អានតួអត្ថបទ
នីហ្សេ-បារាំង

បាតុកម្ម​ប្រឆាំង​ Charlie Hebdo កាន់តែ​រីករាលដាល នៅប្រទេស​អ៊ីស្លាម

បីថ្ងៃ​ក្រោយ​ចេញ​ផ្សាយ​ជា​ថ្មី ទស្សនាវដ្តី​ Charlie Hebdo បាតុកម្ម​ប្រឆាំង​ទស្សនាវដ្តី​បារាំង​បាន​កើតមាន​ជាបន្តបន្ទាប់ នៅ​ប្រទេស​កាន់សាសនា​អ៊ីស្លាម ចាប់ផ្តើម​ដំបូង​ពី​ប៉ាគីស្ថាន រហូត​ដល់​នីហ្សេ។ ទំព័រ​មុខ​ដែល​មាន​រូបព្យាការី មូហាម៉េដ ឈរ​សម្រក់​ទឹកភ្នែក និង​មាន​កាន់​ក្រដាស​សរសេរ​ថា "ខ្ញុំ​ជា​Charlie" បាន​បង្ក​ឲ្យ​មាន​កំហឹង​ពុះកញ្ជ្រោល នៅ​ក្នុង​ចំណោម​បាតុករ​កាន់សាសនា​អ៊ីស្លាម។ កាលពីថ្ងៃ​សៅរ៍ ថ្ងៃ​ទីពីរ​នៃ​បាតុកម្ម​ហិង្សា វិហារ​គ្រឹស្តសាសនា​បីកន្លែង​ត្រូវ​បាតុករ​ដុតបំផ្លាញ។ ឈាង បុប្ផារាយការណ៍​ព័ត៌មាននេះ។ 

នៅក្នុង​បាតុកម្ម​ប្រឆាំង​Charlie hebdo និស្សិត​សូម៉ាលី កាន់​ក្រដាស​សរសេរ​ថា ខ្ញុំ​ជាអ្នកកាន់​សាសនា​អ៊ីស្លាម និង​ខ្ញុំ​ស្រលាញ់​ព្យាការី​
នៅក្នុង​បាតុកម្ម​ប្រឆាំង​Charlie hebdo និស្សិត​សូម៉ាលី កាន់​ក្រដាស​សរសេរ​ថា ខ្ញុំ​ជាអ្នកកាន់​សាសនា​អ៊ីស្លាម និង​ខ្ញុំ​ស្រលាញ់​ព្យាការី​ ©REUTERS/Feisal Omar
ផ្សាយពាណិជ្ជកម្ម

អស់​ពី​បាតុកម្ម​គាំទ្រ សឹង​ជា​សកល កាលពី​សប្តាហ៍មុន ទស្សនាវដ្តី​បារាំង Charlie Hebdo នៅ​ចុងសប្តាហ៍នេះ បាន​ទាក់ទាញ​បាតុកម្ម​ប្រឆាំង និង​រលក​រិះគន់ មិនថា ពី​សំណាក់​រដ្ឋាភិបាល ឬ​ក្រុមអ្នកកាន់​សាសនា​អ៊ីស្លាម នៅ​អេហ្ស៊ីប សេណេហ្កាល់ ទុយនីស៊ី ម៉ារ៉ុក។ អាល់ហ្សេរី ដែល​ជា​ប្រទេស​និយាយ​ភាសា​បារាំង បាន​ហាមឃាត់​មិន​ឲ្យ​មាន​ចរាចរណ៍​លក់​ ទស្សនាវដ្តី Charlie Hebdo ដែល​នៅ​លើ​ទំព័រ​មុខ គេ​ឃើញ មាន​រូប​មូហាម៉េដ ឈរ​សម្រក់​ទឹកភ្នែក។

 
នៅ​ប៉ាគីស្ថាន បន្ទាប់​ពី​ចប់ពិធី​សូត្រធម៌ កាលពីថ្ងៃ​សុក្រ បាតុកម្ម​ហិង្សា​ប្រឆាំង Charlie Hebdo បាន​បណ្តាល​ឲ្យ​អ្នកថតរូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ម្នាក់​រងរបួសធ្ងន់។ បាតុកម្ម​ហិង្សា​ដូចគ្នា​នេះ បាន​ផ្ទុះឡើង​នៅ​ប្រទេស​នីហ្សេ។ ការប្រឈម​មុខរវាង​បាតុករ និង​ប៉ូលិស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ ក្នុង​នោះ​ម្នាក់​ជា​ប៉ូលិស​នីហ្សេ និង​របួស ៤៥​នាក់។
 

បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ទំព័រមុខ​របស់​Charlie Hebdo បានសម្លាប់​មនុស្ស​៤​នាក់ និង​របួស ៤៥​នាក់ កាលពីថ្ងៃ​សុក្រ​ទី ១៦ មករា នៅ​ប្រទេស​នីហ្សេ
បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ទំព័រមុខ​របស់​Charlie Hebdo បានសម្លាប់​មនុស្ស​៤​នាក់ និង​របួស ៤៥​នាក់ កាលពីថ្ងៃ​សុក្រ​ទី ១៦ មករា នៅ​ប្រទេស​នីហ្សេ AFP PHOTO / BOUREIMA HAMA

បាតុកម្ម​ហិង្សា​បាន​កើតជាថ្មី នៅ​ថ្ងៃ​សៅរ៍ ​ នៅ​រដ្ឋធានី​របស់​នីហ្សេ ដោយ​បាតុករ ដែល​មាន​កាន់​កាំបិត ពូថៅ ព្រួញ បាន​ចូល​ដុតបំផ្លាញ​វិហារ​គ្រឹស្តសាសនា​ចំនួន​៣ បន្ទាប់ពី​បាន​ដុតឆេះ វិទ្យាស្ថាន​ភាសា​បារាំង និង​ក្រុមហ៊ុន​ដែល​ជា​ប្រយោជន៍​របស់​បារាំង កាលពីថ្ងៃ​សុក្រ។ ស្ថានទូត​បារាំង នៅថ្ងៃ​សៅរ៍​បាន​ណែនាំ​ឲ្យ​ប្រជាជន​របស់ខ្លួន នៅ​ប្រទេស​នីហ្សេ ប្រយ័ត្នប្រយែង ស្ថិតនៅក្នុង​ផ្ទះ។

នៅក្នុង​ប្រតិកម្ម​របស់លោក ទៅ​នឹង​បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ Charlie Hebdo លោក​ប្រធានាធិបតី​បារាំង François Hollande បាន​បញ្ជាក់ជាថ្មី បារាំង​នៅ​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។

ទំព័រ​មុខ​របស់​ Charlie Hebdo ដ៏​ចម្រូងចម្រាស​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ផងដែរ ពី​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន។ Ashraf Ghani ដែល​បាន​ចូលរួម​ផ្ទាល់​ថ្កោលទោស​អំពើភេរវកម្ម​ប្រឆាំង​នឹង​ Charlie Hebdo បាន​វាយតម្លៃថា ទំព័រ​មុខ​របស់​ Charlie Hebdo ដែល​មាន​រូបមូហាម៉េដ ស្រក់ទឹកភ្នែក និង​កាន់ក្រដាស​សរសេរ​ថា ខ្ញុំ​ជា​ឆាលី នោះ គឺ​ជា​ការជេរ​ប្រមាថ​​ដល់​សាសនា​ដទៃ និង​គ្មាន​ការទទួល​ខុសត្រូវ។ សម្រាប់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន សេរីភាព​បញ្ចេញ​មតិ គួរត្រូវ​ប្រើ​ក្នុង​ន័យ​ស្ថាបនា គឺ​ដើម្បី​ជំរុញ​ការរស់នៅ រួម​គ្នា ដោយ​សន្តិភាព រវាង​អ្នកកាន់​សាសនា​ផ្សេងគ្នា។

តាំងពីថ្ងៃ​សុក្រ បាតុកម្ម​ប្រឆាំង​ Charlie Hebdo ដែលមាន​មនុស្ស​ចូលរួម ពី​១ពាន់ ទៅ ៣ពាន់​នាក់ ត្រូវ​គេ​សង្កេត​ឃើញ​មាន​ផងដែរ ទាំង​ហិង្សា និង​សន្តិភាព នៅ​មុខ​ស្ថានទូត​បារាំង នៅ​ក្នុង​ប្រទេស​ហ្សកដានី អាល់ហ្សេរី ម៉ាលី និង​កាតារ។ ភាគច្រើន បាតុករ​ដុត​ទង់ជាតិ​បារាំង ដើម្បី​ប្រឆាំង​នឹង​ Charlie Hebdo ចំណែក​នៅ​ស៊ូដង់​ខាងជើង បាតុករ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បណ្តេញ​មន្រ្តីទូត​បារាំង​ចេញ​ពីស៊ូដង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ