អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​នយោបាយ​ដ៏ហិង្សា​នៅប្រទេស​យេម៉ែន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពីមាន​ការបាញ់​បំផ្លោង​ទៅលើ​វិមាន​ប្រធានាធិបតី​ ​ នៅក្នុង​សារ​របស់​ប្រធានាធិបតី​យេម៉ែន​ដែល​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ រដ្ឋ​នៅ​ថ្ងៃសុក្រ​ទី៣​មិថុនា​ឆ្នាំ២០១១​ ​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​បាន​ថ្លែង​ឲ្យ​ដឹងថា​ លោក​នៅ​មាន​សុខភាព​ល្អ។​ ក៏ប៉ុន្តែ​នៅពេល​រសៀល​ម្សិលមិញ​ ​ បក្ស​ប្រឆាំង​បាន​ប្រកាស​ឲ្យ​ដឹងថា​ ​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​បាន​ស្លាប់​ទៅហើយ។​ នៅទី​បំផុត​ ​ ប្រភព​ស្និទ្ធនឹង​ប្រធានាធិបតី​យេម៉ែន​បាន​ឲ្យ​ដឹងថា​ ​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​ឋិត​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ក្រសួង​ការពារជាតិ។

បាតុករ​យេម៉ែន​រាប់ម៉ឺននាក់​នៅទីក្រុង​សាណា​នៅថ្ងៃទី៣​មិថុនា​ឆ្នាំ២០១១​ ទាមទារ​ឲ្យ​​ប្រធានាធិបតី​​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍ចាកចេញ​ពីមុខ​តុំណែង​
បាតុករ​យេម៉ែន​រាប់ម៉ឺននាក់​នៅទីក្រុង​សាណា​នៅថ្ងៃទី៣​មិថុនា​ឆ្នាំ២០១១​ ទាមទារ​ឲ្យ​​ប្រធានាធិបតី​​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍ចាកចេញ​ពីមុខ​តុំណែង​ ©​ REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​ “សម្លេង​សារ”​ដែល​បាន​ចាក់​ផ្សព្វផ្សាយ​តាម​រយៈ​​ទូរទស្សន៍​រដ្ឋ​នៅ​ថ្ងៃសុក្រ​ទី៣​មិថុនា​ឆ្នាំ២០១១​  ​ ប្រធានាធិបតី​យេម៉ែន​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ “​លោក​នៅមាន​សុខភាព​ល្អ”។​ ប្រធានាធិបតី​យេម៉ែន​បាន​បញ្ជាក់​ទៀត​ថា​ ​ មាន​នាយទាហាន​យេម៉ែន​៧នាក់​បាន​ស្លាប់​នៅក្នុង​ការ​វាយប្រហារ​ទៅលើ​វិហារ​អ៊ីស្លាម​នៃ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​សាណា។

 
នៅក្នុង​ “សម្លេង​សារ”​ដែល​បាន​ចាក់​ផ្សាយ​តាម​រយៈ​​ទូរទស្សន៍​រដ្ឋ​ ​ ប្រធានាធិបតី​យេម៉ែន​បាន​ធ្វើការ​ចោទ​ប្រកាន់​ទៅលើ​កូនប្រុស​មួយ​ចំនួន​របស់​Cheikh Sadek al-Ahmar ដែល​ជា​មេ​កុលសម្ព័ន្ធ​ដ៏​សំខាន់​នៅ​ប្រទេស​យេម៉ែន​ថា​ជាអ្នក​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​វិមាន​ប្រធានាធិបតី​និង​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​ប្រធានាធិបតី​យេម៉ែន។​ លោក​អាលី​ អាប់ដាឡាហ៍​សាឡេហ៍​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ “​កងកម្លាំង​យោធា​វាយ​កំចាត់​ពួកបះបោរ​ទាំងនេះ​ចេញ​ឲ្យ​អស់​ពី​ស្ថាប័ន​រដ្ឋ​យេម៉ែន”។

បើយោងតាម​អ្នកទទួល​ខុសត្រូវ​នៃ​គណបក្ស​នយោបាយ​របស់​ប្រធានាធិបតី​យេម៉ែន​បាន​ឲ្យ​ដឹងថា​ ​ លោក​អាលី​ អាប់ដាឡាហ៍​សាឡេហ៍​បាន​ទទួល​រង​របួស​នៅ​ក្បាល​ ​ ហើយ​នៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ក្រសួង​ការពារជាតិ​។​ សន្និសីទ​កាសែត​មួយ​ដែល​គ្រោង​រៀបចំ​ធ្វើ​បាន​ត្រូវ​គេ​លើកចេញ​វិញ​ ​ ប៉ុន្តែ​នៅ​ទីបំផុត​ គេ​ក៏​បាន​រៀបចំ​ឲ្យ​មាន​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃរសៀល​ម្សិលមិញ​ ​ ដោយគ្មាន​វត្តមាន​របស់​ប្រធានាធិបតី​យេម៉ែន​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​ឡើយ។​ នាឱកាសនោះ​ ​ លោក​Abdou al-Janidi អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ “​អាជ្ញាធរ​នឹង​ធ្វើការ​អង្កេត​តាមរក​ចាប់​អ្នក​ដែល​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​វិមាន​ប្រធានាធិបតី​យេម៉ែន”។

សហភាពអឺរ៉ុប​នឹង​ជម្លៀស​ប្រជាជន​អឺរ៉ុប​ចេញពី​ប្រទេស​យេម៉ែន

នៅ​ចំពោះមុខ​ស្ថានការណ៍​ដ៏​ហិង្សា​បែបនេះ​នៅ​ប្រទេស​យេម៉ែន​ ​ ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​លោក​ស្រី​Catherine Ashton ​បាន​រៀបចំ​ឲ្យ​មាន​កិច្ចការពារ​ប្រជាជន​ស៊ីវិល​អឺរ៉ុប។​ យន្តកម្ម​នេះ​គឺ ​រៀបចំ​ធ្វើយ៉ាងណា​ដើម្បី​ជួយ​សម្រួល​ដល់ការ​ជម្លៀស​ប្រជាជន​ស៊ីវិល​អឺរ៉ុប​ដែល​ចង់​ចាកចេញ​ពី​​ប្រទេស​យេម៉ែន។

ទីក្រុង​ប៉ារីស​ឯណេះ​នឹង​ធ្វើការ​អំពាវនាវ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​ឲ្យ​ប្រជាជន​ស៊ីវិល​បារាំង​ចាកចេញ​ពី​ប្រទេស​យេម៉ែន។​ រីឯ​ទីក្រុង​ឡុងដ្រឺ៍​ឯណោះ​ក៏​ដូច​គ្នា​អ៊ីចឹងដែរ​ ​ នឹង​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាជន​អង់គ្លេស​ចាកចេញ​ពី​ប្រទេស​យេម៉ែន​ឲ្យ​បាន​ឆាប់រហ័ស។

ភ្ជាប់​មក​ជាមួយ​នូវ​សំណើ​ឲ្យ​មាន​ការជួយ​សម្រួល​ដល់​ប្រជាជន​ស៊ីវិល​អឺរ៉ុប​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​យេម៉ែន​ ​ ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​លោក​ស្រី​Catherine Ashton ​បាន​ធ្វើការ​អំពាវនាវ​ជាថ្មី​ម្តងទៀត​ ​ ឲ្យ​លោក​ប្រធានាធិបតី​យេម៉ែន​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​ដែល​បាន​ទទួល​រង​របួស​នៅ​ក្បាល​ រៀបចំ​ឲ្យ​មាន​ ​ “​ការសាង​ផ្ទេរ​រដ្ឋអំណាច​ដោយ​សន្តិវិធី”​ ​ និយាយ​ឲ្យ​ចំ​គឺ​ឲ្យ​លោក​​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​លាចាក​ចេញ​ពី​រដ្ឋអំណាច។

នៅ​ក្នុង​វិបត្តិ​នយោបាយ​ដ៏​ស្មុគស្មាញ​នៅ​ប្រទេស​យេម៉ែន​នេះ​ ​ លោក​Abdoulaye Wade ប្រធានាធិបតី​នៃ​ប្រទេស​សេណេហ្កាល់​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​ទី៣​មិថុនា​ម្សិលមិញថា​ ​ លោក​ប្រធានាធិបតី​យេម៉ែន​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​បាន​ស្នើ​ឲ្យ​លោក​ជួយ​ទាក់ទង​ប្រទេស​បារាំង​និង​សហរដ្ឋ​អាមេរិក​ ​ ក្នុង​ការ​ជួយ​ប្រទេស​យេម៉ែន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​យេម៉ែន​មុន​នឹង​លោក​ចាកចេញ​ពី​រដ្ឋអំណាច​ជាយថាហេតុ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​បញ្ជូន​ទៅឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​ ​ លោក​Abdoulaye Wade ​ប្រធានាធិបតី​នៃ​ប្រទេស​សេណេហ្កាល់​ដែល​បច្ចុប្បន្ននេះ​ជា​ប្រធាន​នៃ​អង្គការ​សន្និសីទ​អ៊ីស្លាម​បាន​ថ្លែង​បញ្ជាក់​ទៀតថា​ ​ “​លោក​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​បាន​បញ្ជាក់​ប្រាប់លោក​ថា​យល់ព្រម​លាចាកចេញ​ពីមុខ​តំណែង​ប្រធានាធិបតី​នៃ​ប្រទេស​យេម៉ែន​ ​ ហើយបាន​សុំ​ឲ្យ​លោក​ជួយ​ទាក់ទង​ប្រទេស​បារាំង​ ​ សហរដ្ឋ​អាមេរិក​ ​ ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ​ ប្រទេស​អារ៉ាប់រួម​និង​ប្រទេស​ជាមិត្ត​មួយ​ចំនួន​ទៀត​ ​ ដើម្បី​ជួយ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​មួយ​នៅ​ប្រទេស​យេម៉ែន។​ ​លោក​ប្រធានាធិបតី​យេម៉ែន​ អាលី​ អាប់ដាឡាហ៍​សាឡេហ៍​បាន​គូស​បញ្ជាក់​ទៀតថា​ ​ លោក​នឹង​ពុំ​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នោះឡើយ​ ​ ហើយ​លោក​នឹង​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ផងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ