អានតួអត្ថបទ
អាល្លឺម៉ង់-អេស្ប៉ាញ

ជិតពាក់កណ្តាល​នៃ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ជា​ជនជាតិ​អាល្លឺម៉ង់

យន្តហោះ​ធុន Airbus A ៣២០​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ ឈ្មោះ Germanwing ដែល​ដឹក​មនុស្ស​១៥០នាក់ ចេញ​ពី​ទីក្រុង​ប៉ាសឺឡូន​របស់​អេស្ប៉ាញ ទៅកាន់​ទីក្រុង ឌុយសេលដូហ្វ របស់​ប្រទេស​អាល្លឺម៉ង់ បាន​ធ្លាក់ កាលពី​ព្រឹកថ្ងៃ​អង្គារ​ទី ២៤​មីនា នៅ​ភាគខាងត្បូង​ប្រទេស​បារាំង។ តាម​លោក​ប្រធានាធិបតី​បារាំង ហ្វ្រងស័រ ហូឡង់ គ្មាន​សញ្ញា​រួចរស់​ជីវិត​ណាមួយ របស់​អ្នកដំណើរ ឬ​បុគ្គលិក​របស់​យន្តហោះទេ។ នៅ​ប៉ុន្មាន​នាទី​ក្រោយ​ដំណឹង​ដ៏​គួរ​ឲ្យ​រន្ធត់ ប្រធានាធិបតី​បារាំង បាន​សន្ទនា​តាមទូរស័ព្ទ ជាមួយ​ប្រមុខដឹកនាំ​អាល្លឺម៉ង់ និង​អេស៉្បាញ ចំណែក​បន្ទប់​ដោះស្រាយ​វិបត្តិ​សម្រាប់​គ្រួសារ​ជនរងគ្រោះ​ត្រូវ​បាន​បង្កើត​ភ្លាមៗ​ដែរ នៅ​ក្នុង​ប្រទេស​បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ។  

ឧទ្ធម្គាគចក្រ​ដែល​គេ​ប្រើ​សម្រាប់​ទៅ​ស្វែងរក​កន្លែង​យន្តហោះ​អាល្លឺម៉ង់ ធ្លាក់​កាលពីថ្ងៃ​អង្ការ​ទី ២៤ មីនា នៅ​តំបន់​ភ្នំ Les Alpesក្នុង​ប្រទេស​បារាំង
ឧទ្ធម្គាគចក្រ​ដែល​គេ​ប្រើ​សម្រាប់​ទៅ​ស្វែងរក​កន្លែង​យន្តហោះ​អាល្លឺម៉ង់ ធ្លាក់​កាលពីថ្ងៃ​អង្ការ​ទី ២៤ មីនា នៅ​តំបន់​ភ្នំ Les Alpesក្នុង​ប្រទេស​បារាំង REUTERS/Jean-Paul Pelissier
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត ល្ងាច​ថ្ងៃ​អង្គារ ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwing​បាន​និយាយ​ថា នៅក្នុង​ចំណោម​មនុស្ស​ជិះ​លើ​យន្តហោះ​ទាំង ១៥០​នាក់ មាន​៦៧​នាក់ ជាជនជាតិ​អាល្លឺម៉ង់ ហើយ​ក្នុង​នោះ ១៦​នាក់ ជាសិស្ស​សាលា​អាល្លឺម៉ង់ ដែល​ទើប​បញ្ចប់​កម្មសិក្សា​នៅ​អេស្ប៉ាញ។ តាម​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ អាល្លឺម៉ង់ ក្នុង​ចំណោម​អ្នកដំណើរ​ក៏​មាន​ផងដែរ កូនង៉ែត​ពីរនាក់។ នៅថ្ងៃ​អង្គារ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី អង់ហ្គែឡា ម៉ែរគែល បាន​សំដែង ការកាន់ទុក្ខ ជូនជនរងគ្រោះ និង​សន្យា​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​កើតហេតុ នៅថ្ងៃពុធនេះ។

 
យន្តហោះ​ធុន Airbus A ៣២០ ដែល​ដឹកអ្នកដំណើរ ១៤៤​នាក់ និង​៦នាក់​ទៀត ជា​បុគ្គលិក និង​អ្នកបើក​យន្តហោះ បាន​ហោះ​ចេញ​ពី​ទីក្រុង​បាសឺឡូន​របស់​អេស្ប៉ាញ នៅ​ព្រឹក​ម៉ោង ១០ និង​ហោះកាត់ ទឹកដី​បារាំង មុន​នឹង​បាត់​ពី​រ៉ាដា របស់​ក្រុមត្រួត​ពិនិត្យ​បារាំង នៅ​មួយ​ម៉ោង​ក្រោយ។ តាម​ប្រភព​ពី​អាជ្ញាធរ​អេស្ប៉ាញ ជនជាតិ​អេស្ប៉ាញ ប្រមាណ ៤៤​នាក់ មាន​វត្តមាន​នៅក្នុង​យន្តហោះ​ដែល​ធ្លាក់​កាលពីថ្ងៃ​អង្គារ។ សោកនាដកម្ម​បាន​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​អេស្ប៉ាញ ហ្វេលីព ទី ៦ ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ទីក្រុង​ប៉ារីស បញ្ឈប់​ជា​បន្ទាន់ ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះអង្គ​ដែល​ទើប​ចាប់ផ្តើម​បាន​ប៉ុន្មានម៉ោង នៅថ្ងៃអង្គារ។

ទោះ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ទស្សនកិច្ច របស់​ព្រះអង្គ នៅ​ប្រទេស​បារាំង ព្រះមហាក្សត្រ​អេស្ប៉ាញ​នៅ​បន្ត​ស្ថិតនៅ​ប្រទេស​បារំាង ដើម្បី ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​បន្ទាន់​រៀបចំ​ដោយ ​រដ្ឋាភិបាល​បារំាង នៅ​ល្ងាច​ថ្ងៃ​អង្គារ។

រហូត​មកដល់​ល្ងាច​ថ្ងៃ​អង្គារ គេ​នៅ​មិនទាន់​បាន​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។ បញ្ហា​អាកាសធាតុ អាក្រក់ មិន​ត្រូវ​គេ​រាប់បញ្ចូល ព្រោះ​បើ​តាម​ឧតុនិយម​បារាំង ផ្ទៃមេឃ​ស្រឡះល្អ ខ្យល់ ក៏​មិន​បក់បោក​ខ្លាំង នៅ​ខណៈ​ដែល​យន្តហោះ​ Airbus A ៣២០ ហោះ​កាត់​ប្រទេស​បារាំង។ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ដដែល ក្រុមជួយសង្រ្គោះ​បារាំង ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ ប៉ុន្តែ តាម​ប៉ូលិស​បារាំង គេ​ត្រូវការ​ពេលវេលា​យូរថ្ងៃ ដើម្បី​អាច​ចូល​ទៅ​យក​សាកសព និង​ស៊ើបអង្កេត ស៊ីជម្រៅ ព្រោះថា កន្លែង​ដែល​យន្តហោះ​ធ្លាក់ ស្ថិតនៅ​ភ្នំ ក្នុង​រយៈ​កំពស់​ជាង ១៥០០​ម៉ែត្រ។ មក​ដល់​ពេលនេះ តាមរយៈ ឧទ្ធម្ភាគចក្រ​ប៉ុន្មាន​គ្រឿង ដែល​អាច​ហោះ​ចូល​ទៅកាន់​កន្លែងកើតហេតុ គេ​បាន​ឃើញ​ត្រឹម​បំណែក​របស់​យន្តហោះ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ