អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ក្រុងគៀវ​ទិតៀន​ទស្សនកិច្ច​លោកពូទីន​នៅ​គ្រីមេ

ទស្សនកិច្ច​លោក​ប្រមុខរដ្ឋ​រុស្ស៊ី ពូទីន នៅ​គ្រីមេ​ដែល​បាន​ចាប់​ផ្តើម​ម្សិលមិញ ហើយ​បន្ត ទៅ នៅ​ថ្ងៃ១៨សីហា​នេះ ត្រូវ​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឆេនកូ ចោទ​ថា​ជា ទង្វើ “បង្ករឿង” ដល់ លោក​ស៊ីវិល័យ និង​ត្រូវ ក្រសួង​ការបរទេស​អ៊ុយក្រែន សន្និដ្ឋាន ជា “ការរាយ មាយ ដោយ​ក្រុង​ម៉ូស្គូ ចំពោះ​ប្រព័ន្ធ​ច្បាប់​អ៊ុយក្រែន និង គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ” ដ្បិត អ៊ុយក្រែន​នៅ​តែ​ចាត់​ទុក​គ្រីមេ ជា​ដែនដី​ខ្លួន​ដដែល។

លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន (រូបឆ្វេង) និង​សមភាគី​អ៊ុយក្រែន​លោក​ប៉ូរ៉ូឆេនកូ
លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន (រូបឆ្វេង) និង​សមភាគី​អ៊ុយក្រែន​លោក​ប៉ូរ៉ូឆេនកូ REUTERS/Photo/Christophe Ena/Pool
ផ្សាយពាណិជ្ជកម្ម

គឺ​ម្សិលមិញ ថ្ងៃ១៧សីហា ដែល​លោក​ប្រធានាធិបតី​ពូទីន បាន លើក កិច្ចប្រជុំ នៃ ក្រុមប្រឹក្សា​រដ្ឋ​រុស្ស៊ីឧទ្ទិស​ដល់ ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​រុស្ស៊ី ទៅ​ធ្វើ​នៅ​ឯ​ក្រុង យ៉ាល់តា​ជា​បុរីរមណីយដ្ឋាន នៅ​ទៀប​កោះ​គ្រីមេ ក្នុង​ឋានៈ​ជា​និមិត្តរូប​មួយ​នៃ​វិស័យ​ទេសចរ​រុស្ស៊ី ទាំង រំពឹង​ទទួល​អ្នកទេសចរ នៅ​ទីនោះ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៥លាននាក់ ក្នុង​ឆ្នាំ២០១៥​នេះ។

ប៉ុន្តែ វត្តមាន​លោកពូទីន​នៅ​គ្រីមេ បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​យ៉ាង​ខ្លាំង​ពី ខាង​ក្រុងគៀវ។ លោក​ប្រមុខរដ្ឋ​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ ថ្លែង​ថា ការ​ធ្វើ​ដំណើរ​របស់​លោក​ពូទីន ទៅ​កាន់​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន ដោយ​មិន​សម្រប​យោបល់​ជា​មុន ជាមួយ​អាជ្ញាធរ​អ៊ុយក្រែន គឺ​ជា​ការ”បង្ករឿង” ដល់​លោកស៊ីវិល័យ ហើយ​ជា​ការ​បន្ត សេណារីយ៉ូធ្វើ​យោធូបនីយកម្ម​ទៀប​កោះ​គ្រីមេ ត​ទៅ ទៀត ដែល​នាំ​ទៅ​កាន់​ការ​បង្ខាំង​ទឹកដី​នេះ ឲ្យ​កាន់​តែ ឯកោ លើ​ឆាកអន្តរជាតិ។ តាម​លោក ប៉ូរ៉ូឆេនកូ លុះ​ណា​តែ​ស្ថិត​ក្នុង​រដ្ឋ​អ៊ុយក្រែន ទើប​គ្រីមេ មាន​អនាគត​ទៅ​កើត បូក​ទាំង អនាគត​ទេសចរណ៍​ផង។

ចំណែក​ក្រសួង​ការបរទេស​អ៊ុយក្រែន ក្នុង​កំណត់​ទូត​តវ៉ា ផ្ញើ​មក​ក្រសួង​ការបរទេស​រុស្ស៊ី រំលឹក ថា សាធារណរដ្ឋ​ស្វយ័ត​គ្រីមេ និង​ក្រុងផែ សេបាស្តូប៉ូល សម្រាប់​លោកស៊ីវិល័យ គឺ​បន្ត​ស្ថិត​នៅ ជា ភាគ​មួយ​មិន​អាច​ផ្តាច់​ចេញ​បាន ពី​រដ្ឋ​អ៊ុយក្រែន។ ហើយ​ការ​រាយមាយ​ដោយ​ចេតនា ពី​ខាង ថ្នាក់ដឹកនាំ​កំពូលៗ របស់​រុស្ស៊ី ចំពោះ​គោលការណ៍​ជា​គ្រឹះ​គន្លឹះ​នៃ​ច្បាប់​អន្តរជាតិ និង ចំពោះ​ប្រព័ន្ធច្បាប់​ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ​នៅ​អ៊ុយក្រែន អាច​ញ៉ាំង​ឲ្យ​តែ​ភាគី​អ៊ុយក្រែន សំដែង នូវ​ទឹកចិត្ត​ក្តៅក្រហាយ​ប៉ុណ្ណោះ។

កំណត់ទូត​តវ៉ា​នោះ ទាមទារ​ពី​ភាគី​រុស្ស៊ី ឲ្យ​ចាំបាច់​ត្រូវ​តែ​បំពេញ​តាម​សណ្តាប់ធ្នាប់ សម្រាប់ ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ដែនដី​អ៊ុយក្រែន​នេះ ទោះ​បី​ឥឡូវ វា​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​បណ្តោះអាសន្ន​ក្តី។ ជា​ការ​រំលឹក គឺ​ថ្ងៃ១៦​មីនា​ឆ្នាំ២០១៤ ដែល​ដោយ​ឆ្លើយ​តប​នឹង​សំណូមពរ​បណ្តាជន​ភាគ​ច្រើន លើស​លុប​ដល់​ទៅ​ជាង ៩៧%នៅ​គ្រីមេ ដែល​រដ្ឋសភា​រុស្ស៊ី បាន​សម្រេច​ទទួល​ទឹកដី​នេះ ឲ្យ ចូល​មក​ក្នុង​សហព័ន្ធ​រុស្ស៊ី​វិញ។ ការ​វិល​ត្រឡប់​នេះ ត្រូវ​ក្រុង​ម៉ូស្គូ​ចាត់​ទុក​ជា​ការ​ស្តារ​ឡើង​វិញ នូវ​យុត្តិធម៌ប្រវត្តិសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ