អានតួអត្ថបទ
រុស្ស៊ី

បទអន្តរាគមន៍​របស់​ប្រធានាធិបតី​ចប់​អាណត្តិ នៅ​វិមាន​ក្រេមឡាំង

គឺ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៃ”ក្រុមប្រឹក្សា​រដ្ឋ” ដែល​ថ្ងៃ​នេះ លោក​មេដវេដេវ​ថ្លែង​បូក​សរុប​តុល្យាការ​នៃ​ការងារ​គាត់​ក្នុង​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី ពី​ឆ្នាំ​២០០៨ ដល់​២០១២ ជុំវិញ​អាទិភាព​ជា​គនឹ្លះ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស។ លោក​មេដវេដេវ​ក៏​លើក​ឡើង​អំពី​បញ្ហា​ទាំង​ឡាយ ដែល​គាត់​ត្រូវ​ដោះស្រាយ បន្ទាប់​ពី​ឆ្លង​ទៅ​បំពេញ​តួនាទី ជា​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី។

©កែវ ឆាយា
ផ្សាយពាណិជ្ជកម្ម

ស្រប​នឹង​ពិធីការ សម័យ​ប្រជុំពេញអង្គ​នៃ”ក្រុមប្រឹក្សារដ្ឋ” តែង​ប្រព្រឹត្ត​ទៅ ៤ឆ្នាំ​ម្តង គឺ​ក្នុង “សាលវិជ័យ” នៃ​វិមាន​ក្រេមឡាំង ដោយ​មាន​ការ​ចូលរួម​នៃ​បណ្តា​សមាជិក​រដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ​ប្រធានាធិបតី អភិបាល​ខេត្ត​ទាំង​៨៣​ដែល​ចំណុះ​សហព័ន្ធ​រុស្ស៊ី ប្រធាន​តុលាការកំពូល ប្រធាន​សភា​ទាំង២ជាន់​ថ្នាក់​នៃ​រដ្ឋសភា​រុស្ស៊ី បណ្តា​តំណាងរាស្ត្រ ឥស្សរជន​សង្គម​ដ៏​ល្បីៗ និង​ពួក Businessman និយាយ​រួម គឺ​ស្រទាប់​ខាង​លើ​នៃ​សង្គម​រុស្ស៊ី។

លោក​មេដវេដេវ​បាន​ផ្តើម​បទអន្តរាគមន៍​ខ្លួន ដោយ​ប្រកាស​ថា ក្នុង​២សប្តាហ៍​ទៀត គាត់​ត្រូវ​ផុត​អាណត្តិ​ជា​ប្រធានាធិបតី។ គាត់​រំលឹក​ថា ៤ឆ្នាំ​មុន ពេល​គាត់​ឡើង​កាន់​អំណាច គាត់​បាន​លើក​ជា​អាទិភាព គឺ​ពាក្យស្លោក​ដែល​ថា “សេរីភាព គឺ​ប្រសើរ​ជាង គ្មាន​សេរីភាព”។ ហើយ​ក្នុង​៤ឆ្នាំ​កន្លង​ទៅ ពាក្យស្លោក​នេះ រមែង​ត្រូវ​ពួក​អ្នកកាសែត​បកស្រាយ​ដោយ​ត្រឹមត្រូវ​ជា”គោលជំនឿ” របស់​គាត់។ លោក​មេដវេដេវ​គូស​បញ្ជាក់​ថា បន្ត​ស្ថិត​នៅ​ជា​គោលដៅ​ចម្បង​របស់​គាត់​គឺ៖ ការ​អភិវឌ្ឍន៍​សេរីភាព​ស៊ីវិល និង​សេរីភាព​សេដ្ឋកិច្ច។

លោក​មេដវេដេវ​ជ្រោង​លើក​ឡើង​ពាក្យ”សេរីភាព” ជា​ទង់​នៃ​នយោបាយ​សេដ្ឋកិច្ច ក្នុង​ន័យ​ថា បើ​ប្រជាពលរដ្ឋ​មាន​សុខុមាលភាព​សម្ភារៈ​មែន​ពិត នោះ​គេ​ពិត​ជា​មាន​សេរីភាព រហូត​ដល់​អាច​ជ្រើសរើស​ទីកន្លែង​សម្រាប់​គេ​រស់នៅ​ទៅ​ផង។ នៅ​លើ​ផ្លូវ​នៃ​ជោគជ័យ​៤ឆ្នាំ​កន្លង​ទៅ គាត់​បាន​លើក​យក​តួលេខ​ខ្លះ​មក​បង្ហាញ បែប​យ៉ាង​ខាង​អតិផរណា ខាង​កំណើន​ផលិតផលសរុប​ក្នុង​ប្រទេស ខាង​ជំនះ​លើ​ភាព​អត់​ការងារធ្វើ​ជា​ដើម។

តាម​លោក​មេដវេដេវ ភារកិច្ច​ចោទ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី ទៅ​ថ្ងៃ​មុខ គឺ៖ ធ្វើ​​ទំនើបកម្ម​លើ​គ្រប់​វិស័យ​នៃ​ជីវភាព​ប្រទេសជាតិ។ បង្រួញ​ឲ្យ​បាន​ទាប ជា​អតិបរមា ការ​លូក​ដៃ​ពី​ខាង​រដ្ឋ ទៅ​ក្នុង​វិស័យ​ឯកជន។ ទៅ​ទល់​ឆ្នាំ​២០១៨ បង្កើត​កន្លែង​ធ្វើ​ការ​ឲ្យ​បាន​ចំនួន ២៥លាន​កន្លែង​ទៀត។ ទៅ​ទល់​ពេល​នោះ​ដែរ បង្កើន​វ័យ​មធ្យម​របស់​ពលរដ្ឋ​ឲ្យ​កើន​ឡើង​៤ឆ្នាំ​ទៀត លុះ​រហូត​ដល់​វ័យ​៧៥ឆ្នាំ​ដែល​ជា​ទ្រនិចលេខ​សំខាន់​បំផុត ឆ្លុះ​ឲ្យ​ឃើញ​ពី​សុខុមាលភាព​សង្គម។ល។ បទអន្តរាគមន៍​របស់​លោក​មេដវេដេវ​ដែល​ពន្យារ​ទៅ​៥៨នាទី ត្រូវ​បាន​សម័យប្រជុំ​ទះ​ដៃ​សាទរ​ជា​ច្រើន​ដង និង​តាមដាន​យកការណ៍​នៅ​នឹង​កន្លែង​ផ្ទាល់ ដោយ​អ្នកកាសែត ២៤៦នាក់ ពី​ក្នុង​នោះ ៣០នាក់​ជា​ជនបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ