អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ស្ករ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​មែន​ឬ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធាត់​ជ្រុល​ចុក​ខ្លាញ់ ទឹក​នោម​ផ្អែម ឡើង​ឈាម មាន​ជំងឺ​សរសៃ​ឈាម​បេះដូង … ស្ករ​នាពេល​បច្ចុប្បន្ន​នេះ ត្រូវ​ជាប់​ចោទ​ជា​ដើម​ហេតុ។ អ្នក​ប្រយុទ្ធ​ប្រឆាំងនឹង​​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ស្ករ បាន​បរិហារ​ជាពិសេស​ ការ​បង្កើត​វត្តមាន​ស្ករ​ក្នុង​ចំណី​អាហារ តែ​ត្រូវ​លាក់​បាំង​មិន​អាច​មើល​ឃើញ។ តើ​ស្ករ​ពិត​ជា​បង្ក​គ្រោះ​ថា្នក់​ដល់​សុខភាព​មែនឬ ? តើ​ត្រូវ​បរិភោគ​ក្នុង​កំរិត​ណា​ទើប​ល្អ ទើប​គ្រប់គ្រាន់​សម្រាប់​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​សរីរាង្គកាយ ? ស្ករ​ស្គម​ពិត​ជា​មាន​ទំនាក់ទំនង​បង្ក​ជំងឺ​មហារី​ក​មែន​ឬ ?

ការ​បង្ហាញ​ពី​បរិមាណ​ស្ករ​នៅក្នុង​ភេសជ្ជៈ
ការ​បង្ហាញ​ពី​បរិមាណ​ស្ករ​នៅក្នុង​ភេសជ្ជៈ REUTERS/Andrew Burton
ផ្សាយពាណិជ្ជកម្ម

បើ​យោល​ទៅ​តាម​ព័ត៌មាន​ ភស្តុតាង និង​ការ​ផ្សព្វផ្សាយ​នាពេល​បច្ចុប្បន្ន​នេះ ការ​ទទួល​ទាន​ស្ករ​ ច្រើន​ហួស​ហេតុ ពិត​ណាស់ ថា​នឹង​បង្ក​ផល់​អាក្រក់​ដល់​សុខភាព​។ គ្រោះថ្នាក់​​ចំពោះ​សុខភាព​នេះ អាច​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ការ​ទទួល​ទាន​សុរា សម្រាប់​រយៈ​ពេល​វែង តែ​តិច​ជាង​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​បារី។ យើង​មិន​ស្លាប់​ភ្លាម​ដោយ​សារ​ការ​បរិភោគ​ស្ករ​ច្រើន​ហួស​ហេតុ​ទេ តែ​ស្ករ​ជា​អាវុធ​ធ្វើ​បាប​មនុស្ស​​យ៉ាង​សម្ងាត់ ដោយ​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​យ៉ាង​ច្រើន នៅពេល​អនាគត។

​ស្ករជា​គ្រឿង​ញៀន​ ?

 

ស្ករ​ជា​អាហារ​ដែល​មាន​លក្ខណៈ​ញៀន។ លក្ខណៈ​នេះ ត្រូវ​បាន​រក​ឃើញ និង​បក​ស្រាយ​បញ្ជាក់​ដោយ​ការ​ពិសោធន៍​​ផ្លូវ​អារម្មណ៍។ ការ​ពិសោធន៍​របស់​បារាំង លើ​សត្វ​កណ្តុរ បាន​បង្ហាញ​ថា សត្វ​កណ្តុរ​នេះ​ទាក់ទាញ​ដោយ​ស្ករ ខ្លាំង​ជាង​ដោយ​គ្រឿង​ញៀន កូកាអ៊ីន។ ទាំង​មនុស្ស​ ទាំង​សត្វ សុទ្ធ​ទាក់​ទាញ​ដោយ​សារធាតុ​ស្ករ សារធាតុ​ផ្អែម សូម្បី​តែ​ខ្លា​ឃ្មុំ​ក៏​ត្រៀម​ប្រយុទ្ធ​ដើម្បី​បាន​ស្ក បាន​សម្បុក​ឃ្មុំ​ស៊ី​ដែរ។ សារធាតុ​ស្ករ ផ្អែម​នេះ​ ត្រូវ​កំណត់ថា​មាន​លក្ខណៈ​បន្ថែម ដោយ​ហេតុ​ថា​ បើ​បាន​ញ៉ាំ​ហើយ ចង់​ញ៉ាំ​ទៀត បើ​​ញ៉ាំ​កាន់​តែ​ច្រើន និង​ចង់​បាន​បន្ថែម​នៅពេល​ក្រោយ។

ស្ករ​ មាន​ពីរ​ប្រភេទ ស្ករ​ដែល​ធ្វើ​សកម្មភាព​ភ្លាមៗ និង​សកម្មភាព​​យឺតៗ។ តើ​ជា​អ្វី​?

 

គេ​អាច​បែង​ចែក​ស្ករ​ជា​ពីរ​ប្រភេទ គឺ​ស្ករ​ដែល​មាន​សកម្មភាព​យឺត និង​​ស្ករ​មាន​សកម្មភាព​លឿន។ ការ​បែង​ចែក​នេះ ប្រភេទ​ស្ករ​នេះ ហាក់​​​បូរាណបន្តិចហើយ ប៉ុន្តែ​​ពាក្យ​នេះ​អាច​ជួយ​ក្នុង​ការ​កំណត់​សម្គាល់​ សន្ទស្សន៍​ជាតិ​ស្ករ glycemie។ ស្ករ​ដែល​មាន​សកម្មភាព​លឿន សំដៅ​យក​សារធាតុ​ស្ករ​ដែល​ងាយ​ជ្រាប​ក្នុង​ឈាម ងាយ​ធ្វើ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន។ ស្ករ​ប្រភេទ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ជាទូទៅ​នៅក្នុង​ ដុំ​ស្ករ​សម្រាប់​ដាក់​ក្នុង​កាហ្វេ ភេសជ្ជផ្អែម​ ស្ករ​គ្រាប់​​ ស្ករ​សូកូឡា ។ល។ និង​។ល។ ទទួល​ទាន​ភ្លាម នឹង​ស្រូប​ចូល​ក្នុង​ខ្លួន​ ក្នុង​ឈាម​យ៉ាង​ឆាប់​រហ័ស។ ភាព​​លឿន​រហ័ស​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព ព្រោះ​ក្នុង​ពេល​​​អាំងស៊ូលីនធ្វើ​ការ​ចាត់​ចែង​កំរិត​​អត្រា​​ជាតិ​ស្ករ​ ទៅ​តាម​តម្រូវការ​របស់​មនុស្ស ជាតិ​ស្ករ​នោះ​បាន​ជ្រាប​ទៅ​ដល់​ឈាម​ទៅ​ជា​ស្រេច និង​មាន​​ឱកាស​គ្រប់គ្រាន់​ទៅ​បង្ក​ឥទ្ធិពល​ ឬ​ផល​ប៉ះពាល់​មិន​ល្អ​ លើ​សរីរាង្គកាយ។ កោសិកា​មនុស្ស​យើង​ពុល​ខ្លាំង​ណាស់​ជាមួយ​នឹង​ស្ករ​ដែល​មាន​ជម្រាប​លឿន​បែប​នេះ​ណាស់។

ចំណែក​ស្ករ​យឺត Sucre lent ស្ករ​ដែល​មាន​សកម្មភាព​យឺត ជា​ស្ករ​ដែល​មាន​នៅ​ក្នុង​អាមីដុង នៅក្នុង​អង្ករ​ ម្សៅ ស្រូវសាលី ឬ​ធញ្ញជាតិ​ ផ្លែឈើ​ផ្សេងៗ​ទៀត ត្រូវ​ការ​បំផ្លែង រំលាយ​​ខ្លួន​សិន ឆ្លង​កាត់​ពោះវៀន​ក្រពះ​ មុន​នឹង​ត្រូវ​ស្រូប​បញ្ចេញ​ជាតិ​ស្ករ​តាម​ក្រោយទៅ​ចិញ្ចឹម​រាងកាយ​ ទៅ​ផ្តល់ដល់​ឈាម ដូច្នេះគ្មាន​​ផល​ប៉ះពាល់​​​លើ​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​ ផ្តល់​គ្រោះ​ថ្នាក់​ទាន់​ហន់ភ្លាមៗឡើយ។

បច្ចុប្បន្ន​នេះ យើង​បរិភោគ​ស្ករ​ច្រើន​ជ្រុល ?

 

មែ​ន​ហើយ ! ពីព្រោះ​ឧស្សាហកម្ម​ដាក់​ស្ករ​ក្នុង​ចំណី​អាហារ​គ្រប់​មុខ​ទាំង​អស់។ ជាពិសេស​ក្នុង​ភេសជ្ជៈផ្អែម។ ភេសជ្ជៈផ្អែម ទឹក​ក្រូច កូកា សូដា ហ្វាន់តា ... ក្នុង​មួយ​កំប៉ុង​ៗ​មាន​ផ្ទុក​ជាតិ​ស្ករ​ ដល់​ទៅ​ ៧ឬ៨ ដុំ​ស្ករ​ (ដុំ​ស្ករ​សម្រាប់​ដាក់​ក្នុង​កាហ្វេ) សួរ​ថា​ក្នុង​ស្ថានភាព​ធម្មតា មាន​នរណា​អាច​ទទួល​ស្ករ​ក្នុង​បរិមាណ​នេះ​បានទេ ? គ្មាន​ទេ ប៉ុន្តែ​បើ​បរិភោគ​ទឹក​ភេសជ្ជកំប៉ុង​ ពីរ​ក៏​បាន-​បី​ក៏បាន គឺ​ច្រើន​សន្ធឹក​សន្ធាប់​ខ្លាំង​ណាស់ តែ​យើង​មិន​ចាប់​អារម្មណ៍​នៅពេល​ទទួល​ទាន។

 

បរិមាណ​ស្ករ​ និង​សេចក្តីត្រូវការ​របស់​សព៌ាង្គកាយ

 

តើ​ត្រូវ​បរិភោគ​ស្ករ​ប៉ុណ្ណា​ទើប​សមរម្យ មិន​ខូច​សុខភាព​ ?

នេះ​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​បំផុត ពី​ព្រោះ​តម្រូវ​ការ​ជាតិ​ស្ករ​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ មិនអាច​ប្រៀប​ប្រដូច​គ្នា​បានឡើយ ការ​គិតគូរ​អំពី​តម្រូវការ​ជាតិស្ករ​នេះ ត្រូវ​គិត​គូរ​តាំង​ពី​ពណ៌​សម្បុរ ពី​ជាតិ​សាសន៍ ភេទ ការងារ និង​ពិសេស​សកម្មភាព​ប្រចាំ​ថ្ងៃ។

 

លោក​វេជ្ជបណ្ឌិត​ទូច ឃុន គ្រូពេទ្យ​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម នៃ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ក្រុង​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​​ លោក​អ្នក​នាង​ឱ្យ​ធ្វើ​ការ​គណនា​ជា​បឋម​ សេចក្តី​ត្រូវការ​​ផ្នែក​ថាមពល​កាឡូរី សិន​ទើប​អាច​ស្វែង​រក​បរិមាណ​បរិភោគ​ជាតិ​ស្ករ​ ក្លុយស៊ីត​ប្រចាំ​ថ្ងៃ​បាន។

 

នេះ​ជា​រូប​មន្ត​ដែល​មានលក្ខណៈ​ទូទៅ​បំផុត ដោយ​យក​តាម​ក្បួន​ប្រទេស​និយាយ​ភាសា​អង់គ្លេស សម្រាប់​គណនា​រក​តម្រូវ​ការ​​ផ្នែក​កាឡូរី​របស់​មនុស្ស​ម្នាក់ៗ។

 

កាឡូរី = ទម្ងន់​ X កំរិត​សកម្មភាព​ការងារ (physical activity level)

 

កំរិត​សកម្មភាព​ការងារ (physical activity level) ៖

- នៅ​ស្ងៀម​គ្មាន​សកម្មភាព​រស់ស្រណុកស្រួល  X២៥-៣០

- មានសកម្មភាព​មធ្យម                                 X ៣០-៣៥

- មាន​សកម្មភាព​ធ្វើ​ការ​ខ្លាំង​                           X ៣៥-៤០

 

យោងតាម​ការ​សន្មត់​ខាង​លើ បើ​មនុស្ស​ម្នាក់ មាន​ទម្ងន់ ៦០គីឡូក្រាម បញ្ចេញ​សកម្មភាព​ការងារ ជា​មធ្យម នោះ​នឹង​ត្រូវ​ការ​កាឡូរី ប្រមាណ​ពី ១៨០០ ទៅ​២០០០ Kcal។ (ទម្ងន់ ៦០ គីឡូ X ៣០-៣៥ (សកម្មភាព​មធ្យម) = ១៨០០-២០០០Kcal)

 

នៅ​ពេល​បាន​ដឹង​ប្រហាក់​ប្រហែល​អំពី​បរិមាណ​កាឡូរី​ប្រចាំ​ថ្ងៃ​ហើយ លោក​អ្នកនាង​អាច​កំណត់​បរិមាណ​ចំណី​អាហារ​ទៅ​តាម​សមមាត្រ​ខាងក្រោយ​នេះ ។ ដើម្បី​ប្រមូល​កាឡូរី មក​ទ្រទ្រង់​រាងកាយ គេ​គិត​សំដៅ​សារធាតុ​បី គឺ​ក្លុយស៊ីត ៥៥% ប្រូតេអ៊ីន១៥% និង​លីពីត៣០%។ ដូច្នេះ​សម្រាប់អ្នក​​មាន​តម្រូវការ​​កាឡូរី ២០០០​Kcal  ត្រូវ​បរិភោគ​សារធាតុ​ក្លុយស៊ីត ៥៥% ឬ​ស្មើ​នឹង​១១០០Kcal ឬ​ ប្រមាណ​ជិត ៣០០ក្រាម (1ក្រាមក្លុយស៊ីត = ៤Kcal។

 

តម្រូវការ​ប្រចាំ​ថ្ងៃ​ផ្នែកកាឡូរី ៖

 

- ក្លុយស៊ីត ៥៥%     - ១ក្រាមក្លុយស៊ីត = ៤Kcal

- លីពីត ៣០%        - ១ក្រាម​លីពីត = ៩Kcal

-​ ប្រូតេអ៊ីន ១៥%    - ១ក្រាម​ប្រូតេអ៊ីន = ៤Kcal

 

នៅ​ក្នុង​ឧស្សាហកម្ម​ ស្ករ​ដែល​គេ​យក​មក​ប្រើ​ប្រាស់​ ជាទូទៅ​មិន​មែន​ជា​ស្ករ​ធម្មជាតិ ផលិត​ចេញ​ពី​ត្នោត ពី​អំពៅ ឬ​មើម​បែតឺរ៉ាវ​ទេ គឺ​ជា​ស្ករ​តាម​បែប​គីមី

 

- ស្ករ​ដែល​ឧស្សាហកម្ម​ចំណីអាហារ​យក​មក​ប្រើប្រាស់ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ស៊ីរ៉ូ​ Glucose​ធ្វើ​ពី​ពោត បំផ្លែង​ទៅជា​Frutose។ ស្ករ​ប្រភេទ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុងឧស្សាហកម្ម​តាំង​ពី​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ បើ​ទោះ​បី​ជា​គេ​ដឹង​ថា​ស្ករ​នេះ​អាច​ផ្តល់​ផល​អាក្រក់​ខ្លាំង​ មាន​មេតាបូលីសមិន​អនុគ្រោះ​ទាល់​សោះ​ ពីព្រោះ​Frutose នេះ​មាន​សណ្ឋាន​ខុស​ពី ហ្វ្រុតូស​របស់​ផ្លែឈើ​ ជ្រាប​ចូល​ក្នុង​ថ្លើម​យ៉ាង​លឿន​បំផុត​ រួច​បំផ្លែង​ខ្លួន​ជា​ខ្លាញ់​ ហើយ​បង្ក​ជា​ថ្លើម​ខ្លាញ់​។ ថ្លើម​ខ្លាញ់​ងាយ​កើត​ជំងឺ​រលាក​ ជំងឺ​រលាក​ថ្លើម​ងាយ​បង្ក​ជាជំងឺ​មហារីក​។​ ដូច្នេះ​ស្ករ​ប្រភេទ​នេះ​មិន​អនុគ្រោះ​សោះ​សម្រាប់​មនុស្ស។

 

ស្ករ​សម្រាប់​ស្គម Eudulcorant បង្ក​ឱ្យ​មាន​ជំងឺ​មហារីក ?

 

អ្វីដែល​ច្បាស់​ គឺ​នៅ​ក្នុង​ការ​សិក្សា​ សត្វ​ដែល​ស៊ីស្ករ​ស្គម សារធាតុ​ឡាស្ពាតាម បង្ក​ជា​ជំងឺ​មហារីក​។ ការសិក្សា​បី ផ្តល់​លទ្ធផល​ដូច​គ្នា​គឺ​មាន​គ្រោះ​មហារីក​ ប៉ុន្តែ​ចំពោះ​មនុស្សគេ​គ្មាន​ភស្តុតាង​នៅ​ឡើយ​ទេ។ ការសិក្សា​ជា​លក្ខណៈ​តូច​តាច មិន​អាច​យក​មក​ធ្វើ​ជា​អំណះអំណាង​វេជ្ជសាស្ត្រ​បាន បាន​បង្ហាញ​ថា​អ្នក​ដែល​បាន​ទទួល​ទាន​ស្ករ​ស្គម​ជាប់​ជា​ប្រចាំ​ រយៈពេល​យូរ មាន​គ្រោះ​កើត​ជំងឺ​មហារីក​ផ្លោក​នោម​ ច្រើន​ជា​ង​អ្នក​មិន​ទទួល​ទាន​សោះ។

 

ប៉ុន្តែ​ការ​សិក្សា​មួយផ្សេង​ទៀត ដែល​សំខាន់​​ និង​អាច​ទុក​ចិត្ត​បាន​ បានប​ង្ហាញ​ថា​ការ​បរិភោគ​ស្ករ​ស្គម​ច្រើន​ជា​ប្រចាំ គឺ​មិន​ដូច​អ្វី​ដែល​គ្រប់​គ្នា​មានជំនឿ​ឡើយ ស្ករ​ស្គម​នេះ​មិន​ធ្វើ​ឱ្យ​ចុះគីឡូ​ទេ ការ​សិក្សា​បែរ​ជា​បង្ហាញ​អំពី ចំណង​ទាក់ទង​រវាង​ការ​បរិភោគ​ស្ករ​ស្គម​ច្រើន​ជាប់​ជា​ប្រចាំ​ទៅ​នឹង​ការ​ឡើង​ទម្ងន់​ទៅ​វិញ រោគ​សញ្ញា​ឈាន​ទៅរក​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ទឹក​ផ្អែម​តែ​ម្តង​ ចំពោះ​អ្នក​ចូលចិត្តទទួល​ទាន​ភេសជ្ជៈ​ផ្អែម​ហ្កាស ដែល​ដាក់​Light។ ខួរក្បាល​តែង​បញ្ជា​ប្រាប់​សរីរាង្គ​ផ្សេង​ទៀត នៅ​ពេល​បាន​ទទួល​ជាតិ​ផ្អែម ថា​កំពុង​ទទួល​កាឡូរី​ តែ​ពេល​នេះ​ជាមួយ​នឹង​ការ​បរិភោគ​ជាតិ​ស្ករ​ស្គម​ ខួរ​ក្បាល​មិន​ដឹង​ជាតិ​ជៅ មិន​អាច​បញ្ជា​អ្វី​បាន​មិន​ថា​គ្រប់​គ្រាន់​ឬ​អត់ ឆ្អែត​ឬ​មិន​ឆ្អែត​ អ៊ីចឹង​ទៅ​យើង​ញ៉ាំ​លើស​ពី​តម្រូវការ។

 

ទឹក​ឃ្មុំនិង​ស្ករ

 

- ទឹក​ឃុំ​ពិត​ជា​ល្អ​ជាង​ស្ករ​! ទឹក​ឃ្មុំ​ជា​ស្ករ ផ្អែម​ដូច​ស្ករ​ តែ​ខ្សោយ​ជាង​បន្តិច​ព្រោះ​មាន​ទឹក​ និង​មាន​សន្ទទស្សន៍​ជាតិ​ស្ករ​ទាបមធ្យម មិន​ដូច​ស្ករ​ទេ (សន្ទទស្សន៍​ស្ករ​ខ្ពស់)។ ទឹក​ឃ្មុំ​ជា​របស់​ធម្មជាតិ មិនមែន​ជា​របស់​ឧស្សាហកម្ម​ ដូច្នេះ​មាន​ផ្ទុក​សារធាតុ​អនុគ្រោះ​ច្រើន​ ដូចជា អង់ហ្សីន ​វីតាមីន ទីហ្វេណុល អង់ទីអ៊ុកស៊ីដង់ ដែល​អាច​បន្សាប​ឥទ្ធិពល​របស់​ស្ករ​បានខ្លះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ