អានតួអត្ថបទ
អ៊ីរ៉ាក់-បារាំង

បារាំង​ស្នើ​សុំ​ឲ្យ​មាន​ការ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្កការ​សហប្រជាជាតិ​ជា​បន្ទាន់​ស្តី​ពី​វិបត្តិ​នៅអ៊ីរ៉ាក់

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ឡូរ៉ង់ ហ្វាប៊្យូស បាន​ស្នើ​សុំ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ឲ្យ​កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ស្រោចស្រង់​ប្រទេស​អ៊ីរ៉ាក់​ ចំពោះ​ការ​វាយលុក​របស់​ក្រុម​ឧទ្ទាម​ជីហាត​អ៊ីស្លាមនិយម​ជ្រុល និង​ជួយ​សង្គ្រោះ​ប្រជាជន​ស្លូតត្រង់​កាន់​សាសនា​កាតូលិក​ដែល​ត្រួវ​ពួក​នេះ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​យ៉ាង​អមនុស្សធម៌។

ជនជាតិយេហ៊្សីឌីស​ចាកចេញ​ពី​ក្រុង​ស៊ិនចារ​ដោយ​បង្ខំ​ដោយសារ​ការ​កាន់កាប់​របស់​ពួក​ឧទ្ទាម​ជីហាត
ជនជាតិយេហ៊្សីឌីស​ចាកចេញ​ពី​ក្រុង​ស៊ិនចារ​ដោយ​បង្ខំ​ដោយសារ​ការ​កាន់កាប់​របស់​ពួក​ឧទ្ទាម​ជីហាត REUTERS/Ari Jala
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ស្ថានភាព​នៅ​អ៊ីរ៉ាក់​កាន់​តែ​ដុនដាម​ទៅ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ជីហាត​អ៊ីស្លាម​និយមជ្រុល​ បាន​វាយលុក​កាន់កាប់​តំបន់​កាន់​តែ​ធំទៅៗ។ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ឡូរ៉ង់ ហ្វាប៊្យូស បាន​ថ្លែងថា បារាំង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដល់​សន្តិសុខ​ និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​កាន់​សាសនា​កាតូលិក​ ព្រោះ​ថា​ពួក​គេ​ត្រូវ​បាន​ពួក​ឧទ្ទាម​អ៊ីស្លាម​ធ្វើ​បាប និង​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​យ៉ាង​អាណោចអាធម៌​ជា​ទី​បំផុត។ លោក​បាន​បន្ត​ថា ក្នុង​នាម​បារាំង​ជា​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បារាំង​សូម​ធ្វើ​ការស្នើ​សុំ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជា​បន្ទាន់ ដើម្បី​រក​មធ្យោបាយ​ទប់ទល់​ទៅ​នឹង​កំលាំង​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​និយមជ្រុល ព្រម​ទាំង​ប្រកាស​ឲ្យ​សហគមន៏​អន្តរជាតិ​ទាំងមូល​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ដែល​រងគ្រោះ។

 
ក្រុម​ឧទ្ទាម​អ៊ីស្លាម​​និយមជ្រុល​ជីហាត បាន​វាយ​កាន់កាប់​ក្រុង​ការាកូស្ហ កាល​ពី​យប់​ថ្ងៃ​ពុធ​ ទី៦ សីហា។ ក្រុមឧទ្ទាម​អីស្លាម​បាន​បណ្តេញ​ប្រជាជន​កាន់សាសនា​កាតូលិក​ ប្រមាណ​ជា ១០ម៉ឺននាក់​ចេញ​ពី​ទី​ក្រុង​យ៉ាង​ព្រៃផ្សៃ​បំផុត​ ដោយ​ម្នាក់ៗ​មាន​តែ​ខោអាវ​មួយ​ចង្កេះ​តែ​ប៉ុណ្ណោះ។ ប្រមុខ​ដឹកនាំ​សាសនា​កាតូលិក​នៅ​ក្រុង​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដោយ​លោក​បាន​ចាត់ទុក​ថា​ ទង្វើ​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​ប្រៀប​បី​ដូច​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ សម្តេច​ប៉ាប ហ្រ្វង់ស្វ័រ ប្រមុខ​សាសនា​កាតូលិ ​ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ជា​បន្ទាន់​ ដល់​ប្រជាជន​ស្លូតត្រង់​ ដែល​អាច​នឹង​រងគ្រោះ​ដោយ​ការ​សម្លាប់​រង្គាល​ពី​សំណាក់​ពួក​ឧទ្ទាម​អ៊ីស្លាម​ជីហាត។

ក្រុង ការាកូស្ហ​គឺ​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​អ៊ីរ៉ាក់​កាន់​សាសនា​គ្រឹស្ត​ រស់នៅ​ច្រើន​ជាង​គេ​បំផុត។ គ្រាន់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ពួក​ឧទ្ទាម​បាន​បណ្តេញ​ប្រជាជន​អ្នក​កាន់​សាសនា​គ្រឹស្ត​ប្រមាណ​ជា​១០ម៉ឺន​នាក់។​ ទីក្រុង​មួយ​ទៀត​នៅ​ភាគ​ខាងជើង​ក្រុង​ម៉ូស៊ូល​ ក៏​មាន​ការ​បណ្តេញ​ចេញ​យ៉ាង​អមនុស្សធម៌​បែប​នេះ​ដែរ។ អ្នក​កាន់​សាសនា​គ្រឹស្ត​នៅ​អ៊ីរ៉ាក់​មាន​ការ​ថយចុះ​ មួយជាពីរ គិត​ចាប់​ពី​ឆ្នាំ​២០០៣​មក ដោយសារ​តែ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​ ពី​សំណាក់​ពួក​ក្រុម​ជីហាត​អ៊ីស្លាម​និយមជ្រុល។ បច្ចុប្បន្ន​នេះ បើ​តាម​ការ​ប៉ាន់ស្មាន​ មាន​ជនជាតិ​អ៊ីរ៉ាក់​កាន់​សាសនា​គ្រឹស្ត​ប្រមាណ​ជា​៤ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ