អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

រុស្ស៊ី និង​អ៊ុយក្រែន​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវអាកាស​ទៅវិញ ទៅមក

តាំង​ពី​កណ្តាលអធ្រាត្រ​យប់មិញ​មក លែង​មាន​ទំនាក់ទំនង​ផ្លូវអាកាស​រវាង​អតីត​សាធារណរដ្ឋសូវៀត​ពីរ​នៅ​ជិត​ខាង​គ្នា ពោល​គឺ​អ៊ុយក្រែន និង​រុស្ស៊ី ក្លាយ​ជា រដ្ឋឯករាជ្យ​រៀងៗ ខ្លួន តាំង​ពី​២៤ឆ្នាំ​មុន​មក ប៉ុន្តែ​រស់នៅ ដោយ​អ្នកស្រុក​ជា​ពូជស្លាវ​សាច់ញាតិ​នឹងគ្នា​ច្រើន​សន្ធឹកសន្ធាប់។ ម៉្លោះ​ហើយ​បាន​ជា ការផ្តាច់​នេះ ដែល​ប្រព្រឹត្ត​ទៅ តាម​គំនិត​ផ្តួចផ្តើម​របស់​ក្រុង​គៀវ គឺ នាំ​ឲ្យ​ប៉ះពាល់​ជា​បឋម ដល់​អ្នកដំណើរ​ជាតិ​អ៊ុយក្រែន​តែ​ម្តង ដែល មាន​ចំនួន​ដល់​ទៅ​៣ភាគ៤។

រុស្ស៊ី និង​អ៊ុយក្រែន​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវអាកាស​ទៅវិញ ទៅមក
រុស្ស៊ី និង​អ៊ុយក្រែន​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវអាកាស​ទៅវិញ ទៅមក REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ការ​ផ្តាច់​ផ្លូវអាកាស​នេះ ជា​ដំណាក់​មួយ​ថ្មី នៃ​វិបត្តិ រវាង​ក្រុង​ម៉ូស្គូ និង ក្រុងគៀវ។ ស្របនឹង​តួលេខ​ដែល​មាន ក្នុង​១ខែៗ មាន​អ្នកស្រុក​រុស្ស៊ី​និង​អ៊ុយក្រែន រាប់ម៉ឺននាក់ បាន​ធ្វើដំណើរ ទៅវិញ​ទៅមក តាម​យន្តហោះ​ត្រង់ភ្លឹង រវាង ប្រទេស​ទាំង​ពីរ​​ជិត​ខាង​គ្នា។ តួលេខ​លំអិត ចេញ ដោយ ស្ថាប័ន​អាកាសចរណ៍​អ៊ុយក្រែន កាល​ពី​ថ្ងៃទី១​តុលា ស​ឲ្យ​ឃើញ​ថា ក្នុង​​ឆមាសទី១​ឆ្នាំ២០១៥​នេះ ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី បាន​ដឹក​អ្នកដំណើរ​ប្រមាណ ៤សែន​៦ម៉ឺន​៩ពាន់​នាក់ ទៅ​កាន់​អ៊ុយក្រែន ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន បាន​ដឹក អ្នកដំណើរ ជាង ១សែន៨ម៉ឺន៧ពាន់នាក់​មក​កាន់​រុស្ស៊ី។

ដើមហេតុ​នៃ​រឿងរ៉ាវ គឺ​មក​ពី​ថ្ងៃ១៦​កញ្ញា លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន យ៉ាត់សេញុក​បាន ថ្លែង​ថា ចាប់​ពី​ថ្ងៃ២៥​តុលា​ទៅ យន្តហោះ​មាន​លាប​ពណ៌​ទង់ជាតិ​ត្រីពណ៌​របស់​រុស្ស៊ី ត្រូវ​ហាម មិន​ឲ្យ ចុះចត​នៅ​តាម អាកាសយានដ្ឋាន​ប្រទេស​អ៊ុយក្រែន​ទៀត​ឡើយ។ បំរាម​នេះ ប៉ះ​លើ ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ចំនួន២៥ ដែល​ក្នុង​នោះ​ធំ​ជាង​គេ គឺ ក្រុមហ៊ុន Aeroflot Transaero ដែល មាន​ជើងហោះហើរ​ទៅ​កាន់ គ្រីមេ ជា ទឹកដី​ដែល​អ៊ុយក្រែន នៅ​តែ បន្ត​ចាត់​ទុក ជា របស់ខ្លួន ដដែល។

លុះ​ថ្ងៃ​ ២៨​កញ្ញា រដ្ឋាភិបាល​រុស្ស៊ី បាន​ចេញ​សេចក្តីសម្រេច​ថា ចាប់​ពី​ថ្ងៃ២៥​តុលា​ទៅ ក៏​ហាម មិន​ឲ្យ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​ទាំងអស់ ក្នុង​នោះ​មាន ជា​បឋម គឺ Ukraine International Airlines ហោះ​មក​កាន់​រុស្ស៊ី ទៀត​ឡើយ ដោយ​គូសបញ្ជាក់​ថា នេះ​ជា វិធានការ​ដែល​ក្រុង​ម៉ូស្គូ បង្ខំ​ចិត្ត​ចាត់​ឡើង​ដើម្បី​ការពារ​ផលប្រយោជន៍ជាតិ​ខ្លួន​ប៉ុណ្ណោះ។ ថ្ងៃ​២៥​តុលា ថ្ងៃ​ដែល​បម្រាម​ទាំង​សង​ខាង ចូល​ជា​ធរមាន លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ សរសេរ លើ​ទំព័រ Facebook របស់​គាត់​ថាគឺ​ភាគី​អ៊ុយក្រែន ដែល​ត្រូវ​ទទួល​ខុស ត្រូវ​ចំពោះ បម្រាម​ទៅវិញ​ទៅមក​នេះ។

បម្រាម​ចេញ​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​ជា​អ្នក​ផ្តាច់​ទំនាក់ទំនង​ផ្លូវអាកាស​នេះ​មុន​គេ គឺ​ជា​ឧទាហរណ៍​ដ៏​ត្រចះត្រចង់ នៃ​ចម្បាំង​របស់ ថ្នាក់ដឹកនាំ​អ៊ុយក្រែន ទល់​នឹង​ប្រជាជន​ឯង ដែល​ពី​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ តាម​ជើង យន្តហោះ រវាង​ប្រទេស​ទាំង​ពីរ ដល់​ទៅ ៣ភាគ៤ គឺ​ជា ជាតិ​អ៊ុយក្រែន​តែ​ម្តង។ គាត់​បញ្ចប់ សេចក្តី​ជា​ភាសា​អ៊ុយក្រែន ដោយ​ផ្គើន​ឲ្យ​ថា នេះ​ជា​ទង្វើ​ខ្លាំង​ពូកែ​មែន។

ចាប់​ពី​អំណើះ​ត​ទៅ សម្រាប់​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​ដំណើរ​ទៅ​លេង​សាច់ញាតិ​ខ្លួន គឺ ត្រូវ​ជិះ​រថភ្លើង ជិះ​រថយន្ត ឬ ត្រូវ​ហោះ​ឆ្លង​កាត់ ក្រុង​ផ្សេង បែប​យ៉ាង​រដ្ឋធានី បេឡារុស ម៉ុលដូវ៉ា ឡេតូនី ប៉ូឡូញ តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ