អានតួអត្ថបទ
អៀរ៉ង់

អៀរ៉ង់​សម្ពោធ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ

នៅថ្ងៃ​សៅរ៍ ទី២១ សីហា ២០១០​នេះ វិស្វករ​រុស្ស៊ី និង​អៀរ៉ង់ បាន​ចាប់​ផ្តើម​បញ្ចូល​ធាតុ​អ៊ុយរ៉ាញ៉ូម​ទៅ​ក្នុង​ម៉ាស៊ីន​ប្រតិករ នៃ​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​មួយ​កន្លែង ឈ្មោះ Bouchehr។ បើទោះបី​ជា​ប្រទេស​លោកខាងលិច​ព្យាយាម​​រារាំង​យ៉ាង​ណា ទីបំផុត​ អៀរ៉ង់​នៅតែ​អាច​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​នេះ​បាន។ ប្រជាជន​អៀរ៉ង់​គ្រោង​រៀបចំ​ពិធី​​ដ៏​ឱឡារិក​មួយ ដើម្បី​អបអរ​ការ​​សម្ពោធ​រោងចក្រ​នុយក្លេអ៊ែរ​នេះ។

រោងចក្រ​នុយក្លេអ៊ែរ​របស់​អៀរ៉ង់ ឈ្មោះ Bouchehr
រោងចក្រ​នុយក្លេអ៊ែរ​របស់​អៀរ៉ង់ ឈ្មោះ Bouchehr ©AFP/ATTA KENARE
ផ្សាយពាណិជ្ជកម្ម

05:53

បទវិភាគ​របស់ សេង ឌីណា

រោងចក្រ​នុយក្លេអ៊ែរ Bouchehr អាច​ផលិត​អគ្គិសនី​បាន ១ពាន់​​ម៉េហ្កា​វ៉ាត់។ ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ប្រមាណ​ជា ១ខែ ទៅ ២ខែ​ទៀត ទើប​រោងចក្រនេះ អាច​ផលិត​ថាមពល​អគ្គិសនី​យក​មក​ប្រើប្រាស់​​បាន។

ការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ Bouchehr បាន​ចាប់ផ្តើម​ឡើង​តាំង​ពី​ ៣៥​ឆ្នាំ​មុន​ម៉្លេះ ដោយ​មាន​ជំនួយ​ពី​អាឡឺម៉ង់ និង​បារាំង។ ក៏ប៉ុន្តែ ការ​សាងសង់​រោងចក្រ​នេះ​ត្រូវ​កកស្ទះ​ចាប់តាំង​ពី​មាន​បដិវត្តន៍​អៀរ៉ង់ នៅ​ឆ្នាំ ១៩៧៩។ នៅ​ចុងក្រោយ​នេះ គឺ​រុស្ស៊ី​ជា​អ្នក​ជួយ​សាងសង់​បង្ហើយ។ រុស្ស៊ី​ក៏​​ជា​អ្នក​ផ្តល់​ធាតុអ៊ុយរ៉ាញ៉ូម​ សម្រាប់​ប្រើប្រាស់​ក្នុង​រោងចក្រ​នេះ​ផងដែរ។

កន្លងមក សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​រារាំង​​មិន​ឲ្យ​រុស្ស៊ី​​ផ្តល់​អ៊ុយរ៉ាញ៉ូម ដើម្បី​ដំណើរ​ការ​រោងចក្រ​នុយក្លេអ៊ែរ Bouchehrh នេះ ដោយ​គេ​សង្ស័យថា អៀរ៉ង់​មាន​មហិច្ឆតា​នុយក្លេអ៊ែរ​យោធា។ ក៏ប៉ុន្តែ ចុងក្រោយ​នេះ អាមេរិក​បាន​បញ្ឈប់​ការ​​តវ៉ា​ជំទាស់នេះ​វិញ ក្រោយ​ពី​រុស្ស៊ី​បាន​ធានាថា ​នឹង​មិន​ឲ្យ​អៀរ៉ង់​លួចយក​ធាតុអ៊ុយរ៉ាញ៉ូម​ទៅ​​ផលិត​អាវុធ។

ដើម្បី​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន គេ​ត្រូវ​បន្សុទ្ធ​អ៊ុយរ៉ាញ៉ូម​​ឲ្យ​បាន​យ៉ាងតិច ៩០%។ ចំណែក​អ៊ុយរ៉ាញ៉ូម​ ដែល​រុស្ស៊ី​ផ្តល់​ទៅ​ឲ្យ​អៀរ៉ង់​ ពេលនេះ បន្សុទ្ធ​បាន​ត្រឹមតែ ៣,៥%​ប៉ុណ្ណោះ។ ម្យ៉ាងទៀត រុស្ស៊ី​បាន​​រៀបចំ​មិន​ឲ្យ​គេ​យក​ធាតុអ៊ុយរ៉ាញ៉ូម​ទាំងនេះ​ទៅ​បន្សុទ្ធ​ បន្ថែម​ទៀត​បានទេ។

លើសពីនេះទៅទៀត នៅ​ក្នុង​កិច្ចសន្យា អៀរ៉ង់​មាន​កាតព្វកិច្ច​បញ្ជូន​កាកសំណល់​នុយក្លេអ៊ែរ​ទាំងអស់ ដែល​ចេញ​ពី​រោងចក្រ​ Bouchehr ត្រឡប់​ទៅ​ឲ្យ​រុស្ស៊ី​វិញ។ នេះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​អៀរ៉ង់​យក​កាកសំណល់​ទៅ​ចម្រាញ់​យក​ធាតុ​ភ្លុយតូញ៉ូម (Plutonium) មក​ផលិត​អាវុធនុយក្លេអ៊ែរ។

ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ Bouchehr នេះ នឹង​ត្រូវ​ដាក់​ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ ពីសំណាក់​ទីភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) ពោល​គឺ​ចាប់តាំង​ពី​ពេល​រុស្ស៊ី​បញ្ជូន​ធាតុអ៊ុយរ៉ាញ៉ូម រហូតដល់​ពេល​អៀរ៉ង់​បញ្ជូន​កាកសំណល់​នុយក្លេអ៊ែរ​ទៅ​ឲ្យ​រុស្ស៊ី​វិញ។ អ្នក​ជំនាញ​នុយក្លេអ៊ែរ​របស់ AIEA បាន​អះអាងថា អៀរ៉ង់​មិន​អាច​​លួច​កេងយក​អ៊ុយរ៉ាញ៉ូម ឬ​កាកសំណល់​នុយក្លេអ៊ែរ​ ទៅ​ផលិត​អាវុធ ដោយ​មិន​ឲ្យ​គេ​ដឹង​នោះទេ។

នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់ អ្វី​ដែល​គេ​បារម្ភ​បំផុត​នោះ គឺ​មជ្ឈមណ្ឌល​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​​ទាំង ១០​កន្លែង​របស់​អៀរ៉ង់។ ​រោងចក្រ​នុយក្លេអ៊ែរ Bouchehr មិនមែន​​បញ្ហា​ធំ​នោះទេ។

គួររំឭកឡើងវិ​ញ​ថា ប្រទេស​លោកខាងលិច​ធ្លាប់​បាន​ដាក់​សំណើ​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​អៀរ៉ង់។ សំណើ​នេះ មាន​ទម្រង់​ស្រដៀង​គ្នា​នឹង​កិច្ចសន្យា​រវាង​អៀរ៉ង់ និង​រុស្ស៊ី នៅពេលនេះ​ដែរ។ គេ​បាន​ទាមទារ​ឲ្យ​អៀរ៉ង់​បញ្ឈប់​រាល់​កម្មវិធី​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ ទាំងអស់។ ជាថ្នូរមកវិញ រុស្ស៊ី និង​បារាំង សុខចិត្ត​យក​ធាតុអ៊ុយរ៉ាញ៉ូម​របស់​អៀរ៉ង់​មក​បន្សុទ្ធ ដើម្បី​យក​ទៅ​ឲ្យ​អៀរ៉ង់​ប្រើប្រាស់​ក្នុង​វិស័យ​ស៊ីវិល។ ក៏ប៉ុន្តែ អៀរ៉ង់​បាន​ច្រានចោល​សំណើនេះ ហើយ​ចចេស​បន្ត​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ