អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់ថា នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល យក​ជើង​រា​ទឹក

ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ក្រុង​តេអេរ៉ង់ ​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី លោក ប្រមុខ​ការទូត អ៊ីរ៉ង់ បាន​សម្តែង​ប្រតិកម្ម​រិះគន់ ទៅ​លើ​ទង្វើ​របស់ លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល។ លោក​ថា ការ​ដែល លោក​នេតាន់យ៉ាហ៊ូ ទៅ​អំពាវនាវ​រារាំង​កុំឲ្យ​មាន​កិច្ច​ព្រមព្រៀង​ លើ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ចំពោះ​មុខ​សភា​អាមេរិក វា​នឹង​បំផ្លាញ​កិច្ច​ខំ​ប្រឹងប្រែង​ របស់​ភាគី​ទាំង​អស់ អស់​រយៈ​ពេល ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

លោក John Kerry ប្រមុខ​ការទូត​អាមេរិក ចាប់​ដៃ​ជា​មួយ​​លោក  Mohammad Javad Zarif
លោក John Kerry ប្រមុខ​ការទូត​អាមេរិក ចាប់​ដៃ​ជា​មួយ​​លោក Mohammad Javad Zarif REUTERS/Ronald Zak/Pool
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​លើ​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​រវាង​ប្រទេស ៥+១ ​មាន ​អាមេរិក ​បារាំង ​អាល្លឺម៉ង់ ​អង់គ្លេស ​ចិន ​រុស្ស៊ី ​និង ​អ៊ីរ៉ង់​ផ្ទាល់ ហាក់​បាន​ឈាន​ទៅមុខ ​គួរ​ជា​ទី​សង្ឃឹម។ ការ​ចរចារ​ដែល​ប្រព្រឹត្ត​ទៅ នៅ​ទីក្រុង​ហ្សឺណែវ​ កាល​ពី​សប្តាហ៍​មុន ​បាន​សង្កត់​ធ្ងន់​ ទៅ​លើ​បញ្ហា​បច្ចេកទេស ​ហើយ​ដែល​ត្រូវ​គេ​សង្កេត​ឃើញ​ថា ​ភាគី ​អាមេរិក ​និងអ៊ីរ៉ង់​ហាក់​ដូច​ជា​និយាយ​ត្រូវគ្នា​ច្រើន។

 
ដោយ​ឡែក ​លោក​នេតាន់យ៉ាហ៊ូ Netanyahu នាយក​រដ្ឋមន្រ្តី ​អ៊ីស្រាអែល ​បាន​ថ្លែង​ថា លោក​នឹង​ធ្វើ​ដំណើរ ទៅ​ក្រុង​វ៉ាស៊ីនតោន ​ដើម្បី​ធ្វើ​សេចក្តី ​ថ្លែងការណ៏​នៅ​ចំពោះ​សភា​អាមេរិក ​ទាក់ទិន​ទៅនឹង​ការ​ព្រមព្រៀង​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ លោក ​នេតាន់យ៉ាហ៊ូ ​យល់​ថា កិច្ច​ព្រមព្រៀង​ដែល​កំពុងតែ​ចរចា​នេះ ​វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ ដល់​សន្តិសុខ​ជាតិ​របស់​អ៊ីស្រាអែល។ ដូច្នេះ​ ​វាជា ​កាតព្វកិច្ច​របស់​លោក ​ដែល​ត្រូវ​ធ្វើ​យ៉ាងណា ​ការពារ​ផល​ប្រយោជន៍​ជាតិ​អ៊ីស្រាអែល។ លោក​បន្ថែម​ថា ប្រទេស​មហា​អំណាច​ទាំង ៦​កំពុង​តែ ​និយាយ​ត្រូវរូវ​គ្នា​ជាមួយ​អ៊ីរ៉ង់ បន្តែ​សម្រាប់​លោក លោក មិន​គាំទ្រ​អ្វី​ដែល​គេ​កំពុង​ចរចា​នោះ​ទេ។ លោក​ថា​ លោក​នឹង​អំពាវនាវ ​ឲ្យ​សមាជិក​សភា​អាមេរិក ​កុំអាល​ឆាប់​ចាញ់​ល្បិច​របស់​អ៊ីរ៉ង់ ​ហើយ​ត្រូវ​បន្ថែម​ទណ្ឌកម្ម​ថ្មី​ទៀត​ លើ​អ៊ីរ៉ង់​ដើម្បី​ឲ្យ​អ៊ីរ៉ង់​ បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត ​បន្ទាប់​ពី​បាន​សំណេះ​សំណាល​ ជាមួយ​លោក រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីតាលី ​លោក Javad Zarif រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ​បាន​ចេញ​ប្រតិកម្ម​ភ្លាមៗ ​ដោយ​បាន​ចោទ​ថា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​បាន​យក​ជើងរាទឹក ​បង្អាក់​ដំណើរ​ការ​ចរចា ​ដែល​កំពុង​តែ​ទៅមុខ​យ៉ាង​ល្អ។ លោក ថា ​វា​ជា​រឿង​គួរឲ្យ​សោក​ស្តាយ​ណាស់​ ដែល​មនុស្ស​មួយ​ចំនួន​ គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ចង់​សុខ​ចង់​ស្រួល​តែ​ម្នាក់​ឯង ​មិន​បាន​គិត​ពី​ការ​លំបាក​របស់​អ្នក​ដ៏​ទៃ។

យ៉ាងណាមិញ ​លោក​រដ្ឋមន្រ្តី​ការបរទេស​អ៊ីតាលី ​Paolo Gentiloni បាន​មាន​ប្រសាសន៍​ថា ​អ៊ីរ៉ង់​មាន​ទួនាទី​សំខាន់​ណាស់ ក្នុង​ការ​រក្សា​ស្ថេរភាព​ក្នុង​តំបន់​មជ្ឈឹមបូព៌ា​ទាំងមូល ជា​ពិសេស​ទាក់ទិន​ទៅនឹង ​ការ​បោស​សម្អាត​ ក្រុម​ជីហាត​អ៊ីស្លាម​និយម​ ដែល​កំពុង​តែ ធ្វើផ្គរ​ធ្វើភ្លៀង​នៅ​តំបន់​នេះ។ ប្រទេស​មហា​អំណាច​ត្រូវ​តែ ​ពួត​ដៃ​គ្នា​ជា​មួយអ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ