អានតួអត្ថបទ
អាមេរិក​

ស្លាប់​ម្នាក់​ របួស​៤នាក់​ ក្នុងការ​បាញ់​ប្រហារ​នៅ​រដ្ឋTexas​ អាមេរិក​

ការ​បាញ់ប្រហារ​២ផ្សេងគ្នា​​បាន​កើតឡើង នៅ​ព្រឹកថ្ងៃអាទិត្យ​នេះ ​នៅកណ្តាល​ទី​ក្រុង Austin រដ្ឋTexas សហរដ្ឋ​​អាមេរិក។ ការបាញ់​ប្រហារ​ទី១​បាន​​សម្លាប់​មនុស្ស​យ៉ាងហោច​ម្នាក់ និង​បង្ក​របួស​៤នាក់។ ​ប៉ូលិសមិនទាន់​កំណត់​បាន​​អត្ត​សញ្ញាណ​ជនល្មើស​ក្នុង​ហេតុការណ៍​ទី១​​ដែល​រត់គេច​ខ្លួន​​នៅឡើយ​ទេ។

ប៉ូលិស​រដ្ឋ​ Texas
ប៉ូលិស​រដ្ឋ​ Texas Ron Jenkins / GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាញ់​ប្រហារ​​ទាំង២ ​​នៅ​ក្រុង Austin រដ្ឋTexas បានកើតឡើង​ ខុសគ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ​នៅព្រឹកព្រហាម​ថ្ងៃ​អាទិត្យនេះ។ ហេតុការណ៍​ទី១​កើតឡើង​​​ក្នុង​​សង្កាត់មួយ ដែលសំបូរ​ដោយ​រង្គសាល និង​កន្លែង​ស៊ីផឹក។

យោងតាម​ក្រុម​ប៉ូលិស​ដែល​បាន​ទៅដល់​ទីនោះ​ ហេតុការណ៍​នេះ​បាន​កើតឡើង​​ ក្រោយ​មាន​ជម្លោះ​មួយ។ ជនល្មើសជា​យុវជន​ស្បែកស បែប​អេស្ប៉ាញ ​​​​អាយុ​ជាង​២០ឆ្នាំ ​​បាន​បាញ់​ទៅលើ​ហ្វូង​មនុស្ស​​ដែល​កំពុង​ដើរ​នៅទីនោះ ​ធ្វើអោយ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​នឹងកន្លែង។ ស្ត្រី៣នាក់​ទៀត ដែល​រងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ បុរស​ម្នាក់​ទៀត​​រងរបួសដែរ ​​តែ​បានបដិសេធ​ការព្យាបាល។

៧នាទី​ក្រោយ​ហេតុការណ៍​នេះ ការបាញ់​ប្រហារ​មួយទៀត បាន​កើតឡើង ក្នុង​តំបន់​ដដែល។ បុរស​ម្នាក់​បាន​ទាញ​កាំភ្លើង​​មកបាញ់ តែ​ត្រូវ​មនុស្ស​ម្នា​នៅទីនោះ បង្ក្រាប​បាន។ គ្មាន​ជនរងគ្រោះ​​ក្នុង​ហេតុការណ៍​​​​​​ទី២​នេះទេ គឺមាន​តែជនល្មើស​​ ​​ប៉ុណ្ណោះដែល​រងរបួស។

ប៉ូលិស​កំពុង​​​ចង់ដឹង​ថា តើ​ជនល្មើស​ទាំង២នាក់​ ក្នុង​ការ​បាញ់ប្រហារ​ទាំង២​​នេះ ធ្លាប់​ស្គាល់​ជន​រងគ្រោះ​ពីមុន​មក​ទេ។

តាំងពី​ថ្ងៃ​៧កក្កដា​ ក្រោយ​យុវជន​ស្បែកខ្មៅ​ម្នាក់​បាន​​បាញ់​សម្លាប់ប៉ូលិស​៥នាក់​ នៅក្រុង​​​ដាឡាស រដ្ឋតិចសាសដដែល​ ​ប៉ូលិស​​​​​តិចសាស និង​ប៉ូលិស​​ទូទាំង​សហរដ្ឋ​អាមេរិក​ ​បាន​ត្រៀម​ការ​ប្រុង​ប្រយ័ត្នខ្ពស់៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ