អានតួអត្ថបទ
អ៊ីតាលី

ជន​ភៀសខ្លួន​ទាំង​៤៥០នាក់ បាន​មក​ដល់​កំពង់ផែ​អ៊ីតាលី

នាវា​ដឹក​ជន​ភៀសខ្លួន ឈ្មោះ Ezadeen ដែល​មាន​ផ្ទុក​មនុស្ស​៤៥០ នាក់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​អ៊ីតាលី បាន​នាំ​មក​ដល់ កំពង់ផែ​ហើយ។ នៅ​ពី​ក្រោយ​យុទ្ធនាការ​នេះ​ អ្នក​វិភាគ មាន​ការ​ព្រួយបារម្ភ ​ពី​វិធី​សាស្ត្រ​ថ្មី​ ដែល​ពួក​អ្នក​រកស៊ី​ជួញដូរ ជន​អន្តោប្រវេសន៍ បាន​ប្រើ ដូច​ក្នុង​ករណី​នេះ គឺ​យក​មនុស្ស​មួយ​កប៉ាល់​ មក​ចោល ​ហើយ​ទុក​ឲ្យ​ប្រទេស​អឺរ៉ុប​មក​សង្រ្គោះ។ មួយ​វិញ​ទៀត វា​ក៏​ស្តែង​ឲ្យ​ឃើញ​ អំពី ភាព​អសកម្ម និង​អប្រសិទ្ធិភាព នៃ​នយោបាយ​គ្រប់គ្រង​អន្តោប្រវេសន៍​ របស់​អឺរ៉ុប។

នាវា Ezadeen ដឹកមនុស្ស ៤៥០​នាក់ បានមកដល់កំពុងផែ អ៊ីតាលី
នាវា Ezadeen ដឹកមនុស្ស ៤៥០​នាក់ បានមកដល់កំពុងផែ អ៊ីតាលី REUTERS/Antonino Condorelli
ផ្សាយពាណិជ្ជកម្ម

នៅ​ម៉ោង​ប្រមាណ​ជា ១០យប់ ថ្ងៃទី ២ មករា ​ក្រុម​សង្គ្រោះ អ៊ីតាលី បាន​សណ្តោង​យក កប៉ាល់ Ezadeen មក​ដល់​គោក នៅ​កំពង់ផែ Corigliano ដោយ​មាន​ការ​សហការ​ពី ក្រុម​នាវិក ប្រទេស​អ៊ីសឡង់ដ៍។ នៅ​លើ​នាវា មាន​មនុស្ស ៤៥០ ដែល​សុទ្ធសឹង​តែ ជា​ជនអន្តោប្រវេសន៍ ធ្វើ​ដំណើរ ​មក​អឺរ៉ុប ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន។ ពួក​អ្នក​បើកបរ​កប៉ាល់ ដែល​ជា​ក្រុម​ជួញដូរ ​ដឹក​ជញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ បាន​រត់​ចោល​កប៉ាល់ ដោយ​ទុក​ឲ្យ មនុស្ស​ទាំង​៤៥០ នាក់ នៅ​តែល​តោល​កណ្តាល​សមុទ្រ។

 
ជា​សំណាង​ល្អ ស្ត្រី​ម្នាក់ បាន​និយាយ​តាម​វិទ្យុ​ទាក់ទង ជាមួយ​​អាជ្ញាធរ​អ៊ីតាលី​ ដើម្បី​ស្វែងរក​ជំនួយ។ ក្នុង​ចំណោម​មនុស្ស​ទាំង ៤៥០​នាក់ មាន​ក្មេង​ជាង​៥០ នាក់ និង​ស្ត្រី​ជាច្រើន​នាក់ ដែល​មាន​ផ្ទៃពោះ។ នៅ​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ អ៊ីតាលី បាន​បញ្ជូន​ពួក​គេ ទៅ​ដាក់​នៅ មជ្ឈមណ្ឌល មួយ​ នៅ​លើ​កោះ​ស៊ីស៊ីល ដើម្បី​រងចាំ​ដំណោះ​ស្រាយ។ ដោយឡែក អាជ្ញាធរ អ៊ីតាលី មិន​បាន​ប្រាប់​ឲ្យ​ដឹង ថា​ជន​ភៀសខ្លួន​ទាំង​នោះ មាន​សញ្ជាតិ​អ្វី​ខ្លះ​ទេ។ ប៉ុន្តែ​បើ​តាម ការ​រាយការណ៍​របស់ ទូរទស្សន៍​អ៊ីតាលី បាន​ឲ្យ​ដឹង​ថា ជន​ភៀសខ្លួន ទាំង​៤៥០​នាក់​នេះ​ សុទ្ធសឹង​តែ​ជា​ជនជាតិ ស៊ីរី​ទាំងអស់។

សូម​ជំរាប ថា ក្នុង​រយៈ​ពេល មិនដល់​បី​ថ្ងៃផង ពួក​ឈ្មួញ​ដឹក​ជញ្ជូន​ជន​ភៀសខ្លួន បាន​ប្រើប្រាស់​​កប៉ាល់​ធំៗ ដល់​ទៅពីរ​គ្រឿង ដឹក​មនុស្ស ជាង​មួយពាន់​នាក់ មក​ចោល​នៅ​ក្នុង​សមុទ្រ មេឌីទែរ៉ាណេ។ កន្លង​មក ពួក​ឈ្មួញ វា​បាន​ប្រើប្រាស់​ទូកតូចៗ រខេក​រខាក ដឹក​មនុស្ស​បាន​ជាង ២០ ទៅ​៣០នាក់​ប៉ុណ្ណោះ។ មាន​ជន​អន្តោប្រវេសន៍​ជាច្រើន បាន​ស្លាប់ ដោយសារ​លិចទូក និង​មាន​ជំងឺ​ក្នុង​ពេល​ធ្វើ​ដំណើរ។

អ្នក​តំណាង អង្គការ​ជន​ភៀសខ្លួន​អន្តរជាតិ បាន​បញ្ជាក់​ថា ឥឡូវ​នេះ​ពួក​ឈ្មួញ បាន​ប្រើប្រាស់​មធ្យោបាយ​ថ្មី ដោយ​ប្រើ​កប៉ាល់​ដឹក​ទំនិញ​ធំៗ​តែម្តង ដើម្បី​ដឹក​មនុស្ស​បានច្រើន ហើយ​ប្រមូល​ប្រាក់​ បាន​យ៉ាង​សន្ធឹក​សន្ធាប់។ លោក​បន្ថែម​ថា មនុស្ស​ម្នាក់​ត្រូវ​បង់ឲ្យ​ពួក​វា ពី ១ពាន់ ទៅ​២ពាន់​ដុល្លារ។ ពួក​វា ប្រើប្រាស់​កប៉ាល់​ចាស់ ដែល​អាច​ឲ្យ​ពួក​វា រត់ចោល​យក​ប្រាស​អាយុ បាន ក្នុង​ករណី មាន​អាសន្ន។ ដូច​ក្នុង​ករណី កប៉ាល់ Ezadeen នេះ​អញ្ចឹង ដែល​ពួក​ឈ្មួញ ​បាន​ទុក​ចោល មនុស្ស​លើ​កប៉ាល់ ដូច​សត្វ​ធាតុ។ មួយ​ជើងៗ ពួក​ឈ្មួញ​ខុស​ច្បាប់ រក​លុយ​បាន​ជាង ១លាន​ដុល្លារ​ឯណោះ។

នៅ​ពី​ក្រោយការ ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ថ្មី​នេះ វា​ក៏​បាន​បង្ហាញ​អំពី ភាព​ខ្វះ​ចន្លោះ និង​អសកម្ម​របស់ នយោបាយ​អន្តោប្រវេសន៍​របស់​សហគមន៍​អឺរ៉ុប។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​មនុស្ស​ភៀសខ្លួន ច្រើន​ជាង​ជំនាន់​សង្គ្រាម​លោក​ លើក​ទីពីរ​ទៅទៀត។ មនុស្ស​ទាំង​នោះ ត្រូវ​រត់​គេច​ពី ការ​កាប់​សំលាប់ និង​សង្គ្រាម​ តួយ៉ាង​ដូច​ជា​ប្រជាជន ស៊ីរី និង​អ៊ីរ៉ាក់ ជាដើម។ កា​របិទ​ព្រំដែន តែ​មួយ​មុខ មិនមែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ។ ជីកស្មៅ​ត្រូវ​ជីក​ទាំង​ឬស។ អឺរ៉ុប​ត្រូវ​ពង្រឹង​កិច្ច​សហការ ដើម្បី​លប់​បំបាត់​ចរាចរណ៍​ខុស​ច្បាប់ លើ​ជន​ភៀសខ្លួន។ ការ​ចូលរួម​កសាង​សន្តិភាព និង​អភិវឌ្ឍន៍ ប្រទេស​ក្រីក្រ ក៏​ជា​ដំណោះស្រាយ​មួយ​ដែរ។ ដ៍រាប​ណា ប្រទេស​ទាំង​នោះ នៅ​តែ​មាន​សង្គ្រាម នៅ​តែ​ក្រីក្រ​តោក​យ៉ាក មនុស្ស​នឹង​នៅ​តែ​បន្ត​រត់​មក​ទ្វីប​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ