អានតួអត្ថបទ
ស៊ុយអែត

ព្រះរាជ​អាជ្ញា​ស៊ុយអែត ស្នើ​សុំ​ធ្វើ​ការ​សួរ​ចំលើយ Julian Assange នៅ​ទីក្រុង​ឡុងដ៍

លោក ​Julian Assange ​ដែល​ជា​ស្ថាបនិក​ម្នាក់​របស់​គេហទំព័រ​វីគីលីក ​ដែល​បាន​ទំលាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក ​ត្រូវ​បាន​តុលាការ​ប្រទេស​ស៊ុយអែត​ ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ​ លើ​ស្រ្តី​ជាតិ​ស៊ុយអែត​២​នាក់។ ប៉ុន្តែ ​ដោយសារ​តែ​ជន​ជាប់ចោទ​ ខ្លាច​គេ​ចាប់​បញ្ជូន ​ទៅ​សហរដ្ឋ​អាមេរិក ​ទើប​លោក​មិន​ព្រម​ចូលខ្លួន​ ទៅ​បំភ្លឺ​ក្នុង​សាវនាកា ​របស់​តុលាការ​ស៊ុយអែត។ ទើបតែ​ពេល​នេះ ​ព្រះរាជ​អាជ្ញា​ស៊ុយអែត ​បាន​ធ្វើការ​ស្នើសុំ ឲ្យ​មាន​ការ​សាកសួរ​ចំលើយ ​នៅ​ក្នុង​ស្ថានទូត​ប្រទេស​អាក្វាទ័រ ​ក្នុង​ទីក្រុងឡុងដ៍ ទី​ដែល​លោក ​Assange ​កំពុង​សម្ងំ​លាក់​ខ្លួន។

លោក Julian Assange ស្ថាបនិក គេហទំព័រ​ ដែល​ផ្សាយ​ឯកសារ​សម្ងាត់ របស់រដ្ឋា​ភិបាល​អាមេរិក និងរបស់​ប្រទេសមួយចំនួនទៀត
លោក Julian Assange ស្ថាបនិក គេហទំព័រ​ ដែល​ផ្សាយ​ឯកសារ​សម្ងាត់ របស់រដ្ឋា​ភិបាល​អាមេរិក និងរបស់​ប្រទេសមួយចំនួនទៀត REUTERS/John Stillwell/pool
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ព្រះរាជ​អាជ្ញា​ស៊ុយអែត ឈ្មោះ​ Marianne Ny ​បាន​ប្រាប់​ឲ្យដឹង​ថា ​អយ្យការ​ស៊ុយអែត​ទើបតែ​បាន​ផ្ញើរ​លិខិត​មួយ​ ទៅ​មេធាវី​របស់​លោក ​Julian Assange​ ដើម្បី​ធ្វើ​ការ​ស្នើសុំ​ឲ្យ​មាន​ការ​សាកសួរ​ចំលើយ​នៅ​ទីក្រុង​ឡុដ៍ ​ព្រម​ទាំង​មាន​ការ​ពិនិត្យ ADN លើ​រូប​ជន​ជាប់ចោទ​ទៀត​ផង។ នេះ​ជា​ការ​ផ្លាស់ប្តូរ​គំនិត​ដ៏​មិន​គួរ​ឲ្យ​ជឿ​ របស់​អយ្យការ​ស៊ុយអែត​ ព្រោះ​ថា​កន្លង​មក​ ព្រះរាជ​អាជ្ញា​អម​តុលាការ​ស៊ុយអែត ​បាន​ទាមទារ ឲ្យ​លោក Julian Assange ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​មុខ​តុលាការ​ស៊ុយអែត។

 
សូម​បញ្ជាក់​ថា​លោក​ Julian Assange ​ជា​ជនជាតិ​អូស្ត្រាលី ​និង​ជា​ស្ថាបនិក​ម្នាក់​ ដែល​បាន​បង្កើត​គេហទំព័រ វីគីលីក​ Wikileaks ​ដែល​តាម​រយៈ​គេហទំព័រ​នេះ ​គេ​បាន​ផ្សាយ​ឯកសារ​សម្ងាត់​ការទូត ​និង​យោធា​អាមេរិក ជា​ច្រើន​ម៉ឺន​របាយការណ៍។ លោក​តែងតែ ​មាន​ការ​បារម្ភ​ថា​ ថ្ងៃ​ណា​មួយ ​សហរដ្ឋ​អាមេរិក នឹង​ចេញ​ដីកា​ តាម​ចាប់​លោក​ជា​មិន​ខាន។

ដោយ​ឡែក ​តុលាការ​ស៊ុយអែត​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក Julian Assange ​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ​ ដែល​បាន​កើត​ឡើង​ កាល​ពី​ឆ្នាំ​២០១០។ មាន​ស្ត្រី​ជនជាតិ​ស៊ុយអែត​ពីរ​នាក់ ​បាន​ចោទ​ប្រកាន់​លោក​ថា ថា​បាន​រំលោភ​បំពាន​ផ្លូវភេទ។ ប៉ុន្តែ​ជន​ជាប់ចោទ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​អះអាង​ថា ស្រី្ត​ទាំងពីរ​ បាន​ព្រមព្រៀង​ជាមួយ​លោក​ ​ត្រឹមត្រូវ ​គ្មាន​ការ​ចាប់​បង្ខំ​ទេ។ យ៉ាងណា​ក៏​ដោយ តុលាការ​ស៊ុយអែត​បាន​ទាមទារ ​ឲ្យ​លោក​ចូល​ទៅ​បំភ្លឺ​ នៅ​ស៊ុយអែត ​ហើយ​ដីកា​ចាប់ខ្លួន​មួយ ​ក៏​បាន​ចេញ​ផង​ដែរ។ លោក​ Julian Assange ​បាន​រត់​គេច​ ចូល​ទៅ​ពួន ​និង​សុំ​សិទ្ធិ​ជ្រកកោន ​ក្នុង​ស្ថានទូត​ប្រទេស​អេក្វាទ័រ ប្រចាំ​នៅ​ក្រុង​ឡុងដ៍ ​កាល​ពីខែ ​មិថុនា ​ឆ្នាំ​២០១២។ នគរបាល​អង់គ្លេស​ យាម​ចាំ​ស្ទាក់​ចាប់​លោក នៅ​ខាង​មុខ​ស្ថានទូត​ គ្រប់​ពេល​វេលា។ ការ​ដែល​លោក​មិនព្រម​ចូល​ទៅ​បំភ្លឺ​ នៅ​ស៊ុយអែត ​ដោយសារ​តែ​លោក​ខ្លាច​ធ្លាក់​ចូល​អន្ទាក់​គេ​ ហើយ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​អាមេរិក។

លោកស្រី​ព្រះរាជ​អាជ្ញា​ស៊ុយអែត ​បាន​មាន​ប្រសាសន៍​ថា ​លោកស្រី​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ចិត្ត សុខចិត្ត​ធ្វើការ​សួរ​ចំលើយ ​នៅ​ក្នុង​ស្ថានទូត​អេក្វាទ័រ​ ក្នុង​ទីក្រុង​ឡុងដ៍ ​ក៏​ដោយសារ​តែ ​ការ​ស៊ើបអង្កេត​ បាន​រាំងស្ទះ​ គ្មាន​ច្រក​ចេញ ​ហើយ​ជា​ពិសេស​ អង្គហេតុ​មួយ​ភាគធំ​ នឹងត្រូវ​ផុត​អាជ្ញាយុកាល ​ក្នុង​ពេល​៦ខែ​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ ​ខាង​តុលាការ​ត្រូវ​តែ​សម្រួល ​ក្នុង​ការ​ពន្លឿន​ការ​ស៊ើប​អង្កេត ​ដើម្បី​ស្វែងរក​យុត្តិធម៌​ ឲ្យ​ភាគី​ទាំង​សងខាង។

មេធាវី​របស់​លោក Julian Assange ​បាន​បញ្ជាក់​ថា ​កូន​ក្តី​លោក ​មាន​ការ​សប្បាយ​រីករាយ​ នៅ​ពេល​បាន​ដំណឹង​ថា ​អាយ្យការ​ស៊ុយអែត ​សុខចិត្ត​មក​សួរ​ចំលើយ​នៅ​ទីក្រុង​ឡុងដ៍ ​ព្រោះ​ថា​វា​ជា​វិធី​ដ៏ល្អ ​ដើម្បី​បញ្ចប់​សំណុំ​រឿង។ កូនក្តី​លោក នៅ​តែ​អះអាង​ថា ខ្លួន​មិនមាន​ទោស​កំហុស​អ្វី​ទាំង​អស់ ​ហើយ​គាត់​មិន​ខ្លាច​នឹង ប្រឈមមុខ​ ជាមួយ​ការ​សួរ​ចំលើយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ