អានតួអត្ថបទ
អ៊ីស្រាអែល

ក្រុម​ហាម៉ាសព្រម​​អោយ​មាន​​​​បទឈប់បាញ់​ថ្មី​មួយទៀត​

នៅ​​ថ្ងៃ​អាទិត្យ​នេះ ក្រុម​ហាម៉ាស​បាន​ព្រម​​អោយ​មាន​​​បទឈប់បាញ់ថ្មី​រយៈ​ពេល​២៤ម៉ោង ចាប់​ពី​ម៉ោង​២រសៀល ក្នុង​ស្រុក​ទៅ។ ​ក្រុម​ហាម៉ាស​​ទើបតែបដិសេធ​មិន​ពន្យារ​ពេល​​បទឈប់បាញ់ ​​ជាមួយ​​កងទ័ព​អ៊ីស្រាអែល​ប៉ុណ្ណោះ។ ​ការ​បាញ់​រ៉ុកកែត​របស់​ក្រុម​ហាម៉ាស ​​បានធ្វើអោយ​អ៊ីស្រាអែល​បន្ត​​ប្រតិបត្តិការយោធា​​ នៅ​តំបន់​ហ្កាហ្សា​ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ។ ​ជិត​៣សប្តាហ៍​មកនេះ តួលេខ​ជន​រងគ្រោះ​​ក្នុង​ការ​ប្រយុទ្ធរវាង​ទ័ពអ៊ីស្រាអែល និង​​ក្រុម​ហាម៉ាស ​បាន​ឡើង​ដល់​​​១ ០៥០នាក់​ហើយ ភាគច្រើន​​​ជា​ជនស៊ីវិល​ប៉ាឡេស្ទីន។

ទាហានអ៊ីស្រាអែល
ទាហានអ៊ីស្រាអែល REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

បទឈប់បាញ់មនុស្សធម៌ ​​ដាក់ចេញនៅហ្កាហ្សា ​​តាំង​ពីម៉ោង​៨ ​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ ​មានពេល​​មិនដល់​២៦ម៉ោងទេ។ ​ដំបូងឡើយ អ៊ីស្រាអែល​ព្រម​ពន្យារ​ពេល​បទឈប់បាញ់​ទៀត ​​​តែ​ក្រុម​ហាម៉ាស​ទាត់ចោល​​ ព្រោះថា យោធា​អ៊ីស្រាអែល​មិនបាន​​ដក​ថយ​ចេញ​ពីតំបន់​ហ្កាហ្សាទេ។ ក្រុម​ហាម៉ាស​​​ដាក់លក្ខខណ្ឌ​​​​ដាច់ខាត​ ​​​​ថា​ព្រម​​ឈប់​ប្រយុទ្ធ​ប្រឆាំង​អ៊ីស្រាអែល​ លុះត្រា​តែ​អ៊ីស្រាអែល​​​​​ឈប់​បិទខ្ទប់​តំបន់​ហ្កាហ្សា​ទៀត។ ​​​

ប៉ុន្តែ ថ្ងៃ​អាទិត្យ​នេះ ​​ក្រោយយោធា​​​អ៊ីស្រាអែល​បន្ត​ប្រតិបត្តិការ​​ នៅ​ហ្កាហ្សា បាន​បន្តិច ​​ក្រុម​ហាម៉ាស​បាន​ប្តូរ​ចិត្តវិញ​​ ដោយ​ព្រម​អោយ​មាន​បទ​ឈប់បាញ់​ថ្មី​មួយទៀត ​មាន​រយៈពេល​២៤ម៉ោង ​គិតចាប់​ពី​ម៉ោង​២រសៀល​ក្នុង​ស្រុកថ្ងៃ​អាទិត្យ​នេះទៅ។ ​ក្រុម​ហាម៉ាស​ប្រាប់ថា ព្រម​ដូច្នេះ ដោយ​សារ​ចង់អោយ​ប្រជាជន​ប៉ាឡេស្ទីន​បាន​បិទ​បញ្ចប់​បុណ្យ​សាសនា​រ៉ាម៉ាដង់។ ​​​​ ​​

ល្បែង​នៃ​បទឈប់បាញ់​រវាង​ក្រុម​ហាម៉ាស និង​យោធា​អ៊ីស្រាអែល​​ ស​​​​បង្ហាញពី​​បរាជ័យ​របស់​សហគមន៍​អន្តរជាតិ​ ក្នុងការ​រក​ដំណោះស្រាយ​​​ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន។​ ម្សិលមិញ ក្នុង​​កិច្ចប្រជុំ​អន្តរជាតិ​នៅ​​ក្រុង​ប៉ារីស​ ក្រោម​វត្តមាន​​ប្រមុខការទូត​អាមេរិក​ឃែររី ​​ប្រមុខ​ការទូត​កាតា និង​ប្រមុខការទូត​​អឺរ៉ុប​ច្រើន​ប្រទេស​នោះ ​​ភាគី​ប្រជុំទាំងអស់រកមិនបាន​​​ដំណោះស្រាយ​អ្វី​​ជាក់ស្តែង​​ទេ ​​បានត្រឹម​តែ​អំពាវនាវ​អោយ​ពន្យារពេល​​​បទឈប់បាញ់​​ប៉ុណ្ណោះ។ ​

ដោយឡែក ​ម្សិលមិញ ​​ក្រុម​ហាម៉ាស​បានប្រកាសថា ខ្លួន​​​ស្វាគមន៍​​អោយ​មាន​​​អន្តរាគមន៍​ពី​សំណាក់​​ប្រទេស​ក្នុង​តំបន់ រឺ​ក៏​អន្តរាគមន៍​អន្តរជាតិ ​ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​​អ៊ីស្រាអែល​​លើ​ប៉ាឡេស្ទីន និង​​​ដើម្បី​រុញ​អោយ​អ៊ីស្រាអែល​ឈប់​បិទខ្ទប់​​តំបន់​ហ្កាហ្សា​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ