អានតួអត្ថបទ
ប្រេស៊ីល

ភ្លើង​ឆេះ​ក្នុង​ក្លឹប​រាំ​នៅ​ប្រេស៊ីល​សំលាប់​មនុស្ស​២៣៣​នាក់​

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២៣៣​នាក់ បាន​ស្លាប់​​ដោយ​សារ​ថប់​ដង្ហើម​និង​ត្រូវ​គេ​រត់​​ជាន់​​​នៅ​ក្នុង​​ហេតុ​ការណ៍ ភ្លើង​ឆេះ​​ក្នុង​ក្លឹប​​រាត្រី​​មួយ​​​ នៅ​ ក្រុង​Santa Maria ​ប្រទេស​ប្រេស៊ីល កាល​ពី​​​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។ ​យោង​តាម​របាយ​ការណ៍​ស៊ើប​អង្កត​ដំបូង​របស់​ក្រុម​​ប៉ូលិស​​ គឺ​​សិល្បៈ​គ្រឿង​រំសេវ​នេះ​ហើយ​ ដែល​ជា​​មូល​ហេតុ​នាំ​អោយ​​អគ្គិភ័យ​កើត​​ឡើង។ នេះ​ជា​​​គ្រោះ​ថ្នាក់​អគ្គីភ័យ​​ដែល​សំលាប់​មនុស្ស​ច្រើន​បំផុត​ កើត​ឡើង​ជា​លើក​ទី​ពីរ​ នៅ​ក្នុង​ប្រទេស។​ ប្រេស៊ីល​បាន​ស្គាល់​​​គ្រោះ​ថ្នាក់​អគ្គី​ភ័យ​​ប្រភេទ​នេះ​ម្តង​មក​ហើយ​ នៅ​ឆ្នាំ​ ១៩៦១ នៅ​ក្រុង​ Rio de Janeiro ដែល​បាន​សំលាប់​មនុស្ស​ រហូត​ដល់​ ៥៣៣​នាក់។​ អជ្ញាធរ​ប្រេស៊ីល​​បាន​ប្រកាស កាន់​​​មរណៈ​ទុក្ខ សំរាប់​រយៈ​ពេល​មួយ​ខែ។

មនុស្ស​ប្រហែល​ជា​ ៥០០​នាក់​ កំពុង​ស្ថិត​នៅ​ក្នុង​ក្លឹប​រាត្រី​​មួយ​​នេះ នៅ​ពេល​​​ភ្លើង​កំពុង​ឆេះ
មនុស្ស​ប្រហែល​ជា​ ៥០០​នាក់​ កំពុង​ស្ថិត​នៅ​ក្នុង​ក្លឹប​រាត្រី​​មួយ​​នេះ នៅ​ពេល​​​ភ្លើង​កំពុង​ឆេះ
ផ្សាយពាណិជ្ជកម្ម

ភ្លើង​បាន​ចាប់​ផ្តើម​ឆេះ​ ​ប្រហែល​ជា​ម៉ោង​ពីរ​សាម​សិប​នាទី​ ព្រឹក​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ ក្នុង​ឧកាសពិធី​​បុណ្យ​សាកល​វិទ្យាល័យ​ ធ្វើ​ឡើង​នៅ​ក្នុង​ក្លឹប​​រាត្រី​មួ​យ​​ឈ្មោះ​ Kiss ស្ថិត​ក្នុង​ក្រុង Santa Maria ភាគ​ខាង​ត្បូង​ប្រទេស។​

យោង​តាម​ការ​អង្កេត​របស់​ប៉ូលិស គឺ​​សិល្បៈ​គ្រឿង​រំសេវ​នេះ​ហើយ​ ដែល​ជា​​មូល​ហេតុ​នាំ​អោយ​​អគ្គិភ័យ​កើត​​ឡើង។ អ្នក​ចំរៀង​មួយ​រូប​ នៅ​​ក្នុង​ក្រុម​ចំរៀងដែល​កំពុង​សម្តែង​សិល្បៈ​​ក្នុង​ក្លឹប​រាត្រី​នេះ ​ប្រហែល​​ជា​បាន​​បញ្ឆេះ​ចន្លុះ​​មួយ​ ដែល​​អ្នក​គាំ​ទ្រ​នានា​តែង​តែ​​​ប្រើ​នៅ​ក្នុង​ស្តាត។ ម្ល៉ោះ​ហើយ​​ បណ្តាល​អោយ​​ធាតុ​​​ប៉ូលីស្ទីរ៉េន ប្រើ​សំរាប់​បង្ខាំង​សំលេង​​​​ជាប់​នៅ​​​​លើ​ពិតាន ​ឆាប​ឆេះ​ឡើង ហើយ​ភ្លើង​បាន​រាល​ដាល​យ៉ាង​លឿន​។

​​មនុស្ស​ប្រហែល​ជា​ ៥០០​នាក់​ ដែល​បាន​មក​​ទស្សនា​ការ​សំដែង​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ក្លឹប​រាំ នៅ​ពេល​​​ភ្លើង​កំពុង​ឆេះ។ ពួក​គេ​ ចលាចល​ ​រត់​ជាន់​គ្នា​រក​ច្រក​ចេញ។ ជន​រង​គ្រោះ​ភាគ​ច្រើន ស្លាប់​ដោយ​សារ​ការ​ថប់​ដង្ហើម និង​ត្រូវ​គេ​រត់​ជាន់។ ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​យុវវ័យ​។ ក្រុម​ពន្លត់​អគ្គិភ័យ​​​បាន​​ចោះ​ទំ​លុះ​​ជញ្ជាំង​ ដើម្បី​​យក​សាកសព​ចេញ​ពី​ក្លឹប​​រាំ។​

ប្រជាជន​ប្រេស៊ីល​​​​​​ បាន​បញ្ចេញ​​​កំហឹង​ ធ្វើ​ការ​រិះ​​គន់​​សេវា​​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​​​ របស់​​ក្លឹប​រាត្រី​ Kiss ​​ ដោយ​​បរិហារ​​ថា ពួក​គេ​មិន​បាន​បើក​ទ្វា​អោយ​បាន​ទាន់​ពេល​វេលា ដើម្បី​​​ជួយ​មនុស្ស​អោយ​រត់​​គេច​ចេញ​ពី​អគ្គិភ័យ​នេះ ព្រោះ​​ពួកគេ​គិត​តែ​ពី​រឿង​លុយ​កាក់ ខ្លាចតែ​​​អ្នក​​ដែល​ទៅ​ទស្សនា​ការ​សំដែង​​​​ទាំង​នោះ រត់​គេច​​មិន​បង់​លុយ។

ប្រធានាធិបតី​ប្រេស៊ីល​ លោក​ស្រី​ Dilma Roussef បាន​លុប​ចោល​ដំណើរ​​​ការ​​ចូល​រួម​ក្នុង​ជំនួប​​ប្រជុំ​មេដឹក​នាំ​​តំបន់​អាមេរិក​ឡាទីន ដើម្បី​ចុះ​ទៅ​​​ក្លឹប​រាត្រី​ដែល​ឆេះ​នោះ។

នេះ​ជា​​​គ្រោះ​ថ្នាក់​អគ្គីភ័យ​​ដែល​សំលាប់​មនុស្ស​ច្រើន​បំផុត​ កើត​ឡើង​ជា​លើក​ទី​ពីរ​ នៅ​​ប្រេស៊ីល។​ ប្រទេស​នេះ ​បាន​ស្គាល់​​​គ្រោះ​ថ្នាក់​អគ្គី​ភ័យ​​​ម្តង​មក​ហើយ​ កាល​ពី​​ឆ្នាំ​ ១៩៦១ ក្នុង​ក្រុង​ Rio de Janeiro ស្ថិត​នៅ​ភាគ​​អ​គ្នេយ៍​ ដែល​​បាន​សំលាប់​មនុស្ស​ រហូត​ដល់​ ៥៣៣​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ