អានតួអត្ថបទ
បេឡារុស

តើ​អាច​មាន​ឬ​ទេ បទ​ឈាប់បាញ់​រវាង​ទ័ពរដ្ឋាភិបាល​អ៊ុយក្រែន និង​ពួកឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី?

នៅ​ថ្ងៃ​សៅរិ៍ ទី៣១ មករា​នេះ កិច្ចចរចា​ដើម្បី​ស្វែង​រក​បទឈប់បាញ់​ជា​ស្ថាពរ​រវាង​ទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន និង​ពួកឧទ្ទាម​ទាមទារ​ផ្តាច់​ទឹកដី​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស។ ភាគី​ចូល​រួម​នៅ​ក្នុង​កិច្ចចរចា​នោះ​មាន អ៊ុយក្រែន រុស្ស៊ី ពួក​ឧទ្ទាម និង​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​សហភាព​អឺរ៉ុប​ហៅកាត់​ថា OSCE។ ទីក្រុង​គៀវ និង OSCE សង្ឃឹម​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​បទឈប់​បាញ់​ដោយ​បង្ខំ​មួយ​រវាង​ភាគី​ជម្លោះ។ តែ​ពួក​ឧទ្ទាម​បាន​ព្រមាន​ជា​មុន​ថា ក្នុង​ករណី​បរាជ័យ​នៅ​ក្នុង​កិច្ច​ចរចា​ថ្ងៃ​នេះ ពួក​គេ​នឹង​បង្កើន​ពង្រីក​ការ​វាយប្រហារ​របស់​ខ្លួន​ឲ្យ​ខ្លំាង​បន្ថែម​ទៀត។

លោក Antonion Misososki ប្រធាន​​ក្រុម​អ្នកសង្កេតការណ៍​របស់​ OSCE (រូបស្តំា)
លោក Antonion Misososki ប្រធាន​​ក្រុម​អ្នកសង្កេតការណ៍​របស់​ OSCE (រូបស្តំា) REUTERS/Vasily Fedonsenko
ផ្សាយពាណិជ្ជកម្ម

គឺ​អង្គការ OSCE ដែល​ជា​អ្នក​មាន​សុទិដ្ឋិនិយម​ច្រើន​ជាង​គេ​ដោយ​បាន​ថ្លែង​ថា ឯកសារ​មួយ​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ​ស្តីពី​បទឈប់បាញ់​ភ្លាមៗ និង​ការ​ដក​អាវុធ​ធន់ធ្ងន់​ចេញ​ពី​ខ្សែបន្ទាត់​ជម្លោះ​អាច​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​សៅរិ៍​នេះ​ក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស។ គឺ​នៅ​ទីកន្លែង​ដដែល​នេះ​ហើយ​ដែល​កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១៤ កន្លង​ទៅ ភាគី​ជម្លោះ​អ៊ុយក្រែន និង​ពួក​ឧទ្ទាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​មួយ​ដើម្បី​សន្តិភាព​នៅ​ប៉ែកខាង​កើត​អ៊ុយក្រែន។ តែ​បញ្ហា​នៅ​ត្រង់​ថា កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​កាល​ណោះ​ត្រូវ​បាន​ភាគី​ហត្ថលេខី​រំលោភបំពាន​ដូច​គ្នា។ ឥឡូវ​នេះ គ្រប់​ភាគី​ពាក់ព័ន្ធ​ដដែល​កំពុង​សង្ឃឹម​ថា នឹង​អាច​មាន​កិច្ចព្រមព្រៀង​លើ​បទឈប់​បាញ់​ថ្មី​មួយ​ទៀត។

ខាង​ភាគី​អ៊ុយក្រែន​ដឹក​នំា​ដោយ​លោក​អតីត​ប្រធានាធិបតី​ឡេអូនីដ គូតឆ្មា រីឯ​នៅ​ខាង​ក្រុម​ឧទ្ទាម​វិញ​ចូល​រួម​ដោយ​អ្នកតំណាង​ពីរ​នាក់​មក​ពី​ខេត្ត​ដូណេត និង​ខេត្ត​លូហ្គង់។ គឺ​ខេត្ត​ទំាង​ពីរ​នេះ​ហើយ​ដែល​ពួក​ឧទ្ទាម​កំពុង​ប្រយុទ្ធ​ទាមទារ​យក​ពី​រដ្ឋអំណាច​អ៊ុយក្រែន និង​ដែល​ដែនដី​មួយ​ភាគ​ធំ​របស់​ខេត្ត​ទំាង​ពីរ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​គៀវ។ គួរ​ជម្រាប​ជូន​ថា តាម​គម្រោង កិច្ចចរចារ​ត្រូវ​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី៣០ មករា​ម្សិលមិញ តែ​ត្រូវ​បាន​អ្នកតំណាង​ឧទ្ទាម​លប់ចោល ព្រម​ទំាង​បាន​គំរាម​បន្ត​ការ​តស៊ូ​ប្រយុទ្ធ​រហូត​រំដោះ​បាន​ខេត្ត​ដូណេត និង​ខេត្ត​លូហ្គង់។ សង្រ្គាម​ពាក្យ​សម្តី​ដែល​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​នៅ​សមរភូមិ​កាន់​តែ​ដុនដាប ដោយ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៤នាក់​ក្នុង​ថ្ងៃ​សុក្រ​ដដែល​នោះ។

យ៉ាង​ណា​ក៏​ដោយ កិច្ចចរចា​ស្វែង​រក​បទឈប់​បាញ់​ជា​ថ្មី​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ទន្ទឹម​គ្នា​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្លូវទូត​របស់​ក្រុម​ប្រទេស​លោកខាងលិច។ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​នឹង​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃទី៥ កុម្ភៈ​ខាង​មុខ មុន​នឹង​បន្ត​ដំណើរ​ទៅ​ចូល​រួម​នៅ​ក្នុង​សន្និសីត​ស្តីពី​សន្តិសុខ​រៀបចំ​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ និង​ដែល​នៅ​ទីនោះ លោក​ឃែរី​គ្រោង​ជួប​ជាមួយ​លោក​ប្រមុខ​ការទូត​រុស្ស៊ី Sergueï Lavrov។ មួយ​វិញ​ទៀត​ក្នុង​សប្តាហ៍​នេះ សហភាពអឺរ៉ុប​ក៏​បន្ត​ដំឡើង​ធ្មុង​ដាក់​រុស្ស៊ី​ដែល​បាន​លូកដៃ​ក្នុង​រឿង​អ៊ុយក្រែន​ដោយ​បាន​ពន្យារ​ទ័ណ្ឌកម្ម​ប្រឆំាង​រុស្ស៊ី​ចំនួន ៦ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ