អានតួអត្ថបទ
អាល្លឺម៉ង់-បារាំង-វិបត្តិប្រាក់អឺរ៉ូ

ភាពតានតឹង​រវាង​ប៉ារីស​និងប៊ែរឡាំង​ស្តីពី​តួនាទី​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​

ទីផ្សារ​មូលបត្រ​នៅ​អឺរ៉ុប​បាន​ស្គាល់​ការ​ធ្លាក់​ស្រុតចុះ​នៅ​ថ្ងៃអង្គារ​និង​ថ្ងៃពុធ​ទី២៣​វិច្ឆិកា​ឆ្នាំ២០១១​នេះ​ ​ ដោយ​ហេតុតែ​មាន​ភាព​តានតឹង​កើតមាន​រវាង​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​បារាំង​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ក្នុងការ​រិះរក​ដំណោះស្រាយ​ជួយ​ប្រាក់អឺរ៉ូ។​ នៅ​ទីក្រុង​ប៊ែរឡាំង​ឯណោះ​ ​ លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​បាន​ថ្លែង​បញ្ជាក់​ម្តងទៀត​នៅ​ថ្ងៃអង្គារ​ម្សិលមិញថា​ ​ ប្រទេស​អាល្លឺម៉ង់​ប្រឆាំង​នឹង​ការ​ធ្វើ​អន្តរាគមន៍​របស់​ធនាគារ​កណ្តាល​អឺរ៉ុប។

លោកស្រី​​នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​​ Angela Merkel​ ​ ​និង​លោក​ប្រធានាធិបតី​​បារាំង​​សាកូហ្ស៊ី
លោកស្រី​​នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​​ Angela Merkel​ ​ ​និង​លោក​ប្រធានាធិបតី​​បារាំង​​សាកូហ្ស៊ី Reuters/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​ ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ហើយនិង​លោក​ប្រធាន​ធនាគារ​កណ្តាល​អាល្លឺម៉ង់​ ​ បាន​សម្តែង​ឲ្យ​ឃើញ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​នូវ​ការ​ប្រឆាំង​របស់​គេ​ទល់នឹង​ការ​ធ្វើ​អន្តរាគមន៍​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​។​ អ្នកដែល​មាន​ទស្សនៈ​យល់ឃើញ​ខុស​ពី​អ្នកដឹកនាំ​អាល្លឺម៉ង់​យល់ថា​ ​ អន្តរាគមន៍​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​គឺពិតជា​ឧបករណ៍​មួយ​ដ៏​ប្រពៃ​សម្រាប់​ជួយ​កាត់បន្ថយ​សម្ពាធ​ដែល​មាន​នៅក្នុង​តំបន់​អឺរ៉ូ។​ តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែល​កំពុង​តែ​ជួបនឹង​វិបត្តិ​ប្រាក់​បំណុល​សាធារណៈ​ដ៏​សែន​ធ្ងន់ធ្ងរ។​ ហើយពួកគេ​យល់ឃើញ​ទៀតថា​ ​ ការទិញ​សញ្ញាប័ណ្ណ​អឺរ៉ូ​ក្នុង​កម្រិត​អត្រា​ការប្រាក់​តែ​មួយគត់​សម្រាប់​តំបន់​អឺរ៉ូ​ទាំងមូល​គឺពិតជា​មធ្យោបាយ​ដោះស្រាយ​មួយ​ដ៏​ប្រសើរ​សម្រាប់​ជួយ​បន្ធូរ​គំនាប​​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​កើតមាន​នៅ​​ក្នុង​តំបន់​អឺរ៉ូ។

 
ក៏​ប៉ុន្តែ​ ប្រទេស​អាល្លឺម៉ង់​បដិសេធ​សំណើ​ខាងលើ​នេះ​ ​ ដោយ​ទីក្រុង​ប៊ែរឡាំង​យល់ថា​ ​ ទាំងនេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ឯករាជភាព​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ ​ ដែលមាន​តួនាទី​សម្រាប់​ជួយ​រក្សា​ឲ្យ​មាន​ស្ថិរភាព​និង​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។

សម្រាប់​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​ ​ គេត្រូវតែ​ធ្វើការ​វាយ​ប្រយុទ្ធ​ទៅ​លើ​ឫសគល់​ពិតៗ​ដែល​បាន​បង្ក​បង្កើត​ចោទ​ចេញ​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ ​ ពោលគឺ​គេ​ត្រូវតែ​មាន​​ “វិធានច្បាប់​យ៉ាង​តឹងរ៉ឹង​”​ ដាក់​ទៅលើ​ប្រទេសណា​ដែល​ពុំ​គោរព​វិន័យ​ ​ ហើយនិង​ពុំបាន​គ្រប់គ្រង​ថវិកាជាតិ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។​ ក៏​ប៉ុន្តែ​ ដៃគូ​ដ៏​សំខាន់​របស់​ប្រទេស​អាល្លឺម៉ង់​មាន​ដូចជា​ប្រទេស​បារាំង​ជាដើម​នៅតែ​សង្ឃឹមថា​ ​ ប្រទេស​អាល្លឺម៉ង់​ក្រោម​ការ​ដឹកនាំ​របស់​ លោកស្រី​នាយករដ្ឋមន្ត្រី​ Angela Merkel ​គង់តែ​ប្តូរប្រែ​បន្ទន់​ជំហរ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ