អានតួអត្ថបទ
បារំាង-ស្វ៊ីស

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន​ពីរថ្ងៃ​ក្នុង​ប្រទេស​ស្វ៊ីស

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា​នេះ​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​ក្នុង​ប្រទេស​ស្វ៊ីស។ បើ​គិត​តំាង​ពី ១៧ឆ្នំា​កន្លង​ទៅ នេះ​ជា​លើក​ទី១ ដែល​មាន​ប្រមុខ​រដ្ឋ​បារំាង​ម្នាក់​បាន​ដាក់​ជើង​ជាន់​ទឹកដី​ស្វ៊ីស​ដែល​ជា​ប្រទេស​ជិតខាង និង​ជា​ប្រទេស​និយាយ​ភាសា​បារំាង។ គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក​ហូឡង់ គឺ​បិទបញ្ចប់​ទំព័រ​តានតឹង​លើ​សំណុំរឿង​មួយ​ចំនួន​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ប៊ែន ពិសេស​ទាក់ទង​នឹង​សំណុំរឿង​​គេច​ពន្ធ។

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន​ពីរថ្ងៃ​ក្នុង​ប្រទេស​ស្វ៊ីស
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន​ពីរថ្ងៃ​ក្នុង​ប្រទេស​ស្វ៊ីស REUTERS/Ruben Sprich
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ជា​ប្រទេស​ជិត​ខាង​បារំាង និង​និយាយ​ភាសា​បារំាង ស្វ៊ីស​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​ពលរដ្ឋ​បារំាង​រស់នៅ​ច្រើន​ជាង​គេ ពោល​មាន​ប្រមាណ​ជា ២០០ ០០០នាក់​នា​ពេល​បច្ចុប្បន្ន។ ក្រៅ​ពី​នោះ ក៏​មាន​ពលរដ្ឋ​បារំាង​ប្រមាណ​ជា ១៥០ ០០០នាក់​បាន​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ស្វ៊ីស​ជា​រៀងរាល់​ថ្ងៃ។ ចំណែក​ប្រទេស​បារំាង គឺ​ជា​ទឹកដី​អាទិភាព​ទី១ សម្រាប់​ក្រុមអ្នកវិនិយោគ​របស់​ជនជាតិ​ស្វ៊ីស។ ជា​លក្ខណៈ​ទូទៅ ទំនាក់ទំនង​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ប៊ែន​មិន​សូវ​ជា​ល្អូកល្អឺន​ប៉ុន្មាន​ទេ។ ពិត​មែន​តែ​បារំាង និង​ស្វ៊ីស​រួម​សហការណ៍​គ្នា​បាន​ល្អ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត និង​វប្បធម៌ តែ​បើ​និយាយ​ពី​កិច្ចសហប្រតិបត្តិការ​នយោបាយ​វិញ គឺ​ល្អក់ កករ​មែនទែន។

សំណុំរឿង​ដែល​បាន​បំពុល​ទំនាក់ទំនង​បារំាង និង​ស្វ៊ីស​ខ្លំាង​ជាង​គេ​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ គឺ​រឿង​គេច​ពន្ធ ពោល​គឺ​ការ​ដែល​ស្វ៊ីស​បាន​អនុវត្ត​នយោបាយ​គ្មាន​តម្លាភាព​នៅ​ក្នុង​វិស័យ​ធនាគារ។ ចូរ​កុំ​ភ្លេច​ថា ស្វ៊ីស​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ឋានសួគ៌​សម្រាប់​អ្នក​ដែល​យក​លុយ​ទៅ​ទុក​ដើម្បី​គេច​ពន្ធ ហើយ​រដ្ឋអំណាច​ស្វ៊ីស​ក៏​មិន​ដែល​បាន​ដេញដោល​សួរ​នំា​ពី​ប្រភព​លុយ​ដែល​ជនបរទេស​យក​ទៅ​តម្កល់​ទុក​ទេ។ តែ​តំាង​ពី ២ឆ្នំា​កន្លង​ទៅ​នេះ ពោល​តំាង​ពី​រដ្ឋអំណាច​ស្វ៊ីស​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​រឿង​គេចពន្ធ​នេះ​មក ទំនាក់ទំនង​រវាង​បារីស និង​ប៊ែន​ហាក់​ដូច​ជា​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។

តាម​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច​បារំាង រដ្ឋអំណាច​ស្វ៊ីស​បាន​យល់​ព្រម​ផ្តល់​ព័ត៌មាន​ជា​ស្វ័យប្រវត្តិ​ឲ្យ​រដ្ឋអំណាច​បារំាង​ចាប់​ពី​ឆ្នំា ២០១៨ ទៅ​ទាក់ទង​នឹង​ពលរដ្ឋ​បារំាង​ណា​ដែល​មាន​គណនីយ​នៅ​ធនាគារ​ស្វ៊ីស និង​ដែល​បារំាង​សង្ស័យ​ពី​រឿង​គេចពន្ធ។ លោក​ប្រមុខ​ការទូត​ស្វ៊ីស​បាន​គូសបញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី១៤ មេសា​ថា បញ្ហា​រវាង​អ្នក​ជិតខាង​ជា​រឿង​ធម្មតា និង​ជា​ជំងឺ​ដែល​គេ​អាច​ព្យាបាល​បាន តែ​គេ​ត្រូវ​ហ៊ាន​និយាយ​ជា​ចំហ និង​ត្រង់​ទៅ ត្រង់​មក។

គួរ​រម្លឹក​ជូន​ថា ប្រទេស​ជិតខាង​បារំាង និង​ស្វ៊ីស​មាន​ព្រំដែន​រួម​គ្នា​ប្រវែង ៥៧០គីឡូម៉ែត្រ តែ​គេ​កម្រ​ឃើញ​ប្រមុខ​រដ្ឋ​បារំាង​ទៅ​ទស្សនកិច្ច​នៅ​ស្វ៊ីស​ណាស់។ ទស្សនកិច្ច​ថ្មី​ជាង​គេ​ចុង​ក្រោយ គឺ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Jacques Chirac ក្នុង​ឆ្នំា ១៩៩៨ លោក​ប្រធានាធិបតី François Mitterrand ក្នុង​ឆ្នំា ១៩៨៣ និង​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Armand Fallières ក្នុង​ឆ្នំា ១៩១០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ