អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់៖សភា​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តើម​អនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ បើ​អាមេរិក​ដាក់​ទ័ណ្ឌកម្ម​ថ្មី

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ សភា​បាន​យល់​ព្រម​ក្នុង​សម្លេង​ភាគច្រើន​នៅ​ថ្ងៃ​អង្គារ ទី៣ កុម្ភៈ​ឲ្យ​ធ្វើ​ការ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​មួយ​ពាក់ព័ន្ធ​នឹង​រឿង​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស។ សេចក្តី ព្រាងច្បាប់​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ថា បើ​មាន​ទ័ណ្ឌកម្ម​ថ្មី​ជា​យថាហេតុ​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​អាមេរិក​ក្នុង​រឿង​នុយក្លេអ៊ែរ រដ្ឋាភិបាល​ចំា​ចាប់​ត្រូវ​តែ​ឆ្លើយ​វាយបក​វិញ​តាម​រយៈ​ការ​ផ្តើម​អនុវត្តន៍​នូវ​រាល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប្រតិកម្ម​របស់​សភា​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ និង​ភាគី​អ៊ីរ៉ង់​កំពុង​បន្ត​ស្វែង​រក​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ។

លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Javad Zarif
លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Javad Zarif REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​សម្លេង​គំាទ្រ ២២០នាក់​ក្នុង​ចំណោម​អ្នកតំណាងរាស្រ្ត​សរុប​ទំាង ២៩០នាក់​នៅ​ក្នុង​សភា​អ៊ីរ៉ង់ សេចក្តីព្រាងច្បាប់​នោះ​បាន​ចែង​ច្បាស់ៗ​ថា ក្នុង​ករណី​ដែល​សភាពេញអង្គ រដ្ឋាភិបាល ឬ​មួយ​ក៏​ក្រសួង​យុត្តិធម៌​នៅ​សហរដ្ឋអាមេរិក​អនុម័ត​ទ័ណ្ឌកម្ម​ថ្មី​ដាក់​លើ​អ៊ីរ៉ង់​ក្នុង​រឿង​នុយក្លេអ៊ែរ នោះ​រដ្ឋាភិបាល​អ៊ីរ៉ង់​ចំា​បាច់​ត្រូវ​តែ​ឆ្លើយ​តប​វិញ​ជា​បន្ទាន់ ដោយ​លប់​ចោល​កិច្ចព្រមព្រៀងបឋម​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​បស្ចិមលោក​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស រួច​ចាប់​ផ្តើម​អនុវត្តន៍​ឡើង​វិញ​នូវ​រាល់​កម្មវិធី​នុយក្លេអ៊ែរ​ដែល​ជា​សិទ្ធិ​របស់​ប្រទេស​អ៊ីរ៉ង់។ គួរ​រម្លឹក​ជូន​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៣ អ៊ីរ៉ង់ និង​៥ភាគីបូក១ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​មួយ​ដោយ​អ៊ីរ៉ង់​យល់ព្រម​ផ្អាក​កម្មវិធី​នុយ្លេអ៊ែរ​មួយ​ចំនួន​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ដែល​បស្ចិមលោក​យល់ព្រម​ដក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ខ្លះៗ​ពី​អ៊ីរ៉ង់។

គេ​នៅ​មិន​ដឹង​ថា តើ​សេចក្តីព្រាងច្បាប់​ស្នើ​ឡើង​ដោយ​ក្រុមអ្នកតំណាងរាស្រ្ត​អ៊ីរ៉ង់​នឹង​ត្រូវ​ដាក់​ឲ្យ​សភា​អនុម័ត​នៅ​ពេល​ណា​ទេ។ អ្វី​ដែល​គេ​ដឹង ល្គឹក​ណា​អ៊ីរ៉ង់​ទទួល​ទ័ណ្ឌកម្ម​ថ្មី​ពី​អាមេរិក នោះ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​ត្រូវ​តែ​ផ្តើម​ធ្វើ​សកម្មភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ដោយ​គ្មាន​ការ​កម្រិត​បរិមាណ ពោល​មិន​ត្រូវ​គោរព​តាម​ការ​កំណត់​របស់​បស្ចិមលោក​ទេ។ ទន្ទឹម​គ្នា​នេះ អ៊ីរ៉ង់​ក៏​ត្រូវ​ផលិត​បន្ថែម​នូវ​គ្រឿងបញ្ឆេះ​ចំា​បាច់​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​អនាគត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ចំនួន​ទៀត។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ទេ ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ម៉ាស៊ីនប្រតិកម្ម​ទឹកធ្ងន់​នៅ​មជ្ឈមណ្ឌល​អារ៉ាក​ដែល​អាច​ផ្តល់​ចេញ​នូវ​សារធាតុ​ភ្លុយតូញ៉ូម។

ប្រតិកម្ម​របស់​សភា​អ៊ីរ៉ង់​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​គណៈកម្មការ​ធនាគារ​នៃ​ព្រឹទ្ធសភា​អាមេរិកំាង​ដែល​បាន​សម្រេច​ឲ្យ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ក្នុង​ករណី​ដែល​កិច្ចចរចា​នា​ពេល​ខាង​មុខ​ជាប់​គំាង។ សូម​ជម្រាប​ជូន​ថា អ៊ីរ៉ង់ និង ៥ភាគីបូក១ ត្រៀម​បញ្ចប់​ភាព​ចម្រូងចម្រាស​គ្នា​តាម​រយៈ​ការ​អនុម័ត​ចេញ​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ឲ្យ​បាន​មុន​ថ្ងៃទី១ កក្កដា​ខាង​មុខ។ បស្ចិមលោក​ចង់​កម្រិត​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដើម្បី​រារំាង​អ៊ីរ៉ង់​កុំ​ឲ្យ​យក​ទៅ​ផលិត​គ្រាប់បែក​បរមាណូ។ តែ​អ៊ីរ៉ង់​បន្ត​ធានា​ថា កម្មវិធី​នុយក្លេអ៊ែរ​ខ្លួន​មាន​លក្ខណៈ​ស៊ីវិល និង​ថា ខ្លួន​ក៏​មាន​សិទ្ធិបំពាក់​នុយក្លេអ៊ែរ​ស៊ីវិល​ដូច​ប្រទេស​ដទៃ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ