អានតួអត្ថបទ
អ៊ីស្រាអែល-លីបង់

កងទ័ព​អ៊ីស្រាអែល​និង​លីបង់​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន

ទាហាន​អ៊ីស្រាអែល និង​ទាហាន​លីបង់​បាន​ប៉ះប្រយុទ្ធគ្នា នៅ​ព្រំដែន កាល​ពី​ថ្ងៃ​អង្គារ ទី៣ សីហា ២០១០ បណ្តាល​ឲ្យ​មាន​ការ​បារម្ភ​ថា សង្រ្គាម​អ៊ីស្រាអែល-លីបង់​អាច​នឹង​ផ្ទុះ​ម្តងទៀត។ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​កោះប្រជុំ​បន្ទាន់ ហើយ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​មាន​ការ​អត់ធ្មត់​ ចៀសវាង​​កុំ​ឲ្យ​ការ​ប៉ះទង្គិច​គ្នា​នេះ​​រាលដាល​​ទៅ​ជា​សង្រ្គាម​ធំ។

កងទ័ពលីបង់ និង​កង​មួកខៀវ នៅ​ព្រំដែន​លីបង់-អ៊ីស្រាអែល ថ្ងៃ​ទី៣ សីហា ២០១០
កងទ័ពលីបង់ និង​កង​មួកខៀវ នៅ​ព្រំដែន​លីបង់-អ៊ីស្រាអែល ថ្ងៃ​ទី៣ សីហា ២០១០ ©AFP/Ali Diya
ផ្សាយពាណិជ្ជកម្ម

05:42

បទវិភាគ​របស់ សេង ឌីណា

វរសេនីយ៍ឯក​អ៊ីស្រាអែល​ម្នាក់ ទាហាន​លីបង់​ពីរនាក់ និង​អ្នក​កាសែត​លីបង់​ម្នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា កាលពី​ម្សិលមិញ​នេះ។ ចាប់តាំង​ពី​សង្រ្គាម​ឆ្នាំ​២០០៦​​មក ការ​វាយ​ប្រយុទ្ធគ្នា ដោយ​មាន​ប្រើ​ទាំង​អាវុធ​ធុនធ្ងន់ផង​​ កាល​ពី​ម្សិលមិញ​នេះ គឺ​ជា​ការ​ប៉ះទង្គិចគ្នា​ទ្រង់ទ្រាយ​ធំបំផុត​មិន​ធ្លាប់​មាន រវាង​អ៊ីស្រាអែល និង​លីបង់។

ដើមហេតុ គឺ​កើត​ចេញ​ពី​ដើមឈើ​មួយដើម។ នៅមុនពេល​កើតមាន​ការប្រយុទ្ធគ្នា ទាហាន​អ៊ីស្រាអែល​​បាន​ទៅ​កាប់​ដើម​ឈើ និង​មែកឈើ នៅ​ជាប់​នឹង​ព្រំដែន ដើម្បី​កុំ​ឲ្យ​បាំង​កាម៉េរ៉ា ដែល​អ៊ីស្រាអែល​ដាក់​ឃ្លាំ​មើល​ព្រំដែន។ ទាហានលីបង់​​ក៏​បាន​បាញ់​ប្រហារ​លើ​ទាហាន​អ៊ីស្រាអែល ដោយ​​ចោទ​ថា ពួក​គេ​ឆ្លង​ចូល​ទៅ​កាប់​ឈើ នៅ​ប៉ែក​ខាង​លីបង់។ អ៊ីស្រាអែល​ក៏​បាន​បាញ់​តបតវិញ។

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​កោះប្រជុំ​ជា​បន្ទាន់ កាល​ពី​យប់​ថ្ងៃ​អង្គារ តាមសំណើ​របស់​រដ្ឋាភិបាល​លីបង់។ បន្ទាប់​ពី​កិច្ចប្រជុំនេះ ក្រុមប្រឹក្សា​សន្តិសុខ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​សងខាង​​មាន​ការអត់ធ្មត់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ការ​ប៉ះទង្គិច​គ្នា​នេះ​រាលដាល​ទៅ​ជា​​សង្រ្គាម។ សហរដ្ឋ​អាមេរិក បារាំង និង​សហភាព​អឺរ៉ុប​ ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ស្រដៀង​គ្នា​នេះដែរ។
ចំណែក​រដ្ឋាភិបាល​លីបង់ និង​រដ្ឋាភិបាល​អ៊ីស្រាអែលវិញ នៅ​តែ​បន្ត​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមកថា ជា​អ្នក​ទទួល​ខុសត្រូវ បង្ក​ឲ្យ​មាន​ការវាយប្រយុទ្ធ​គ្នា ម្សិលមិញ​នេះ។ លីបង់​ចោទ​អ៊ីស្រាអែល​ថា​បាន​រំលោភ​លើ​អធិបតេយ្យ​របស់​ខ្លួន។ ចំណែក​អ៊ីស្រាអែល​វិញ​​​បាន​អះអាង​ថា ទាហាន​របស់​ខ្លួន​មិន​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​លីបង់​​ដូចការ​ ចោទប្រកាន់​របស់​លីបង់​នោះទេ។ ការ​កាប់ឈើ​នេះ ក៏​ត្រូវ​បាន​ជូន​ដំណឹង​ជាមុន​ទៅ​កាន់​កងមួក​ខៀវ ដែល​​​ឈរ​ជើង​នៅ​ព្រំដែន​ដែរ។

ទាហាន​អ៊ីស្រាអែល​កំពុង​កាប់​ដើមឈើ​នៅ​ព្រំដែន​អ៊ីស្រាអែល-លីបង់
ទាហាន​អ៊ីស្រាអែល​កំពុង​កាប់​ដើមឈើ​នៅ​ព្រំដែន​អ៊ីស្រាអែល-លីបង់ ©Reuters

អ៊ីស្រាអែល​ចោទ​លីបង់​ថា បាន​ដឹង​ពី​គម្រោង​កាប់ឈើ​នេះ ហើយ​​រៀបចំ​ផែនការ​ទុក​ជាមុន ដើម្បី​លប​វាយឆ្មក់​​លើ​ទាហាន​អ៊ីស្រាអែល។ អ៊ីស្រាអែល​ក៏​បាន​បង្ហាញ​ភស្តុតាង​ផងដែរ​ថា មេបញ្ជាការ​កងទ័ព​​អ៊ីស្រាអែល​ដែល​ស្លាប់ គឺ​​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាភ្លើង​បាញ់​ស៊ីប (Sniper)​ចំក្បាល ហើយ​មេបញ្ជាការ​រូបនោះ​មិនមែន​ស្ថិត​​នៅ​កន្លែង​កាប់​ឈើ​នោះទេ គឺ​ឈរ​នៅ​ឯ​បន្ទាយ ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន​ឯណោះ។

នៅ​ព្រឹកថ្ងៃ​ពុធនេះ កងកម្លាំង​អ.ស.ប.​ប្រចាំ​នៅ​ព្រំដែន​អ៊ីស្រាអែល-លីបង់​បាន​ចេញ​សេចក្តី​ ថ្លែងការណ៍​មួយ​បញ្ជាក់ថា ដើមឈើ​ដែល​អ៊ីស្រាអែល​កាប់ គឺ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ដី​របស់​អ៊ីស្រាអែល​ពិតមែន។​ ទាហាន​អ៊ីស្រាអែល​បាន​ចូល​ទៅ​កន្លែង​ផ្ទុះ​អាវុធ​ជាថ្មី​ម្តងទៀត នៅថ្ងៃ​ពុធ ដើម្បី​កាប់​ដើមឈើ ដែល​ជា​ដើមហេតុ​នោះ​ចោល។ ​កងមួកខៀវ និង​ទាហាន​លីបង់​បាន​តាមដាន​មើល​សកម្មភាព​របស់​ទាហាន​អ៊ីស្រាអែល​នេះ ក៏ប៉ុន្តែ មិនមាន​ហេតុការណ៍​ណាថ្មី​កើត​ឡើង​ទៀត​ឡើយ។

នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ គេ​មិន​ឃើញ​មាន​ការប្រមូលផ្តុំ​ទ័ព​ខុសប្រក្រតី​ណាមួយ​នោះទេ។ ក៏ប៉ុន្តែ គេ​នៅតែ​មាន​ការ​បារម្ភ​ថា ការប៉ះទង្គិចគ្នា កាល​ពី​ម្សិលមិញ អាច​ជា​ឆ្នួន​សង្រ្គាម​ថ្មី​មួយទៀត ជាពិសេស ប្រសិន​បើ​ពួក Hezbollah លូកដៃ​ចូល។ គួររំឭក​ថា កាល​ពី​ឆ្នាំ​២០០៦ សង្រ្គាម​រវាង​​អ៊ីស្រាអែល និង​លីបង់​​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត។ រវាង​ប្រទេស​ទាំងពីរ​នេះ នៅមិនទាន់​មាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​គ្នា​នៅឡើយទេ។ ដូច្នេះ សង្រ្គាម​អាច​នឹង​ផ្ទុះ​ឡើងវិញ​គ្រប់ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ