ម៉ូស្គូ និងវ៉ាស៊ីនតោនចោទគ្នាទៅវិញ ទៅមកក្នុងរឿងផ្លុំបញ្ឆេះសង្គ្រាមត្រជាក់
រដ្ឋបាលប្រធានាធិបតីអាមេរិកចោទលោកប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីន ថា ប៉ុនប៉ងផ្លុំបញ្ឆេះផ្នត់គំនិតសង្គ្រាមត្រជាក់។ សេចក្តីនេះ ថ្លែងថ្ងៃ៧មិថុនា ដោយអ្នកនាំពាក្យ សេតវិមានក្រុងវ៉ាស៊ីនតោន លោក Josh Earnest ដែលអមដំណើរលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចូលរួមក្នុងជំនួបកំពូល G-7 ដែលប្រព្រឹត្តទៅនៅប្រទេសអាល្លឺម៉ង់។ គាត់ថ្លែងនេះ ជា ចម្លើយ តបនឹង អ្នកនាំពាក្យវិមានក្រេមឡាំង ដែលសំដែងការសោកស្តាយ ចំពោះសំដីបន្លឺឡើង ក្នុងបរិវេណ G-7 នោះដែលធុំក្លិនសង្គ្រាមត្រជាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៣
លោក Josh Earnest ដោយធ្វើសេចក្តីថ្លែងការណ៍បដិសេធនោះ លើកឡើងជាអាទិ៍ថា អាមេរិក និងក្រុម៧មហាប្រទេសមានឧស្សាហកម្មលូតលាស់ជាងគេក្នុងលោក ហៅថា G-7 គ្មានចេតនា វិលត្រឡប់ទៅកាន់ស្មារតីនៃ សង្គ្រាមត្រជាក់ វិញឡើយ។ តាមខ្ញុំស្មាន មានអ្នកខ្លះ បែបយ៉ាង លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កំពុងតែសាកល្បងបង្វែរមកវិញ ផ្នត់គំនិត នៃសង្គ្រាមត្រជាក់។ ប៉ុន្តែអ្វីដែលច្បាស់ គឺថា ផ្នត់គំនិតបែបនេះ គ្មានសោះឡើយ ក្នុងផែនការ របស់ ស.រ.អា. និងក្រុមប្រទេស G-7។
អ្នកនាំពាក្យរបស់សេតវិមានបន្តថា G-7 ជាក្រុមនៃប្រជាជាតិប្រជាធិបតេយ្យ ដែលភក្តីចំពោះ តម្លៃរួមរបស់ខ្លួន។ ហើយយើងប្តេជ្ញា សាយភាយតម្លៃនេះ ទៅពេញលើពិភពលោក។ ហើយ កាលណាយើងជួបជុំគ្នា យើងរមែងបញ្ជូនទៅនូវសញ្ញានេះ ដែលយើងយល់ថា សំខាន់ណាស់។ ចំណែកក្រុងម៉ូស្គូ យល់ឃើញផ្ទុយពីនេះសោះ ដោយសង្ស័យបស្ចិមលោកថា ចេះតែប៉ុនប៉ង វិលត្រឡប់ទៅយុគសង្គ្រាមត្រជាក់វិញ។
តាមដែលអ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក ឌ្មីទ្រី ពេស្កូវ ថ្លែងម្សិលមិញថា វិមានក្រេមឡាំង អាចសំដែងតែការសោកស្តាយប៉ុណ្ណោះ ចំពោះ វោហាឥតសម្រុះសម្រួលបន្លឺឡើងក្នុងបរិវេណ G-7 ក្នុងផ្នត់គំនិតសង្គ្រាមត្រជាក់ជំនាន់ ទសវត្សរ៍ទី៧០នៃសតវត្សរ៍មុន ហើយបន្លឺឡើងនេះ ដូចជាឆាប់ពេក ដោយតាំងពីពេលនោះមក កន្លងផុតទៅ មិនជាយូរឯណា។
លោក Josh Earnest ក្នុងបទអន្តរាគមន៍ខ្លួន ក៏គូសបញ្ជាក់ដែរថា ស.រ.អា.អាចសហការជាមួយ នឹង រុស្ស៊ី ក្នុងបញ្ហាមួយចំនួនដែលសំខាន់ដូចគ្នា សម្រាប់សន្តិសុខប្រទេសទាំងពីរ ទោះបី មានការខ្វែងគំនិតគ្នា បណ្តាលឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាក់ក្នុងភាពស្មុគស្មាញក្តី មកពីរុស្ស៊ីក្នុងសកម្មភាពខ្លួន បន្តពាំនាំអស្ថិរភាពដល់ ស្ថានការណ៍នៅអ៊ុយក្រែន។
អ្នកនាំពាក្យសេតវិមានទទួលស្គាល់ថា ផ្លែផ្កានៃសហប្រតិបត្តិការបែបនេះ ធ្លាប់បង្ហាញឲ្យឃើញ ដោយឥទ្ធិពលរុស្ស៊ី ដែលចេះបញ្ចុះបញ្ចូលប្រទេសស៊ីរី ឲ្យបោះបង់អាវុធគិមីទៅ និង ឲ្យអ៊ីរ៉ង់ សុខចិត្តដើរនៅលើផ្លូវចរចា ឆ្ពោះទៅមិនផលិតទេ ជាអាវុធបរមាណូ ដែលជាសក្ខីកម្ម នៃ វិភាគទានស្ថាបនា ពីខាងរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ