អានតួអត្ថបទ
កម្ពុជា

ក្រសួង​អប់រំ​ជំរុញ​ការ​លាង​សម្អាត​ដៃ​កុ​មារ​ នៅ​តាម​សាលា​

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៧​វិច្ឆិកានេះ រដ្ឋាភិបាល​ សង្គមស៊ីវិល និង​ដៃ​គូអភិវឌ្ឍន៏​នានា នៅ​កម្ពុជា បាន​​រួម​​គ្នា​​បើក​សិក្ខាសាលា​មួយ​ ដោយ​ផ្តោត​លើ​ការ​​លាង​​សម្អាត​​ដៃ។ សិក្ខា​សាលា​នេះ​ត្រូវ​បាន​​បើក​ធ្វើនៅ​សណ្ឋាគារ​ Imperial Hotel ក្នុង​ក្របខណ្ឌ​នៃ​ទិវា​ពិភពលោកលាង​សម្អាតដៃ​។ ក្រសួង​​អប់រំយុវជន​ និងកីឡា និង​អង្គការ ​​UNICEF បានសម្តែងការ​​ព្រួយ​បារម្ភ​​ពី​​ការ​ស្លាប់​របស់​​កុមារ​ដោយសារ​តែ​កង្វះ​អនាម័យ​។​ទិវាពិភពលោក​លាងសម្អាត​ដៃឆ្នាំនេះ​បានផ្តោត​លើ​​អនាម័យ​នៅតាមសាលារៀន។

សិក្ខាសាលា​ ស្តីពី​ការ​លាង​លាង​សម្អាតដៃ ដែល​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ
សិក្ខាសាលា​ ស្តីពី​ការ​លាង​លាង​សម្អាតដៃ ដែល​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​ការរក​ឃើញ​​​របស់​អង្កការ​ UNICEF មាន​កុមារ​ប្រមាណជា ២,០០០នាក់ នៅ​កម្ពុជា​ បាន​ស្លាប់​បាត់បង់​ជីវិតជារៀង​រាល់​ឆ្នាំ ដោយ​សារ​ជំងឺ​រាគ​រូស។ យ៉ាងណាក៏​ដោយ ​កុមារ​ទាំងនេះ អាច​នឹង​ការពារ​ពី​ជំងឺ​នេះបាន​ ប្រសិន​បើឪពុក​ម្តាយ ឬ​​អាណាព្យាបាល​របស់​ពួកគេ គ្រាន់​តែ​បង្កើន​អនាម័យ​ ដោយ​ការ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ដល់​កូន​ៗរបស់​ពួកគេ។ នេះគឺ​ជា​ខ្លឹម​សារ​សំខាន់​នៃ​សិក្ខាសាលា​ដែលត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃពុធនេះ ​ក្រោម​ប្រធាន​បទ រដ្ឋាភិបាល​ និង​ដៃ​គូ​នានា រួម​គ្នា​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ន៍​អនាម័យ​តាម​សាលារៀន​ និង​លុប​បំបាត់​ការ​សាយ​ភាយ​ នៃ​ជំងឺ​ដែល​អាចទប់​ស្កាត់​បាន។

លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់​រំ យុវជន​ និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​អង្គសិក្ខាសាលានោះ​ថា ​ទោះបីជា​ទស្សវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​មាន​ការរីកចម្រើន​ផ្នែក​ផ្សេងៗ​​ក៏ដោយ តែ​អត្រា​ការឆ្លង​ជំងឺ​ផ្សេងៗ និង​ការស្លាប់​របស់​កុមារ នៅតែ​ជា​បញ្ហា​ប្រឈម ដែល​គួរឲ្យ​ព្រួយបារម្ភ​​ដដែល​។ លោក​ក៏​បាន​​​អំពាវនាវ ​ដល់​អង្គ​ការ​​​ដៃគូ​ទាំងអស់​​ ជាពិសេស មន្ទីរអប់រំ​គ្រប់​ជាន់ថ្នាក់ ធ្វើ​យ៉ាងណា​ពង្រឹង​ការអនុវត្តន៍​ផែនការ​របស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន ដោយ​បំពាក់​សម្ភារៈ​រូបវ័ន្ត​ផ្នែក​អនាម័យ​​នៅ​​តាម​​សាលារៀន​​ឲ្យ​បាន​​គ្រប់​គ្រាន់​។

ចំណែក​លោក​ស្រី Sunah Kim ​អនុប្រធាន​អង្គការ UNICEF ប្រចាំ​កម្ពុជា ក៏​បាន​លើក​ឡើងដែរ​ថា អង្គការ​ UNICEF ​នៅតែ​បារម្ភពី​បញ្ហា​កង្វះ​អាហារ​​រូបត្ថ​ម និង​កង្វះ​អនាម័យ​ ក្នុងចំណោម​ក្រុម​កុមារ​តូចៗនៅ​កម្ពុជា។​ លោក​ស្រី​ បាន​បន្ត​ថា​ កត្តា​ទាំង​នេះ​​គឺ​នាំ​ឲ្យ​កុមារ​ឆ្លង​ជំងឺ​ផ្សេងៗ ហើយ​ឈាន​​ទៅដល់​ការស្លាប់​។

សូម​បញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃ ត្រូវបានប្រារព្ធធ្វើកាលពីថ្ងៃទី ២១ ខែ តុលា ប៉ុន្តែ សកម្មភាពនានាទាក់ទងនឹងទិវានេះនឹងបន្តរហូតដល់ចុងខែវិច្ឆិកា។ ភាពជាដៃគូសកល​ នៃ​វិស័យ​សាធារ​ណៈឯកជន សម្រាប់ការលាងសម្អាតដៃនឹងសាប៊ូ បានផ្តួចផ្តើម ឲ្យមាន​ទិវា​ពិភពលោក​លាងសម្អាតដៃនៅឆ្នាំ២០០៨ និងបាន​ទទួល​​ការអនុម័តគាំទ្រ ដោយរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និង​បុគ្គលនានា​ជុំវិញពិភព​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ