អានតួអត្ថបទ
យេមែន

សំណើថ្មី​របស់ ​អាលី អាប់ដាឡា សាឡេះ ​ក្រោយពី​ឧត្តមសេនីយ៍​កំពូលៗ​រត់ចោល​

ក្រោយពី​ឧត្តមសេនីយ៍​កំពូលៗ​និង​កងកម្លាំង​យោធា​មួយប៉ែក​បាន​រត់ចោល​ ​ នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ លោក​ប្រធានាធិបតី​យេមែន​ អាលី​ អាប់ដាឡា​ សាឡេះ​ បាន​ធ្វើសំណើ​លាឈប់​ពី​មុខតំណែង​នៅ​ដើមឆ្នាំ​២០១២​ខាងមុខនេះ។​ ប៉ុន្តែ​ក្រុមអ្នក​ប្រឆាំង​បាន​បដិសេធ​សំណើនេះ​ ហើយបាន​ទាមទារ​ឲ្យ​ អាលី​ អាប់ដាឡា​ សាឡេះ​ ចាកចេញ​ពីមុខ​តំណែង​ភ្លាមៗ។

ប្រធានាធិបតី​យេមែន​ អាលី​ អាប់ដាឡា​ សាឡេះ
ប្រធានាធិបតី​យេមែន​ អាលី​ អាប់ដាឡា​ សាឡេះ © Reuters
ផ្សាយពាណិជ្ជកម្ម

01:38

សេចក្តីរាយការណ៍របស់​ សៀក សារិន

មុន​ធ្វើ​សំណើថ្មីនេះ​ ​ លោក​ប្រធានាធិបតី​យេមែន​ អាលី​ អាប់ដាឡា​ សាឡេះ​ ដែល​បាន​កាន់​កាប់​អំណាច​អស់​រយៈពេល​៣២ឆ្នាំ​មកហើយ​ធ្លាប់​បាន​ព្រមាន​ប្រាប់​ពី​គ្រោះថ្នាក់​នៃ​សង្គ្រាម​ស៊ីវិល​ដែល​អាច​កើតមាន​ដល់​ប្រទេស​ជាតិ។​ រដ្ឋធានី​Sanaa ដែល​គេ​ឃើញមាន​តាំងពី​ថ្ងៃចន្ទ​ដាក់​ពង្រាយ​នូវ​រថក្រោះ​ជាច្រើនគ្រឿង។

 
នៅ​ទីក្រុង​មូកាឡា​ដែលឋិត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​យេមែន​ គេឃើញមាន​ការវាយ​ប្រហារ​គ្នា​មួយ​កាលពី​យប់​ថ្ងៃចន្ទ​កន្លង​ទៅ​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ពីរនាក់។

ភាពតានតឹង​នៅ​ប្រទេស​យេមែន​នេះ​ ​ បាន​បណ្តាល​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ ​ ដោយហេតុថា​ សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ ប្រធានាធិបតី​យេមែន​ អាលី​ អាប់ដាឡា​ សាឡេះ​ជា​សម្ព័ន្ធមិត្ត​ម្នាក់​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ភេរវនិយម​អាល់កៃដា។

ដើម្បី​រកច្រកចេញ​ពី​វិបត្តិ​យេមែន​ ​ ប្រធានាធិបតី​ អាលី​ អាប់ដាឡា​ សាឡេះ​ដែល​អាណត្តិ​ប្រធានាធិបតី​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៣​បាន​ស្នើ​ឲ្យមាន​ “​ការបោះឆ្នោត​សភា​នៅ​មុន​ដំណាច់​ឆ្នាំ២០១១​ បន្ទាប់មក​ ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ដោយ​សមាជិក​សភា​នៅ​ដើម​ឆ្នាំ២០១២”​។

ក៏ប៉ុន្តែ​ ក្រុម​អ្នក​ប្រឆាំង​បាន​បដិសសេធ​សំណើ​នេះ​ ​ ហើយ​អ្នក​នាំពាក្យ​នៃ​ចលនា​ប្រឆាំង​បាន​ថ្លែងថា​ “​ប្រជាជន​យេមែន​ទាមទារ​ឲ្យ​ អាលី​ អាប់ដាឡា​ សាឡេះ​ចាកចេញ​ពី​មុខ​តំណែង​ប្រធានាធិបតី​ភ្លាមៗ​ដោយ​គ្មាន​បង្អង់​ ទើប​ប្រជាជន​យេមែន​យល់ព្រម”​។

ដូច្នេះ​ឃើញថា​ ​ ប្រធានាធិបតី​យេមែន​ អាលី​ អាប់ដាឡា​ សាឡេះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​លាចាកចេញ​ពី​តំណែង​ឡើយ​ ​ ដោយហេតុ​ខ្វះការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ ​ ពីសំណាក់​យោធា​ ​ ហើយនិង​ខ្វះ​ការគាំទ្រ​ពី​សំណាក់​ប្រធាន​កុលសម្ព័ន្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ