អានតួអត្ថបទ
យេម៉ែន

ប្រធានាធិបតី​យេម៉ែនត្រៀម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​បិទបញ្ចប់​វិបត្តិ

នៅ​ថ្ងៃ​សៅរ៍ ទី២១ ឧសភា​ម្សិលមិញ ក្រុម​អ្នក​ប្រឆំាង​នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​សន្តិភាព​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក។ បើ​យោង​តាម​គណបក្ស​កាន់​អំណាច លោក អាលី អាប់ដាឡា សាឡេះ​ត្រៀម​ខ្លួន​នឹង​ចុះ​ហត្ថលេខា​លើ​ផែនការ​សន្តិភាព​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ផែនការ​សន្តិភាព​ដែល​តម្រូវ​ឲ្យ​លោក​អាលី អាប់ដាឡា សាឡេះ​ចុះ​ចេញ​ពី​អំណាច​ក្នុង​រយៈពេល ១ខែ​ទៀត​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​ការ​យល់ព្រម​ទទួល​យក​ផែនការ​សន្តិភាព​នោះ លោក​ប្រធានាធិបតី​ដែល​បាន​កាន់​អំណាច​ជាង ៣២ឆ្នំា ក៏​បាន​លើក​ឡើង​ពី​ការ​រួម​គំនិត​ក្បត់​នឹង​លោក​ផង​ដែរ។ គួរ​ជម្រាប​ជូន​ថា ការ​ចុះ​ហត្ថលេខា​លើ​ផែនការ​សន្តិភាព​នោះ​ត្រូវ​បាន​ប្រកាស​លើក​ពេល អស់​ជា​ច្រើន​លើក ច្រើន​សារ​មក​ហើយ។

លោក អាលី អាប់ដាឡា សាឡេះ ប្រធានាធិបតីយេមែន
លោក អាលី អាប់ដាឡា សាឡេះ ប្រធានាធិបតីយេមែន Reuters
ផ្សាយពាណិជ្ជកម្ម

គិត​មក​ទល់​ថ្ងៃ​នេះ គឺ​មាន​រយៈពេល​ប្រមាណ​ជា ១ខែ កន្លះ​មក​ហើយ​ដែល​កិច្ចព្រមព្រៀង​ដើម្បី​បិទបញ្ចប់​វិបត្តិ​នៅ​មិន​ទាន់​អាច​ចូល​ជា​ធរមាន​បាន​ទេ ដោយសារ​តែ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​លើក​ពេល​ម្តង​ហើយ ម្តង​ទៀត។ កិច្ចព្រមព្រៀង​ដើម្បី​បិទបញ្ចប់​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​យេម៉ែន ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​នៃ​ក្រុមប្រទេស​នៅ​តំបន់​ឈូង​សមុទ្រពែក។ កិច្ចព្រមព្រៀង​ដែល​ចែង​ថា ទីមួយ៖ រៀបចំ​ឲ្យ​មាន​រដ្ឋាភិបាល​ផ្សះផ្សា​មួយ ទីពីរ៖ ១ខែ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្សះផ្សា​បាន​បង្កើត​ឡើង លោក​ប្រធានាធិបតី អាលី អាប់ដាឡា សាឡេះ ត្រូវ​ចុះ​ចេញ​ពី​អំណាច និង​ទីបី៖ រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី នៅ​២ខែ ក្រោយ​ពី​ការ​ចាកចេញ​របស់​លោក​អាលី អាប់ដាឡា សាឡេះ។ សូម​រម្លឹក​ជូន​ថា ផែនការសន្តិភាព​នេះ​បាន​កើត​មាន​ឡើង ជា​ថ្នូរ​នឹង​ការ​រក្សា​អភ័យឯកសិទ្ធិ​ទំាងស្រុង​សម្រាប់​លោក​ប្រធានាធីបតី​អាលី អាប់ដាឡា សាឡេះ និង​ក្រុមជំនិត​របស់​លោក​ទំាង​អស់។

កន្លង​មក លោក​អាលី អាប់ដាឡា សាឡេះ​តែងតែ​ទុក​ឲ្យ​វិបត្តិ​អូសបន្លាយ​ដោយ​សង្ឃឹម​ថា ចលនា​របស់​ក្រុមអ្នកប្រឆំាង​នឹង​ចុះ​ខ្សោយ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ចលនា​ប្រឆំាង​កាន់​តែ​មាន​ទំហំ​ធំទៅៗ និង​កាន់​តែ​ហិង្សា​ទៀត​ផង។ ម្យ៉ាង​ទៀត គណបក្ស​កាន់អំណាច​តែង​តែ​ចេញ​មុខ​ប្រកាស​ពី​ការ​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមអ្នកប្រឆំាង ដោយ​គេ​មិន​ដែល​ឃើញ​លោក​អាលី អាប់ដាឡា សាឡេះ​ចុះ​ហត្ថលេខា​ជាផ្លូវការ​ម្តង​ណា​ទេ។

ជា​លើក​ទីមួយ នៅ​ថ្ងៃ​សៅរ៍ ទី២១ ឧសភា​ម្សិលមិញ រូប​លោក​អាលី អាប់ដាឡា សាឡេះ​បាន​សន្យា​ថា​នឹង​ចុះ​ហត្ថលេខា​លើ​ផែនការ​សន្តិភាព​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​ប្រទេស​នៅ​តំបន់ឈូងសមុទ្រពែក។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ លោក អាលី អាប់ដាឡា សាឡេះ​ក៏​បាន​ឆ្លៀត​លើក​ឡើង​ពី​​ការ​រួម​គំនិត​ក្បត់​នឹង​លោក និង​ការ​គំរាម​ជាថ្មី​របស់​អាល់កៃដា ប្រសិន​បើ​លោក​ចុះ​ចេញ​ពី​អំណាច។

អ្វី​ដែល​គេ​ដឹង នៅ​ថ្ងៃ​អាទិត្យ ទី២២ ឧសភា​នេះ ប្រជាជន​​យេម៉ែន​នំា​គ្នា​ប្រារព្ធ​ខួប​លើក​ទី២១ នៃ​ការ​បង្រួបបង្រួម​ប្រទេស​យេម៉ែន​តែ​មួយ កាលណោះ​នៅ​ថ្ងៃទី២២ ឧសភា ឆ្នំា ១៩៩០ រវាង​យេម៉ែន​ខាងជើង និង​យេម៉ែនខាងត្បូង។ អ្វី​ដែល​គេ​នៅ​មិន​ទាន់​ដឹង​នោះ ថា​តើ​នៅ​ថ្ងៃ​នេះ ប្រជាជន​យេម៉ែន​អាច​នឹង​ប្រារព្ធ​ការ​បញ្ចប់​នៃ​របប​ដឹកនំា​ជាង ៣២ឆ្នំា​របស់​លោក អាលី អាប់ដាឡា សាឡេះ ដែរ ឬ​យ៉ាង​ណា ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ