បាតុករក្រិកចុះដងផ្លូវធ្វើកូដកម្មប្រឆាំងនយោបាយត្បិតត្បៀតរបស់រដ្ឋាភិបាល
ប្រទេសក្រិក បានទទួលរងជាថ្មីទៀតនូវកូដកម្មទូទៅមួយនៅថ្ងៃពុធទី២០កុម្ភៈនេះ តាមការអំពាវនាវរបស់អង្គការសហជីពនានានៅក្នុងប្រទេស ដើម្បីប្រឆាំងទល់នឹងផែនការត្បិតត្បៀតថវិការដ្ឋដែលទាមទារដោយសហភាពអឺរ៉ុបនិងមូលនិធិរូបិយវត្ថុអន្តរជាតិដែលម្ចាស់បំណុលរបស់ប្រទេសក្រិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៤
អង្គការសហជីពឯកជនសំខាន់ៗនៅក្នុងប្រទេសក្រិក បានអំពាវនាវបុគ្គលិក គ្រូបង្រៀន គ្រូពេទ្យនិងមេធាវី ឲ្យចូលរួមក្នុងកូដកម្មទូទៅមួយទៀត នៅថ្ងៃពុធនេះ ដើម្បីធ្វើការប្រឆាំង ទល់នឹងផែនការនយោបាយ ត្បិតត្បៀតថវិការរដ្ឋរបស់រដ្ឋាភិបាលលោក Antonis Samaras។
ក្បួនបាតុកម្មជាច្រើនទៀត ក៏ត្រូវគ្រោងធ្វើឡើងដែរ នៅល្ងាចថ្ងៃពុធនេះក្នុងទីក្រុង អាថែន និងធ្វើដំណើរសំដៅទៅ លើទីលាន Syntagma ទល់មុខ អគារសភាក្រិក តាមការអំពាវនាវរបស់ក្រុមសហជីពក្រិកផ្សេងៗទៀត។
កូដកម្មនេះ បានជំរុញឲ្យអាជ្ញាធរ ខាងព្រលានយន្តហោះ -សម្រេចចិត្តលុបចោលឬក៏ផ្អាកជើងហោះហើរ របស់ខ្លួន ។ ខាងមន្ទីរពេទ្យវិញ គឺមានតែខាងផ្នែកសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ ដែលនៅមានដំណើរការតែមានបុគ្គលិកធ្វើការក្នុងចំនួនតិចតួច។ រីឯ ការដឹកជញ្ជូនតាមកប៉ាល់វិញក៏មានភាពរអាក់រអួលយ៉ាងខ្លាំងដែរនៅថ្ងៃពុធនេះ ពីព្រោះ កប៉ាល់ជាច្រើនគ្រឿង ត្រូវចតនៅមួយកន្លែងក្នុងកំពុងផែ។
គួរបញ្ជាក់ដែរថា កូដកម្មទូទៅនៅក្នុងប្រទេសក្រិកនេះ ត្រូវបានប្រព្រឹត្តទៅ មួយថ្ងៃ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋបារាំង លោក François Hollandeកាលពីថ្ងៃអង្គារម្សិលមិញនៅប្រទេសក្រិក ដើម្បីបញ្ជាក់ពីសណ្តានទឹកចិត្តរបស់បារាំងក្នុងការប្រឹងប្រែងដើម្បីជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសក្រិកឲ្យបានប្រសើរឡើងវិញ។ លោកប្រធានាធិបតីបារាំង ក៏បានសម្តែងគារវកិច្ចផងដែរចំពោះ ការខិតខំប្រឹងប្រែងរបស់ពលរដ្ឋក្រិកក្នុងការស្តារសេដ្ឋកិច្ចប្រទេសខ្លួននិងដោយបានអំពាវនាវឲ្យសហគ្រាសបារាំងនានាឲ្យចូលមកធ្វើវិនិយោគទុននៅក្នុងប្រទេសក្រិកដែរ។
ប្រទេសក្រិក ជាប្រទេសមួយដែលមានកម្រិតសេដ្ឋកិច្ចទន់ ខ្សោយជាងគេនៅ ក្នុងចំណោម បណ្តាប្រទេសនានា ក្នុងសហភាពអឺរ៉ុប និងនៅតែបន្តធ្លាក់ចុះ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ចំណែក អត្រាអ្នកគ្មានការធ្វើវិញ ក៏ មានរហូតដល់ទៅ ២៧ ភាគរយ ដែរក្នុងចំណោមប្រជាជនសកម្មក្នុងប្រទេស។ ចំណែកក្រុមអ្នកជំនាញខាងសេដ្ឋកិច្ច វិញ បាន ប្រមើលទុកថា ប្រទេសក្រិកនឹងបន្តប្រឈមមុខ នឹងការកាត់បន្ថយការងារធ្វើ នៅឆ្នាំ២០១៣ តទៅទៀត។ ម្យ៉ាងទៀត ម្ចាស់បំណុលក្រិក បានទាមទារផងដែរឲ្យរដ្ឋាភិបាលក្រិកលុបចោលការងាររដ្ឋចំនួន២ម៉ឺន៥០០០កន្លែង។
គួរកត់សម្គាល់ថា ក្រោយពីមានកូដកម្មប្រឆាំងនានានៅដើមសប្តាហ៍នេះមក រដ្ឋាភិបាលក្រិក បានបន្ធន់ជំហរបន្តិចវិញ ដោយបានជូនដំណឹង អំពីការលះបង់ចោលគម្រោងផែនការរបស់ខ្លួន ក្នុងការបញ្ឈប់ការងាររបស់មន្ត្រីរដ្ឋការក្រិកចំនួន១៩០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ