តុល្យាការរបស់លោកDominique Strauss-Kahn នៅមូលនិធិរូបិយវត្ថុអន្តរជាតិIMF
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៨
លោកDominique Strauss-Kahn អគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMF បានលាឈប់ពីមុខតំណែងនៅថ្ងៃព្រហស្បតិ៍ទី១៩ឧសភាឆ្នាំ២០១១នេះ ដោយបានបន្សល់ទុកឲ្យនូវជោគជ័យនៃការធ្វើទំនើបកម្មទៅលើស្ថាប័ន ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនេះ ហើយក៏បានបន្សល់ទុកឲ្យផងដែរនូវ « ការដ្ឋាន »មួយចំនួនដែលពុំទាន់បានបញ្ចប់។
ជោគជ័យរបស់លោកDominique Strauss-Kahnក្នុងការធ្វើទំនើបកម្មទៅលើមូលនិធិរូបិយវត្ថុអន្តរជាតិIMFមាន៖
ទី១-កំណែទម្រង់ទៅលើសិទ្ធិក្នុងការបោះឆ្នោត
លោកDominique Strauss-Kahnក្នុងឋានៈជាអគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMFត្រូវការពេលវេលាដល់ទៅ៦ខែដើម្បីសម្រេចបានជោគជ័យក្នុងការសម្របសម្រួលឲ្យប្រទេសជាសមាជិកIMFយល់ព្រមធ្វើកំណែទម្រង់ទៅលើសិទ្ធិក្នុងការបោះឆ្នោត ដោយបានផ្តល់អាទិភាពឲ្យទៅប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង។ ទាំងនេះដើម្បីធ្វើការកែតម្រូវកុំឲ្យមានវិសមតាខ្លាំងពេកនៅក្នុងការបោះឆ្នោតនៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិIMF ហើយនិងដើម្បីឲ្យបានសមស្របនឹងទម្ងន់នៃប្រទេសទាំងនោះនៅលើឆាកសេដ្ឋកិច្ចពិភពលោកថ្មី។
ទី២-ការស្ដារស្ថានភាពហិរញ្ញវត្ថុរបស់IMF
នៅឆ្នាំ២០០៧ស្ថានភាពហិរញ្ញវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិIMFធ្លាក់ក្នុងសភាពមួយដ៏ដុនដាប ដែលតម្រូវឲ្យIMF លក់ស្តុកមាសមួយចំនួនរបស់ខ្លួន ហើយនិងតម្រូវឲ្យIMFបញ្ឈប់បុគ្គលិកមួយចំនួនផងទៀតដោយហេតុតែបញ្ហាហិរញ្ញវត្ថុ។ ប៉ុន្តែក្រោយពីលោកDominique Strauss-Kahnបានឡើងមកកាន់តំណែងជាអគ្គនាយក បច្ចុប្បន្ននេះមូលនិធិរូបិយវត្ថុអន្តរជាតិIMFមានសល់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជួយប្រទេសក្នុងលោកដែលជួបនឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុ។ ទាំងនេះក៏ដោយសារតែប្រទេសសមាជិកIMFបានសម្រេចចិត្តនៅខែមេសាឆ្នាំ២០០៩ធ្វើការបង្កើនបរិមាណនៃមូលនិធិរបស់ខ្លួនមួយជាបី។
ទី៣-ការផ្តល់ប្រាក់កម្ចីឲ្យប្រទេសក្រីក្រដោយកំណត់យកអត្រាការប្រាក់សូន្យ
នៅក្រោមការគ្រប់គ្រងរបស់លោកDominique Strauss-Kahn ជាអគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMF នៅខែកក្កដាឆ្នាំ២០០៩ជាលើកទី១នៅក្នុងប្រវត្តិសាស្ត្ររបស់IMF ដែលបានផាត់លុបចោល “ការប្រាក់”ឲ្យប្រទេសក្រីក្រសម្រាប់រយៈកាលពីរឆ្នាំកន្លះ ហើយកាយវិការដ៏សប្បុរសនៃការផាត់លុបចោល “ការប្រាក់”ឲ្យប្រទេសក្រីក្រដោយIMFនេះអាចនឹងធ្វើបន្តទៅទៀត។
ទី៤-ការធ្វើទំនើបកម្មទៅលើឧបករណ៍សម្រាប់ត្រួតពិនិត្យនិងការផ្តល់ប្រាក់កម្ចី
ប្រឈមមុខទល់នឹងវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏ធំធេង មូលនិធិរូបិយវត្ថុអន្តរជាតិIMFបានខិតខំរិះរកមធ្យោបាយដើម្បីជួយការពារប្រទេសដែលកំពុងជួបនឹងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ដោយបានបង្កើតឲ្យមាននូវ “ឥណទានវិវឌ្ឍន៍” មួយនៅឆ្នាំ២០០៩សម្រាប់ជួយដល់ប្រទេសជួបនឹងវិបត្តិហិរញ្ញវត្ថុដែលមានការគ្រប់គ្រងនិងមានអភិបាលកិច្ចល្អ។
ចំណែកឯ« ការដ្ឋាន » ដែលលោកDominique Strauss-Kahnពុំទាន់បានបញ្ចប់នោះមាន៖
ទី១-កំណែទម្រង់ទៅលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ
ដោយហេតុតែមានប្រទេសជាច្រើនដែលជាសមាជិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMFពុំពេញចិត្តនឹងដំណើរការនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិSystème Monétaire International ទើបបានជាលោកDominique Strauss-Kahnបានខិតខំរិះរកមាគ៌ានយោបាយដើម្បីជួយធ្វើកំណែទម្រង់។ ហើយទោះជាយ៉ាងណាក្តី ក៏ប្រាក់ដុល្លារអាមេរិកនៅរក្សា “លក្ខន្តិកៈ”របស់ខ្លួនសម្រាប់រយៈពេលមួយដ៏វែងឆ្ងាយទៀត។
ទី២-ការលើកតម្កើងកិត្តិនាមនិងរូបភាពរបស់IMF
លោកDominique Strauss-Kahnមានការពេញចិត្តនឹងរូបភាពរបស់IMF ដែលបានវិវឌ្ឍទៅរកភាពល្អប្រសើរជាងពីពេលមុនដោយសារតែមានកំណែទម្រង់របស់លោក។ មូលនិធិរូបិយវត្ថុអន្តរជាតិIMFដែលប្រទេសជាច្រើនធ្លាប់បានចាត់ទុកថា ឧបករណ៍របស់ប្រទេសឧស្សាហកម្មអ្នកមានសម្រាប់ធ្វើការក្តោបក្តាប់ត្រួតត្រាទៅលើប្រទេសក្រីក្រ។ ក៏ប៉ុន្តែដោយហេតុតែ “កម្មវិធីតឹងរ៉ឹងត្បិតត្បៀត”របស់IMFដាក់ទៅលើប្រទេសមានវិបត្តិហិរញ្ញវត្ថុមួយចំនួនដូចជាប្រទេសក្រិក ប្រទេសអៀរឡង់ ឬប្រទេសរូម៉ានីជាដើម មូលនិធិរូបិយវត្ថុអន្តរជាតិIMFនៅតែមានរូបភាពអប្រជាប្រិយនៅក្នុងប្រទេសទាំងនោះ។
ទោះបីជាទម្ងន់សេដ្ឋកិច្ចនៃប្រទេសអាស៊ីសំខាន់ៗបានស្ទុះកើនឡើងពុំឈប់ឈរយ៉ាងណាក្តី ក៏បេក្ខភាពនៃឥស្សរជនមកពីប្រទេសអាស៊ីនៅមានកង្វះខាតពុំទាន់អាចឡើងមកកាន់កាប់តំណែង ជាអគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMF ជំនួសលោកDominique Strauss-Kahnដែលបានលាឈប់ពីមុខតំណែងនៅថ្ងៃព្រហស្បតិ៍ទី១៩ឧសភាឆ្នាំ២០១១នេះនៅឡើយ។ តើទាំងនេះបណ្តាលមកពីមូលហេតុអ្វី ?
មូលហេតុចម្បងគឺប្រទេសអាស៊ីដែលជាសមាជិករបស់IMF នៅពុំទាន់ចេះរួបរួមគ្នា។ ជាក់ស្តែងប្រទេសអាស៊ីជាច្រើនគ្រោងបញ្ចេញបង្ហាញបេក្ខជនរបស់ខ្លួន។ ក៏ប៉ុន្តែប្រទេសអាស៊ីទាំងនោះពុំបានគិតគូរពិភាក្សាគ្នាក្នុងថ្នាក់តំបន់របស់ខ្លួនឡើយ។
រីឯបេក្ខភាពរបស់លោកស្រីChristine Lagarde រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងវិញ បានទទួលការគាំទ្រជាច្រើនពីសំណាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសអាស៊ីមួយចំនួន។
គួរកត់សម្គាល់ថា បេក្ខភាពនៃឥស្សរជនអាស៊ីពីររូបដែលមានឈ្មោះលេចចេញជាងគេគឺលោកMontek Singh Ahluwalia មានអាយុ៦៧ឆ្នាំជាអគ្គនាយករងនៃស្នងការដ្ឋានផែនការឥណ្ឌា។ ឥស្សរជនអាស៊ីម្នាក់ទៀតគឺលោកTharman Shanmugaratnam អាយុ៥៤ឆ្នាំជារដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុសិង្ហបុរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ