សហគមន៍អន្តរជាតិត្រៀមរៀបចំរដ្ឋាភិបាលលីប៊ី ក្រោយរបបកាដាហ្វី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៣
នៅថ្ងៃអង្គារ ទី២៩ មីនា ឆ្នំា ២០១១ ទីក្រុងឡុង៍ ប្រទេសអង់គ្លេសទទួលរៀបចំសន្និសីទអន្តរជាតិមួយស្តីពីវិបត្តិនៅក្នុងប្រទេសលីប៊ី។ សន្និសីទអន្តរជាតិនេះចូលរួមដោយ ៤០ប្រទេស និងអង្គការក្រៅរដ្ឋាភិបាល ជាច្រើនផ្សេងទៀត។ វត្តមានដែលបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លំាងជាងគេ គឺវត្តមានរបស់ប្រទេសអារ៉ាប់មួយចំនួន ដែលគេចាត់ទុកថា ជាការបង្ហាញឲ្យឃើញនូវឯកភាពរបស់សហគមន៍អន្តរជាតិ។ គោលដៅសំខាន់នៃសន្និសីទអន្តរជាតិនេះ គឺការស្វែងរកដំណោះស្រាយនយោបាយឲ្យប្រជាជនលីប៊ី បន្ទាប់ពីរបបកាដាហ្វីដួលរលំ។
សន្និសីទអន្តរជាតិនេះបានរៀបចំធ្វើឡើង ១០ ថ្ងៃ ក្រោយពីមានអន្តរាគមន៍យោធាតាមផ្លូវអាកាសរបស់កងកម្លំាងសម្ព័ន្ធមិត្តលើរបបកាដាហ្វី។ ប្រតិបត្តិការយោធារបស់កងកម្លំាងអន្តរជាតិដែលបានឋិតនៅក្រោមបញ្ជាការរបស់អង្គការអូតង់។ ចាប់ពីពេលនេះតទៅ អង្គការអូតង់ត្រូវទទួលរ៉ាប់រងទំាងប្រតិបត្តិការយោធាផ្លូវអាកាស ក៏ដូចជាប្រតិបត្តិការមនុស្សធម៌ ជួយការពារជនស៊ីវិលលីប៊ី។ ក្រៅពីវត្តមានប្រទេសសមាជិកសហភាពអឺរ៉ុប និងវត្តមានប្រទេសសមាជិកអង្គការអូតង់ គេក៏ឃើញមានវត្តមានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន លោកប្រធានសហភាពអាហ្រ្វិក Jean Ping និងវត្តមានរបស់បណ្តាប្រទេសអារ៉ាប់មួយចំនួនដែលបានចូលរួមជាមួយកងកម្លំាងសម្ព័ន្ធមិត្ត ដូចជាប្រទេសកាតារ អេមីរ៉ាអារ៉ាប់រួម និងប្រទេសហ្ស័រដានី។
ក្រោមភ្នែក ច្រមុះរបស់ប្រទេសលោកខាងលិច វត្តមានរបស់ប្រទេសអារ៉ាប់ ជាមួយបច្ចិមលោកដើម្បីដោះស្រាយវិបត្តិនៅលីប៊ី គឺដើម្បីបង្ហាញពីឯកភាពរបស់សហគមន៍អន្តរជាតិ និងជាការឆ្លើយតបទៅនឹងការទិតៀន រិះគន់ពីប្រទេសអារ៉ាប់ផ្សេងទៀត ដែលតែងតែចោទប្រទេសលោកខាងលិចថាបានស៊ុមគ្រលុំគ្នា លូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអារ៉ាប់។
រៀបចំរដ្ឋាភិបាលលីប៊ី ក្រោយការដួលរលំរបបកាដាហ្វី
គោលដៅសំខាន់នៃសន្និសីទអន្តរជាតិថ្ងៃនេះ គឺដើម្បីស្វែងរកដំណោះស្រាយនយោបាយឲ្យប្រជាជនលីប៊ី បន្ទាប់ពីរបបកាដាហ្វីដួលរលំទៅ។ គឺតួនាទីរបស់សហគមន៍អន្តរជាតិក្នុងការជួយរៀបចំបង្កើតរដ្ឋាភិបាលលីប៊ីថ្មី ក៏ដូចជាចូលរួមជួយកសាងប្រទេសលីប៊ីឡើងវិញ។ នៅចំពោះមុខ យុទ្ធសាស្រ្តដែលសន្និសីទត្រូវលើកយកទៅពិភាក្សាមានពីរ៖ គឺយុទ្ធសាស្រ្តនយោបាយ និងយុទ្ធសាស្រ្តយោធា។ យុទ្ធសាស្រ្តទំាងពីរដែលចំាបាច់ត្រូវដើរទន្ទឹមគ្នា មានន័យថា គេមិនអាចប្រើយុទ្ធសាស្រ្តយោធាតែមួយគត់ ដើម្បីដោះស្រាយបញ្ហាទេ។ ១០ថ្ងៃមកហើយ ដែលកងកម្លំាងអន្តរជាតិបានបើកការវាយប្រហារលើកងកម្លំាងរបស់កាដាហ្វី ប៉ុន្តែការវាយប្រហារនេះនឹងមិនអាចអូសបន្លាយយូរអង្វែងបានឡើយ។ ម្យ៉ាងទៀត ក្រៅពីអន្តរាគមន៍តាមផ្លូវយោធា សេចក្តីសម្រេចចិត្តលេខ ១៩៧៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានបញ្ជាក់ពីការជួយការពារជនស៊ីវិលស្លូតត្រង់ និងការមិនលូកដៃផ្តួលរំលំរបបកាដាហ្វី។ ក៏ប៉ុន្តែ ប្រទេសបារំាង ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិកបន្តអះអាងថា របបកាដាហ្វីបានបាត់បង់ភាពស្របច្បាប់របស់ខ្លួនហើយ ដូច្នេះ កាដាហ្វីត្រូវតែចុះចេញពីអំណាច។
ខណៈនេះ នៅក្រោមគ្រាប់កំាជ្រួចរបស់កងកម្លំាងសម្ព័ន្ធមិត្ត កងកម្លំាងរបស់កាដាហ្វីកំពុងដកថយ ចំណែកកងកម្លំាងប្រឆំាងកាដាហ្វីក៏កំពុងចូលកាន់កាប់ទីក្រុងម្តងមួយៗ។ ដូច្នេះ គោលដៅនៃសន្និសីទអន្តរជាតិនៅក្នុងប្រទេសអង់គ្លេសពេលនេះ គឺដើម្បីជួយរៀបចំរចនាសម្ព័ន្ធប្រទេសលីប៊ីឡើងវិញ
ក្រោយការដួលរលំរបបកាដាហ្វី។
តួនាទីសំខាន់របស់ក្រុមប្រឹក្សាជាតិអន្តរកាល
មានបញ្ហាពីរដែលប្រទេសសម្ព័ន្ធមិត្តកំពុងបន្តនិយាយមិនចុះសម្រុងគ្នា ទីមួយ៖ ទាក់ទងនឹងរូបកាដាហ្វី និងក្រុមអ្នកជំនិតរបស់កាដាហ្វី និងទីពីរ៖ ទាក់ទងនឹងក្រុមអ្នកប្រឆំាងដែលមកទល់ពេលនេះ នៅមិនទាន់មានរចនាសម្ព័ន្ធច្បាស់លាស់នៅឡើយ។ សំណួរដែលចោទនោះគឺថា បើរបបកាដាហ្វីដួលរលំនៅថ្ងៃស្អែក ឬមួយនៅថ្ងៃខាងស្អែក តើក្រុមអ្នកប្រឆំាងអាចនឹងគ្រប់គ្រងសភាពការណ៍បានដែរ ឬទេ ?។ រហូតមកទល់ពេលនេះ ក្រុមអ្នកប្រឆំាងបានបង្កើតចេញនូវក្រុមប្រឹក្សាជាតិអន្តរកាលមួយដែលមានសមាជិក ៣១នាក់ និងសមាជិក ២ ភាគ ៣នៅមិនទាន់បង្ហាញអំពីអត្តសញ្ញាណរបស់គេទេ។ ទោះបីជាក្រុមប្រឹក្សាជាតិអន្តរកាលនោះមិនទាន់បានប្រកាសតំាងខ្លួន ជារដ្ឋាភិបាលក៏ដោយ ក៏មានប្រទេសមួយចំនួនបានប្រកាសទទួលស្គាល់ក្រុមប្រឹក្សាជាតិអន្តរកាលនេះរួចទៅហើយ។ ប៉ុន្តែ គ្រប់គ្នាកំពុងចោទអំពីលទ្ធភាព និងសមត្ថភាពរបស់ក្រុមប្រឹក្សាជាតិអន្តរកាលនោះ។
ទន្ទឹមគ្នានេះ មានប្រទេសលោកខាងលិចខ្លះចង់ដើរតួនាទី ជាអន្តរការីនៅក្នុងការផ្សះផ្សាជាតិរវាងមនុស្សខ្លំាងកាដាហ្វី និងក្រុមអ្នកប្រឆំាង។ បំណងនេះ គឺដើម្បីចៀសវាងកុំឲ្យប្រទេសលីប៊ី ក្លាយជាប្រទេសអ៊ីរ៉ាក់ថ្មី ឬមួយក៏អាហ្វហ្កានីស្ថានថ្មី។ ចំណែកប្រទេសបារំាង និងអង់គ្លេសបានលើកឡើងពីតួនាទីត្រួសត្រាយផ្លូវរបស់ក្រុមប្រឹក្សាជាតិអន្តរកាល នៅក្នុងកិច្ចចរចាផ្សះផ្សាជាតិ។ ប៉ុន្តែបញ្ហានៅត្រង់ថា ដំណើរការផ្សះផ្សាជាតិនឹងច្បាស់ជាមិនអាចទៅរួច ដោយគ្មានវត្តមានកាដាហ្វី និងក្រុមអ្នកជំនិតរបស់កាដាហ្វីបានទេ។ សំណួរដែលកំពុងបន្តចោទគឺថា តើគេត្រូវដាក់កាដាហ្វីឲ្យនៅក្រៅឆាកនយោបាយលីប៊ី ដោយរបៀបណា។ យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិបានបញ្ជាក់រួចហើយថា ទុកឲ្យប្រជាជនលីប៊ី ជាអ្នកសម្រេចជោគវាសនាអនាគត ដោយខ្លួនឯង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ