អានតួអត្ថបទ
អឺរ៉ុប

ធនាគារកណ្តាល​អឺរ៉ុប​បន្ថយ​អត្រា​ការប្រាក់​មកនៅ​ត្រឹម ​០,២៥%

នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ធនាគារ​កណ្តាល​អឺរ៉ុប​បាន​​ប្រកាស​កាត់បន្ថយ​អត្រាការ​ប្រាក់​របស់ខ្លួន​ ពី ០,៥% ឲ្យ​មក​នៅត្រឹម ០,២៥% ដែល​ជា​កម្រិត​ទាបបំផុត​មិន​ធ្លាប់មាន។ ការកាត់បន្ថយ​អត្រាការប្រាក់​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ ដោយសារ​តែ​តាំងពី​ដើមមក ​ធនាគារ​កណ្តាល​អឺរ៉ុប​​ច្រើន​តែ​មិន​ចង់​កាត់បន្ថយ​អត្រាការប្រាក់ ដោយសារ​តែ​ខ្លាច​មាន​បញ្ហា​អតិផរណា។

លោក​ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប
លោក​ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ការកាត់បន្ថយ​អត្រាការប្រាក់​របស់​ធនាគារ​កណ្តាល គឺ​ជា​នយោបាយ​រូបិយវត្ថុ​ដ៏​សំខាន់​មួយ ដែល​គេ​អាច​ប្រើ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ក្នុង​ពេល​មាន​វិបត្តិ ពីព្រោះ​ថា នៅ​ពេល​ដែល​អត្រា​ការប្រាក់​នៃ​ធនាគារ​កណ្តាលធ្លាក់ចុះ វា​អាច​ធ្វើ​ឲ្យ​​​អត្រា​ការប្រាក់​កម្ចី​ឯកជន​ធ្លាក់ចុះ នាំ​ឲ្យ​​ចលនាសាច់ប្រាក់ក្នុង​ទីផ្សារមាន​ការ​កើនឡើង ដែល​ជា​កត្តា​សំខាន់មួយ ក្នុងការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​អាច​ធ្វើ​ឲ្យ​អត្រា​អតិផរណា​មាន​ការ​កើនឡើង​ផងដែរ។

ហេតុដូច្នេះ​ហើយ​បាន​ជា កន្លងមក គេ​សង្កេតឃើញ​ថា ជាទូទៅ ធនាគារ​កណ្តាល​អឺរ៉ុប​តែងតែ​បដិសេធ​មិន​បញ្ចុះ​អត្រាការប្រាក់​របស់ខ្លួន ដោយលើក​ហេតុផល​​​ថា ការ​បញ្ចុះ អត្រាការប្រាក់​អាច​នឹង​បង្កើត​បញ្ហា​អតិផរណា ហើយ​ យោងតាម​សន្ធិសញ្ញា​អឺរ៉ុប បេសកកម្ម​ជាអាទិភាព​របស់​​ធនាគារ​កណ្តាល​អឺរ៉ុប គឺ​ការ​ទប់ស្កាត់​អតិផរណា។

ក៏ប៉ុន្តែ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​​ដោយ​បាន​បញ្ចុះ​អត្រាការប្រាក់​របស់​ខ្លួន ឲ្យ​មក​នៅ​ត្រឹមតែ ០,២៥% ក្នុងមួយឆ្នាំ ដែល​​ជា​អត្រា​ទាបបំផុត​មិន​ធ្លាប់​មាន ចាប់តាំង​ពី​អឺរ៉ុប​ចាយលុយ​រួមគ្នា និង​បង្កើត​ធនាគារ​កណ្តាល​រួមគ្នា កាល​ពី​ឆ្នាំ​១៩៩៩​មក។

នៅ​ក្នុង​សន្និសីទ​កាសែត​​ក្រោយ​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​ធនាគារ លោក​ម៉ារីយ៉ូ ដ្រាហ្គី អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ថ្លែង​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ អត្រា​អតិផរណា​ក្នុង​តំបន់​អឺរ៉ុបមាន​កម្រិត​ទាប ហើយ​ថា អឺរ៉ុប​នឹង​បន្ត​មាន​អត្រា​អតិផរណា​ទាប​បែបនេះ​នៅ​ក្នុង​រយៈពេល​វែងតទៅមុខទៀត ហើយ​ក្នុងពេល​ជាមួយគ្នា​ អត្រា​កំណើន​សេដ្ឋកិច្ច​មាន​កម្រិត​ទាប​ជាង​ការ​រំពឹង​ទុក។

គួរបញ្ជាក់ថា ធនាគារ​កណ្តាល​អឺរ៉ុបបានកំណត់​គោលដៅ​ចង់​រក្សា​អត្រា​អតិផរណា​ប្រចាំឆ្នាំ​ឲ្យ​នៅ​ប្រហាក់ប្រហែល​ ២% ដែល​គេ​យល់ថា​ជា​កម្រិត​ល្អមួយ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ កាលពី​ខែ​តុលា​កន្លងទៅនេះ អត្រា​អតិផរណា​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម ០,៧% ដែល​ជា​អត្រា​ទាបបំផុត​​មិនធ្លាប់​មាន ចាប់តាំង​ពីឆ្នាំ​២០១០​មក។

ក្រោយ​ពី​បាន​កាត់បន្ថយ​អត្រាការប្រាក់​មកនៅ​ត្រឹម ០,២៥% កាល​ពីថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ម៉ារីយ៉ូ ដ្រាហ្គី ក៏​បានបញ្ជាក់​បន្ថែម​ផងដែរ​ថា ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​បន្ត​​ដាក់ចេញ​នូវ​នយោបាយ​រូបិយវត្ថុ​ដែល​ចាំបាច់​​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប។

នៅ​ក្រោយ​ការ​ប្រកាស​កាត់បន្ថយ​អត្រាការប្រាក់​នេះ ​គេ​ឃើញ​ថា តម្លៃ​មូលបត្រ​នៅ​តាម​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប​បាន​កើនឡើង​ស្ទើរតែ​គ្រប់កន្លែង។ ចំណែក​ឯ​លុយ​អឺរ៉ូ​វិញ​បាន​ធ្លាក់ថ្លៃ ប្រមាន​ជា ២សេន​ ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ