អានតួអត្ថបទ
អឺរ៉ុប

បារាំង​និង​អាល្លឺម៉ង់​ជួបគ្នា​ដើម្បី​ធ្វើ​សំណើ​កំណែទម្រង់​អឺរ៉ុប

លោក​ប្រធានាធិបតី​បារាំង​Nicolas Sarkozy និង​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​Angela Merkel ជួប​គ្នា​នៅ​ថ្ងៃ​ចន្ទ​ទី​៥​ធ្នូ​នេះ នៅ​ទីក្រុង​ប៉ារីស។ គោលដៅ​គឺ​រៀប​ចំ​សំណើ​រួម​មួយ​ចំនួន ដើម្បី​កំចាត់​វិបត្តិ​នៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ។ សំណើ​រួម​ទាំង​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ពិនិត្យ​និង​អនុម័ត នា​ឱកាស​ជំនួប​កំពូល​អឺរ៉ុប​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​ធ្នូ​និង​ថ្ងៃ​សុក្រ​ទី​៩​ធ្នូ​ខាង​មុខ​នេះ។ យ៉ាង​ណា​ក៏​ដោយ ប៉ារីស​និង​ប៊ែរឡាំង​នៅ​តែ​មិន​ទាន់​យល់​ស្រប​គ្នា​នៅ​ឡើយ ចំពោះ​សំណុំ​រឿង​មួយ​ចំនួន។

លោក​នីកូឡា សាកូហ្ស៊ី និង​លោកស្រី​អង់ហ្កេឡា មែរកិល កាលពី​ជំនួប​លើកមុន ​នៅ​ប៊ែរឡាំង
លោក​នីកូឡា សាកូហ្ស៊ី និង​លោកស្រី​អង់ហ្កេឡា មែរកិល កាលពី​ជំនួប​លើកមុន ​នៅ​ប៊ែរឡាំង Reuters/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

គោលដៅ​សំខាន់​ជាង​គេ​បង្អស់​មួយ​របស់​បារាំង​និង​អាល្លឺម៉ង់ គឺ​ពង្រឹង​សហភាព​អឺរ៉ុប តាម​រយៈ​ការ​តម្រូវ​ឲ្យ​ប្រទេស​សមាជិក​នីមួយៗ​គ្រប់គ្រង​ថវិកា​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​ន័យ​នេះ លោក​Sarkozy និង​លោកស្រី​Merkel ចង់​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​សមាជិក​ណា​ដែល​មិន​គោរព​វិន័យ ដោយ​នៅ​តែ​បន្ត​ចាយ​ធំ ចាយ​ច្រើន​ជាង​លុយ​ដែល​ខ្លួន​រក​បាន។

ដើម្បី​សម្រេច​គោលដៅ​នេះ​បាន សហភាពអឺរ៉ុប​ចាំបាច់​ត្រូវ​តែ​កែ​ប្រែ​សន្ធិសញ្ញា​អឺរ៉ុប​ជា​មុន​សិន ត្រូវ​តែ​មាន​ជា​លាយលក្ខណ៍​អក្សរ​វិធាន​ច្បាប់​យ៉ាង​តឹង​រ៉ឹង។ នេះ​គឺ​ជា​អ្វី​ដែល​ប្រទេស​អាល្លឺម៉ង់​ទាមទារ​ចង់​បាន។ ដើម​ដំបូង ប្រទេស​បារាំង​បាន​ច្រាន​ចោល​សំណើ​នេះ តែ​ក្រោយ​មក​បាន​យល់​ស្រប។ ជា​ថ្នូរ​វិញ ប៉ារីស​ចង់​ឃើញ​ប្រទេស​អាល្លឺម៉ង់​យល់​ព្រម​បង្កើន​សាមគ្គីធម៌​អឺរ៉ុប ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល​នៃ​តំបន់​ចាយ​លុយ​អឺរ៉ូ។

នៅ​ក្នុង​ន័យ​នេះ អាល្លឺម៉ង់​ត្រូវ​តែ​យល់​ព្រម​អនុញ្ញាត​ឲ្យ​ធនាគារ​កណ្តាល​អឺរ៉ុប​ទិញ​បំណុល​របស់​ប្រទេស​សមាជិក​អឺរ៉ុប ហើយ​អាល្លឺម៉ង់​ត្រូវ​តែ​យល់​ព្រម​អនុញ្ញាត​ឲ្យ​បង្កើត​មូលបត្រ​បំណុល​អឺរ៉ុប​រួម​គ្នា។ នៅ​ក្នុង​បរិបទ​បែប​នេះ ទីផ្សារ​ភាគ​ហ៊ុន​កំពុង​រង់ចាំ​អ៊ុត​មើល​ថា តើ​បារាំង​និង​អាល្លឺម៉ង់​នឹង​អាច​ចុះ​សម្រុង​គ្នា​ដែរ​ឬ​ទេ​នៅ​ថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ