អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្ហ៊ីនហ្សូ អាបេ៖ រដ្ឋធម្មនុញ្ញសន្តិភាពនិយម​ជប៉ុន​ត្រូវ​ធ្វើ​វិសោធនកម្ម​ឲ្យ​បាន​មុន​ឆ្នំា ២០២០

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី១ មករា ឆ្នំា២០១៤ នេះ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ថ្លែង​យ៉ាង​ច្បាស់ៗ​ថា ជប៉ុន​នឹង​ធ្វើ​ការ​កែប្រែ​ឡើង​វិញ​នូវ​រដ្ឋធម្មនុញ្ញសន្តិភាពនិយម​របស់​ខ្លួន​ឲ្យ​បាន​មុន​ឆ្នំា ២០២០។ ឆ្នំា ២០២០ ដែល​ប្រទេស​ជប៉ុន​ត្រូវ​ធ្វើ​ជា​ផ្ទះ​រៀបចំ​ការ​ប្រកួត​ល្បែងកីឡា​អូឡំាពិក។ សូម​ជម្រាប​ជូន​ថា រដ្ឋធម្មនុញ្ញ​ជប៉ុន​សព្វថ្ងៃ​បាន​ដាក់​កំហិត​ឲ្យ​ជប៉ុន​មាន​កម្លំាងទ័ព​ត្រឹម​តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ ពោល​គឺ​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការយោធា​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភពលោក​ទេ។

លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន
លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន © Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ឱកាស​នៃ​ការ​ថ្លែង​សារ​ជូនពរ​ឆ្នំា​ថ្មី ២០១៤ ដែល​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ឆ្លៀត​លើក​ឡើង​អំពី​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញសន្តិភាពនិយម​របស់​ប្រទេស​សព្វថ្ងៃ។ គួរ​រម្លឹក​ជូន​ថា រដ្ឋធម្មនុញ្ញសន្តិភាពនិយម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី ៦៨ឆ្នំា​មុន ពោល​ក្រោយ​ពេល​ដែល​ជប៉ុន​ចាញ់​សង្រ្គាមលោក​លើកទី២ កាល​ពី​ថ្ងៃទី១៥ សីហា ឆ្នំា ១៩៤៥ ប្រឈម​មុខ​នឹង​សហរដ្ឋាមេរិក។ កាលណោះ អាមេរិក​ក្នុង​នាម​ជា​អ្នក​ឈ្នះ​សង្រ្គាម​បាន​ចាប់​បង្ខំ​ជប៉ុន​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ដាក់​កំហិត​ឲ្យ​ជប៉ុន​មាន​កម្លាំង​ទ័ព​សម្រាប់​តែ​ការពារខ្លួន​ប៉ុណ្ណោះ ពោល​គឺ​មិន​ចូលរួម​ជាមួយ​កម្លំាងទ័ពអន្តរជាតិ​នៅ​ក្នុង​តំបន់ ឬមួយ​ក៏​នៅ​ក្នុង​ពិភពលោក​ទេ។ ការ​បង្ខំ​របស់​រដ្ឋបាល​អាមេរិក​ពេល​នោះ គឺ​ដើម្បី​រារំាង​ជប៉ុន​កុំ​ឲ្យ​ធ្វើ​ការ​អភិវឌ្ឍន៍​កម្លំាង​យោធា​របស់​ខ្លួន ពិសេស​ទប់​កុំ​ឲ្យ​ជប៉ុន​វិលត្រឡប់​ទៅ​រក​នយោបាយ​យោធានិយម និង​នយោបាយ​វាតទីនិយម​ដូច​កាល​ពី​មុន​សម័យ​សង្រ្គាមលោក​លើកទី២ ជា​ថ្មី។

គួរ​បញ្ជាក់​ជូន​ថា មុន​ចាញ់​សង្រ្គាមលោកលើកទី២ កងទព័​ជប៉ុន​បាន​ចូល​ទៅ​វាតទី​សឹង​តែ​មួយ​ទ្វីប​អាស៊ី​ទំាង​មូល តំាង​ពី​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ខ្លួន រហូត​ដល់​បណ្តា​ប្រទេស​ឆ្ងាយ​ពី​ព្រំដែន​ខ្លួន។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​ដែល​បណ្តា​ប្រទេស​នោះ​បាន​និង​កំពុង​បន្ត​ទាមទារ​ពី​រដ្ឋាភិបាល​ជប៉ុន​រហូត​មក​ដល់​សព្វថ្ងៃ គឺ​សំណង​ជំងឺចិត្ត​ដែល​ប្រព្រឹត្តិ​ដោយ​ទាហាន​ជប៉ុន​នា​សម័យ​ឈ្លនពាន​នោះ ពិសេស​ពី​សំណាក់​ប្រជាជន​ចិន និង​កូរ៉េ​ដែល​បាន​ទទួល​រងគ្រោះ​ខ្លំាង​ជាង​គេ។

តែ​នៅ​ពេល​នេះ និង​៦៨ឆ្នំា​ក្រោយ​មក លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា វា​ល្មម​ដល់​ពេល​ដែល​ជប៉ុន​ត្រូវ​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឡើង​វិញ​ដើម្បី​ឲ្យ​វា​សក្តិសម​ទៅ​នឹង​កាលៈទេសៈ​របស់​ពិភពលោក​សព្វថ្ងៃ។ ដោយឡែក និង​ក្រៅ​ពី​សារ​បញ្ជាក់​ពី​គម្រោង​ធ្វើ​វិសោតនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​មុន​ឆ្នំា ២០២០ លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្នុង​ការពារ​ទឹកដី​ប្រឈម​មុខ​នឹង​ប្រទេស​ចិន និង​កូរ៉េខាងត្បូង ទំាង​នៅ​លើ​អាកាស លើដី និង​លើ​ទឹក។

ប្តូរ​ពី​កងកម្លាំង​ការពារខ្លួន​ទៅ​ជា​កងទ័ពជាតិ​ពេញលក្ខណៈ

ឆន្ទៈ​របស់​លោក​ស្ហីនហ្សូ អាបេ​ដែល​ចង់​កែប្រែ​ច្បាប់រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​លោក​ប្រាប់​ឲ្យ​ដឹង​តំាង​ពី ១ឆ្នំា​មក​ហើយ ពោល​តំាង​ពី​លោក​បាន​វិល​មក​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជប៉ុន​ជាថ្មី​កាល​ពី​ដំណាច់​ខែ​ធ្នូ ឆ្នំា ២០១២។ ដូច្នេះ អ្វី​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា នឹង​កែប្រែ​ឲ្យ​បាន​មុន​ឆ្នំា ២០២០ នា​ពេល​នេះ ពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ។ សម្រាប់​លោក​អាបេ វា​ល្មម​ដល់​ពេល​ដែល​ជប៉ុន​ត្រូវ​ឈាន​មួយ​ជំហាន​ធំ​ទៅ​មុខ និង​ប្រឹងប្រែង​កសាង​ប្រទេស​របស់​ខ្លួន​ឲ្យ​សក្តិសម​ទៅ​នឹង​ស្ថានការណ៍​ពិភពលោក​នៃ​សតវត្សទី២១​នេះ។ អ្វី​ដែល​លោក​ស្ហីនហ្សូ អាបេ​ចង់​បាន​នោះ គឺ​ការ​ប្តូរ​លក្ខន្តិក​កងទ័ព​ជប៉ុន ពី​កងកម្លាំង​ការពារខ្លួន​មក​ជា​កងទ័ពជាតិ​ពេញលក្ខណៈ​ដូចគេ ដូចឯង។ ទន្ទឹម​គ្នា​នេះ លោក​អាបេ​ក៏​បាន​សម្រេច​បង្កើន​ថវិកា​ការពារជាតិ​ចំនួន ៥% សម្រាប់​រយៈពេល ៥ឆ្នំា​ខាង​មុខ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា ទំាង​ការ​តម្លើង​ថវិកា​ការពារជាតិ ក៏​ដូច​គម្រោង​ធ្វើ​វិសោតនកម្ម​រដ្ឋធម្មនុញ្ញសន្តិភាពនិយម​ត្រូវ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ជប៉ុន​កំពុង​ប្រឈម​មុខ​កាន់​តែ​ខ្លំាង​ឡើងៗ​ជាមួយ​ចិន​ជុំវិញ​ទីប្រជុំកោះសេនកាគុ​ដែល​សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន តែ​ចិន​កំពុង​ទាមទារ​ជា​របស់ខ្លួន។

អ្នកនយោបាយ និង​ប្រជាជន​នៅ​បន្ត​ខ្វែងគំនិត​គ្នា

ដើម្បី​អាច​ឲ្យ​ជប៉ុន​កែប្រែ​រដ្ឋធម្មនុញ្ញ​កាល​ពី ៦៨ឆ្នំា​មុន​របស់​ខ្លួន​បាន លុះត្រា​ណា​តែ​មាន​ការ​យល់ព្រម​ពី​សភា​ទំាង​ពីរ និង​ការ​យល់ព្រម​ពី​ប្រជាជន​ជប៉ុន​ភាគច្រើន។ សូម​ជម្រាប​ជូន​ថា បើ​ទោះ​បី​ជា ៦៨ឆ្នំា​បាន​កន្លង​ផុត​ទៅ​ហើយ​ក៏​ដោយ ក៏​គម្រោង​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​នៅ​តែ​បង្ក​ឲ្យ​មាន​ការខ្វែងគំនិត​គ្នា​យ៉ាង​ខ្លំាង​នៅ​ក្នុង​ចំណោម​អ្នកនយោបាយ ក៏​ដូច​ប្រជាជន​សាមញ្ញ។ អ្នក​ខ្លះ​ចង់​ឲ្យ​ជប៉ុន​បន្ត​រក្សា​រដ្ឋធម្មនុញ្ញសន្តិភាព​និយម​ឲ្យ​នៅ​ដដែល ដើម្បី​បញ្ចៀស​សង្រ្គាម។ តែ​អ្នក​ខ្លះ​ទៀត​យល់​ថា រដ្ឋធម្មនុញ្ញសន្តិភាពនិយម​សព្វថ្ងៃ​ជា​អន្ទាក់​ទាក់ ក ខ្លួន​ឯង​ទៅ​វិញ​ទេ។ ដូច្នេះ​ឃើញ​ថា នេះ​មិន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ សម្រាប់​លោក​ស្ហ៊ីនហ្សូ អាបេ​ដែល​ជា​អ្នកអភិរក្សនិយម និង​ប្រកាន់​ជំហរជាតិនិយម​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ