អានតួអត្ថបទ
កាណាដា

រាជធានី​អូតាវ៉ា​ឋិត​ក្រោម​ការ​​វាយប្រហារ​ភេវរកម្ម?

កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ រាជធានី​អូតាវ៉ា ប្រទេស​កាណាដា បាន​ទទួល​រង​នូវ​ការវាយ​ប្រហារ​ពី​ខ្មាន់ កាំភ្លើង​លើ​ទីតាំង​ចំនួន​បី​កន្លែង​⁣គឺ បូជនីយដ្ឋាន​រំលឹក​ិវញ្ញាណក្ខន្ធ​សង្រ្គាមលោក​ វិមាន​រដ្ឋសភាជាតិ និង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​វីដូ (Rideau)។

កងកម្លាំងពិសេស​កាណាដាបិទខ្ទប់សង្កាត់សភា Ottawa បន្ទាប់ពីមានការបាញ់ប្រហារមួយនៅថ្ងៃ២២តុលាម្សិលមិញ
កងកម្លាំងពិសេស​កាណាដាបិទខ្ទប់សង្កាត់សភា Ottawa បន្ទាប់ពីមានការបាញ់ប្រហារមួយនៅថ្ងៃ២២តុលាម្សិលមិញ REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

យោងតាម​ប្រភព​ពត៌មាន​ជាតិ Radio-Canada ហេតុការណ៍​បាន​ចាប់​ផ្តើម​កាលពី​ម៉ោង​ប្រមាណ​ជា​ជាង ៩កន្លះ​ព្រឹក នៅ​ពេល​ដែល​បុរស​ជា​ថ្មាន់​កាំភ្លើង​ម្នាក់ ផ្តើម​ការបាញ់​ប្រហារ​លើ​ទាហាន​ដែល​យាម​នៅ ឯ បូជនីយដ្ឋាន​រំលឹក​វញ្ញាណក្ខន្ធ​សង្រ្គាមលោក មុន​នឹង​សំដៅ​ដោយ​កំរោល​ចូល​ក្នុង​បរិវេណ​នៃ​រដ្ឋសភា ជាតិ។ ជនសង្ស័យ​ប្រដាប់​ដោយ​កាំភ្លើង​បាញ់សត្វ​នោះ បាន​ផ្ជុង​ប្លន់​រថយន្ត​ដើម្បី​បើក​សំដៅ​ចូល​ក្នុង បរិវេណ​រដ្ឋសភា និង​ក៏​បាន​រត់​សំដៅ​ចូល​ក្នុង​អគារ​នៃ​រដ្ឋសភា។ នៅ​ទីនោះ​ឯង​ដែល​ការបាញ់​ប្រហារ ឆ្លើយ​ឆ្លង​គ្នា​រវាង​ថ្មាន់​កាំភ្លើង និង ក្រុម​សន្តិសុខ​បាន​ធ្វើ​ឡើង ហើយ​ជន​នោះ​ក៏​ត្រូវ​បាន​បាញ់​ស្លាប់​នៅ នឹង​កន្លែង។

 
ភ្លាមៗ​នោះ​លោក​នាយករដ្ឋមន្រ្តី​ស្ទីវិន​ហាភឺ និង​មេ​ដឹកនាំ​គណបក្ស​ជំទាស់ តូម៉ាស មុលកែរ និង​លោក ហ្សុស​ស្តាំង ទ្រូដូ ត្រូវ​បាន​គេ​ជំលៀស​ពី​កន្លែង​កើតហេតុ​ដោយ​សុវត្ថិភាព តាម​រយៈ​ប្រូតូកូល​ក្រហម​នៃ​វិធានការ​សន្តិសុខ​ពិសេស។ ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​​រដ្ឋាភិបាល​ផ្សេង​ទៀត​ត្រូវ​បាន ក្រុម​រក្សា​សន្តិសុខ​នៅ​រដ្ឋសភា ដាក់​អោយ​ឋិត​ក្នុង​អគារ​នៅ​កន្លែង​មាន​សុវត្ថិភាព​ រង់ចាំ​ភាព​ស្ងប់​ស្ងាត់​ធានា បាន​មួយ​រយ​ភាគរយ មុន​នឹង​ធ្វើការ​ជំលៀស​ពី​អគារ​រដ្ឋសភា​នោះ។

ព្រម​ពេល​ជាមួយគ្នា​នោះ​ដែរ ប៉ូលីស​ក្រុង​អូតាវ៉ា​ក៏​បាន​រាយការណ៍​ថា មាន​ខ្មាន់​កាំ​ភ្លើង​ម្នាក់​ទៀត​ក៏​ត្រូវ បាន​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​របស់​ប៉ូលីស​នៅ​ខាង​ក្រោយ​វិមាន​រដ្ឋសភា។ បន្ទាប់​មក​មាន​គេ រាយការណ៍​ថា មាន​វត្តមាន​ខ្មាន់​កំាភ្លើង​ទី​បី​ម្នាក់​ទៀត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​កណ្តាល​ទីក្រុង​អូតាវ៉ា។

ជា​លទ្ធផល​បណ្តោះ​អាសន្ន​តាម​រយៈ​ខ្សែ​ទូរទស្សន៍​ជាតិ Radio-Canada នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បុគ្គល​ពីរ នាក់​បាន​ស្លាប់ គឺ​បុរស​ខ្មាន់​កាំភ្លើង​ទី​មួយ និង​ទាហាន​យាម​ម្នាក់​នៅ​ឯ​បូជនីយដ្ឋាន​ខាង​លើ ​ហើយ​ ក៏ មាន​អ្នក​ទទួល​រង​របួស​បី​នាក់​ទៀត។ ចំណែក​ឯ​ខ្មាន់​កាំភ្លើង​ដែល​ជា​ជន​សង្ស័យ​ផ្សេង​ទៀត​កំពុង​ឋិត​ក្នុង​ ការ​ប្រដេញ​តាម​ចាប់​ដោយ​ប៉ូលីស នៅ​ពេញ​កណ្តាល​ទីក្រុង​អូតាវ៉ា​នៅ​ឡើយ។

មុន​នេះ​បន្តិច ចន្លោះ​ពី​ម៉ោង​ពីរ​និង​បី​រសៀល ចៅហ្វាយក្រុង​អូតាវ៉ា អធិការ​ប៉ូលីស​ក្រុង​និង​រាជ​អាវុធហត្ថ កាណាដា បាន​ធ្វើ​សន្និសិទ​កាសែត​រួម​មួយ បញ្ជាក់​ពី​ស្ថានការណ៍​ដែល​បាន​កើត​ឡើង។
សួរ​ថា​តើ​ជន​សង្ស័យ​ទាំង​នោះ​មាន​គ្នីគ្នា​ប៉ុន្មាន​នាក់​ មាន​អត្តសញ្ញាណ​ដូច​មេ្តច​ មាន​បំណង​ដូច​ម្តេច? សួរថា តើ​ជន​ទាំង​នេះ​អាច​មាន​ជាប់​ទាក់ទង​នឹង​ក្រុម​ភេវរកម្ម​ណា​មួយ​ដែរ​ឬ​ទេ ? នេះ​សំនួរ​ជា​ច្រើន ក្រោម​ក្រសែ​ភ្នែក​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​ដែល​មិន​ទាន់​មាន​ចំលើយ ដោយ​ហេតុ​ថា​ការស៊ើប​អង្កេត​នៅ​កំពុង​បន្ត​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ