អានតួអត្ថបទ
ឆេឆេនី

បាតុកម្ម​ការពារ​សាសនា​អ៊ីស្លាម បាន​ប្រព្រឹត្ត​ទៅ នៅ​ឆេឆេនី

នៅក្រុង Grosny រដ្ឋធានី​​នៃ​សាធារណរដ្ឋ​ឆេឆេនី ចំណុះ​សហព័ន្ធ​រុស្ស៊ី ស្ថិតនៅ​តំបន់ ភ្នំ​កូកាស ថ្ងៃ១៩ មករា មាន​ប្រព្រឹត្ត​​ទៅ​បាតុកម្ម​យ៉ាង​គគ្រឹក​គគ្រេង ប្រឆាំង​នឹង​ការចុះផ្សាយ ដោយ​ទស្សនាវដ្តី​បារាំង Charlie Hebdo រូបត្លុក​ដែល​ប្រមាថ​លើ ព្យាការីម៉ូហាម៉េត ជា​ទី​សក្ការៈ គោរព និង ស្រឡាញ់ ឥតឧបមា របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​លើ​ពិភពលោក។ តាម​មតិ​ពួកគេ សេរីភាព​សារព័ត៌មាន ត្រូវតែ​ស្គាល់​ព្រំដែន​របស់ខ្លួន។ 

បាតុកម្ម​ប្រឆាំង​ការចុះផ្សាយ​របស់​ទស្សនាវដ្តីបារាំង Charlie hebdoនៅ​ឆេឆេនី កាលពីថ្ងៃ​ចន្ទ ទី ១៩ មករា
បាតុកម្ម​ប្រឆាំង​ការចុះផ្សាយ​របស់​ទស្សនាវដ្តីបារាំង Charlie hebdoនៅ​ឆេឆេនី កាលពីថ្ងៃ​ចន្ទ ទី ១៩ មករា Reuters/Eduard Korniyenko
ផ្សាយពាណិជ្ជកម្ម

 

បាតុកម្ម នេះ បាន ប្រព្រឹត្ត ទៅ នៅលើ ទីលាន កណ្តាលក្រុង Grosny ធំ ល្ហល្ហេវ ដោយ មាន ការចូលរួម តាម តួលេខ ក្រសួង​មហាផ្ទៃ ឆេឆេនី​ផ្ទាល់ គឺ​មាន​មនុស្ស​ដល់​ទៅ​ជាង ១​លាន​នាក់។ ប៉ុន្តែ តាមតួលេខ​របស់​ក្រសួង​មហាផ្ទៃ​របស់រុស្ស៊ី មាន​ប្រជាជន​៨សែននាក់ បាន​ចូលរួម​នៅក្នុង​បាតុកម្ម កាលពីថ្ងៃ​ចន្ទ នៅក្នុង​ទីក្រុង Grosny ​ជាទីដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ជាង​២សែននាក់​ប៉ុណ្ណោះ។

ក្រៅពី​អ្នកក្រុង Grosny ផ្ទាល់ បាន​ចូលរួម​ក្នុងមិទ្ទិញ​កណ្តាលក្រុងនោះ ក៏​ទាំង​អ្នកស្រុក ដឹកតាម ឡានក្រុង​ ពី​ទីក្រុង និងភូមិ​ឃុំ ឯទៀត​នៃ​ទឹកដី​ឆេឆេនី។ មិនតែប៉ុណ្ណោះ បាន​ទៅកាន់​រដ្ឋធានី ឆេឆេនី ក៏ទាំង​គណៈប្រតិភូ តំណាង​ឲ្យ​សាធារណរដ្ឋ​ឯទៀត នៅ​តំបន់​ភ្នំកូកាស ចំណុះ​សហព័ន្ធ​រុស្ស៊ី ដែល​កាន់​សាសនា​អ៊ីស្លាម​ដែរ។

គួរនិយាយ​ថា ពីក្នុង​ចំណោម​បណ្តាជន ១៤២ លាននាក់​នៃ​សហព័ន្ធរុស្ស៊ី គឺមាន ២០លាន​នាក់ អ្នក​ដែល​កាន់​សាសនា​អ៊ីស្លាម។

មិទ្ទិញនោះ បាន​ប្រព្រឹត្ត​ទៅក្រោម បាវចនា​ថា “ យើង​ស្រឡាញ់ ព្យាការី​ម៉ូហាម៉េត អ្នកនាំសារ របស់​ព្រះអាឡាហ៏”។ បណ្តា​វាគ្មិន ដែលឡើង​ថ្លែង​ជា​បន្តបន្ទាប់ នាំគ្នា​ចោទ​បស្ចិមលោក ថា វាយប្រហារ​លើ​សាសនា​អ៊ីស្លាម។ ពួកបាតុករ ជ្រោង​លើកឡើង​នូវ​ពាក្យស្លោក​បែបយ៉ាង ៖
- ដកដៃ​ចេញទៅ ពី​ព្យាការី​ម៉ូហាម៉េត ជា​ទីគោរព និងស្រឡាញ់​ឥតឧបមា​របស់យើង !
- ព្យាការី​ម៉ូហាម៉េត ជា​មនុស្ស​ដ៏ល្អ​ប្រសើរ​បំផុត ពីក្នុង​ចំណោម​មនុស្ស​ទាំងអស់​លើផែនដី !

ប្រមុខ​សាធារណរដ្ឋ​ឆេឆេនី លោក Ramzan Kadyrov ដែល​ភក្តីស្មោះស្ម័គ្រ​បំផុត​នឹង​លោកពូទីន បានថ្លែងពី​លើ​វេទិកា​មិទ្ទិញថា ៖ ពួក​អ្នកកាន់​សាសនា​អ៊ីស្លាម នៅរុស្ស៊ី មិន​បណ្តោយ​ឲ្យនរណា ប្រើ រូបគេ ដើម្បី​បង្ក អស្ថិរភាព ក្នុង​ប្រទេស​រុស្ស៊ី​ឡើយ។ យើងបន្ត​ស្ថិតនៅ​ជា អ្នក​ការពារ​ដ៏ កក់ក្តៅ របស់​សហព័ន្ធ​រុស្ស៊ី។ យើង​មាន​សមត្ថភាព​វាយបក​យ៉ាង​ស័ក្តិសម ទល់​នឹង​ខ្មាំងណា ក៏​ដោយ របស់ មាតុភូមិ​យើង។

អង្គ​មិទ្ទិញ ដោយ​គាំទ្រ​ដល់ បទអ​ន្តរាគមន៍​ប្រមុខសាធារណរដ្ឋ​ខ្លួន បាន​ទះដៃ និងស្រែក​បន្លឺ ឡើង នូវសំនៀង Allah Akhbar ឬ ព្រះអាឡាហ៏​ដ៏មហិមា។

លោក Kadyrov ចាត់ទុក​ជា សត្រូវ​របស់គាត់​ផ្ទាល់ រាល់​នរណា ដែល​គាំទ្រ​សិទ្ធិ ទស្សនាវដ្តី បារាំង Charlie Hebdo ចុះផ្សាយរូបត្លុក​ប្រមាថ​លើ​មនោសញ្ចេតនា​អ្នកកាន់​សាសនា​អ៊ីស្លាម  ដែលមាន​ចំនួន​ដល់ទៅ ១.៥០០លាននាក់ លើពិភពលោក៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ