អានតួអត្ថបទ
បារាំង-កាណាដា

លោក ​François ​Hollande ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កាណាដា

នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក​ប្រធានា​ធិបតី​បារាំង​ François Hollande ​ចាប់​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​​រយៈ​ពេល​បី​ថ្ងៃ​នៅ​ប្រទេស​កាណាដា​ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។​ លោក​ François Hollande ​ ​គ្រោង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​វិមាន​រដ្ឋ​សភា​កាណាដា​ ក្នុង​រដ្ឋ​ធានី​អូតាវ៉ា។​ នេះ​ជា​ការ​ឡើង​ថ្លែង​ទៅ​កាន់​សមាជិក​សភា​ និង​ព្រឹទ្ធសភា​កាណាដា​ជា​លើកដំបូង​បង្អស់​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​អតីត​ប្រធានា​ធិបតី​បារាំង​ François Mitterand ​កាល​ពី​ឆ្នាំ​ ១៩៨៧។​

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង
លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង Reuters/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​រដ្ឋ​បារាំង​លោកFrançois Hollande ​ចាប់​ផ្តើម​តាម​រយៈ​ការ​ទទួល​បដិសណ្ឋារកិច្ច​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ Stephen Harpher ​នា​ព្រលាន​យន្តហោះ​ទីក្រុង​ Calgary ខេត្ត​ Alberta។​ បន្ទាប់​មក​ ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ទស្សនា​ឧទ្យាន​ជាតិ​នៅ​សហគមន៍​ Banff ជា​កន្លែង​ទេសចរណ៍​ល្បី​ឈ្មោះ​របស់​កាណាដា​ ដែល​មាន​ទេសភាព​ធម្មជាតិ​ និង​ជួរ​ភ្នំ​ច្រើន​សន្ធឹក​សន្ធាប់​។ បើ​តាម​សេចក្តី​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​បារាំង​ Élysée​ ​ប្រតិភូ​អម​ដំណើរ​លោក​ប្រធានា​ធិបតី​បារាំង​រួម​មាន​​ បណ្តា​ប្រធាន​សហគ្រាស​ធំៗ​ តំណាង​ផ្នែក​ស្រាវជ្រាវ​ និង​អប់​រំ​ ព្រម​ទាំង​រដ្ឋ​មន្រ្តី​បារាំង​ចំនួន​ ៦​ រូប។​

យោង​តាម​សេចក្តី​ប្រកាស​ដដែល​នេះ​បាន​អោយ​ដឹង​ថា​ ការ​ចាប់​ផ្តើម​ទស្សន​កិច្ច​នៅ​ភាគ​ខាង​លិច​ប្រទេស​កាណាដា​គឺ​ ជា​កាយ​វិការ​បង្ហាញ​អោយ​ដឹង​ថា​ប្រទេស​បារាំង​ចាប់​អារម្មណ៍​ប្រទេស​កាណាដា​ទាំង​មូល​ ជា​ពិសេស​បណ្តា​ខេត្ត​ភាគ​ខាង​លិច​ ដែល​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​ ដោយ​សារមាន​​ធនធាន​ប្រេង​ក្រោម​ដី​ និង​ឧស្ម័ន​ធម្មជាតិ​សំបូរ​បែប។​ នៅ​ទី​នោះ​ផងដែរ​ លោក​ François Hollande ​និង​ជួប​សំណេះ​សំណាល​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​ខេត្ត​នានា​ មាន​ជា​អាទិ​ខេត្ត​ Alberta ខេត្ត​ Manitoba ​និង​តំបន់​ទឹក​ដី​ភាគ​ពាយ័ព្យ។​

បើ​តាម​ការ​បញ្ជាក់​ពី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា​ លោក​François Hollande ​និង​លោក​ Stephen Harpher ​គ្រោង​ពិភាក្សា​ជុំវិញ​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​សន្តិសុខ​អន្តរជាតិ​ និង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម។ បើ​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​ ​ប្រមុខ​ដឹក​នាំ​បារាំង​និង​ឡើង​ថ្លែង​សុន្ទរកថា​នា​ថ្ងៃ​ចន្ទ​ចំពោះ​មុខ​សមាជិក​សភា​ និងព្រឹទ្ធសភា​កាណាដា​នៅ​វិមាន​រដ្ឋ​សភា​ក្នុង​រដ្ឋ​ធានី​អូតាវ៉ា​ ជាទី​ដែល​បាន​ទទួល​រង​ការ​វាយ​ប្រហារបែប​ភេរវកម្ម​កាល​ពី​ពីរ​សប្តាហ៍​មុន។​

លោក​ François Hollande ​និង​ទៅ​បញ្ចប់​ទស្សនកិច្ច​នា​ថ្ងៃ​អង្គារ​ ដោយ​ធ្វើ​ដំណើរ​​ទៅ​កាន់​ទីក្រុង​កេបិច​ ដែល​នៅ​ទី​នោះ​លោក​និង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ខេត្ត​កេបិច​ Phillipe Couillard ​ដើម្បី​ទទូច​សុំ​មិន​អោយ​រដ្ឋា​ភិបាល​ខេត្ត​នេះ​ដំឡើងឡើង​ថ្លៃ​សិក្សា​និស្សិត​បារាំង​។​ បច្ចុប្បន្ន​នេះ​ មាន​និស្សិត​បារាំង​ចំនួន​ ១ម៉ឺន​ ២ពាន់​កំពុង​សិក្សា​នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​ក្នុង​ខេត្ត​និយាយ​ភាសា​បារាំង​មួយ​នេះ។​ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​ លោក François Hollande និង​បន្ត​ដំណើរ​ទៅ​ទី​ក្រុង​ម៉ុងរេអាល់ ​ដើម្បី​ជួប​សំណេះ​សំណាល​ជាមួយ​បណ្តា​ប្រធាន​សហគ្រាស​ផែ្នក​សិល្បៈ​បច្ចេកវិទ្យា។​ នៅ​ទី​នោះ​ផង​ដែរ​ លោក​និង​ឡើង​ថ្លែង​សុន្ទរកថា​បិទ​វេទិកា​សេដ្ឋកិច្ច​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​សហគ្រិន​បារាំង​ និង​កេបិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ