​យុត្តិធម៌ ​និង​ការ​អភិវឌ្ឍន៍ ​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ​បាន​ដឹកនាំ​ប្រទេស​តែ​ម្នាក់​ឯង ​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក។ ទើប​តែ​ក្នុង​ពេល​បោះឆ្នោត​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ ​ដែល​គណបក្ស​នេះ​បាន​បាត់បង់​សម្លេង​ភាគ​ច្រើន ​នៅ​ក្នុង​សភា ​ហើយ​ត្រូវ​រក​ជំនួយ​ពី​គណបក្ស​ផ្សេង​ទៀត ​ដើម្បី​បង្កើត​ជា​រដ្ឋាភិបាល​ចំរុះ។ ថ្ងៃ​ឱសានុវាទ​ នៃ​ការ​បង្កើត​រដ្ឋាភិបាល​ចំរុះ​ គឺ​ថ្ងៃ​ទី ​២៣ ​សីហា ​ខាង​មុខ​នេះ។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ពុធ ​ម្សិលមិញនេះ​ នាយក​រដ្ឋមន្ត្រី​តួកគី ​បាន​ដាក់​លិខិត​ទៅ​កាន់​ប្រធានាធិបតី​ ដោយ​បញ្ជាក់​ពី​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចំរុះ។

ក្រុម​គណបក្ស​ប្រឆាំង ​បាន​រិះគន់​លោក​ប្រធានាធិបតី ​Erdogan​ ថា​បាន​រៀប​យុទ្ធសាស្រ្ត​ បង្ករ​អស្ថិរភាព ​និង​ការ​ភ័យខ្លាច ​ដល់​ប្រជាជន ​និង​ក្រុម​ប្រឆាំង ​តាម​រយៈ​ការ​វាយ​ប្រហារ​ ទៅ​លើ​កម្លាំង​តស៊ូ​ជនជាតិ​គៀដ។ ​ហើយ​បន្ទាប់​មក​ទៀត ​ថ្ងៃ​ឱសានុវាទ​បង្កើត​រដ្ឋាភិបាល​ចំរុះ​ នឹង​មក​ដល់ ​ដូច្នេះ ​លោក​នឹង​អាច​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​សា​ជា​ថ្មី ​ដោយ​យក​លេស​ថា​ មិន​អាច​បង្កើត​រដ្ឋាភិបាល​ចំរុះ​បាន។

ដូច​ការ​ប៉ាន់ស្មាន ​លោក​ប្រធានាធិបតី​តួកគី ​បាន​ប្រកាស​ឲ្យ​ដឹង​ នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​១៩ ​សីហា​ថា ​បើ​ដល់​ថ្ងៃ​កំណត់​នៅ​តែ​រៀបចំ​រដ្ឋាភិបាល​ចំរុះ​មិន​បាន​ វា​ជា​រឿង​ចាំបាច់​ ​ដែល​ត្រូវ​ធ្វើការ​បោះឆ្នោត​សា​ជា​ថ្មី​ ម្តង​ទៀត។ យុទ្ធសាស្ត្រ ​នេះ​អាច​ធ្វើ​ឲ្យ​គណបក្ស​លោក ​ប្រធានាធិបតី​ អាច​ប្រមូល​បាន​សំឡេង​ភាគ​ច្រើន​ នៅ​ក្នុង​សភា​ឡើង​វិញ ​ក៏​ថា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ