អានតួអត្ថបទ
ចិន-ជប៉ុន

ចិន​ថា​នឹង​គ្មាន​ជំនួបកំពូល​ជាមួយ​លោក​ស្ហ៊ីនហ្សូ​អាបេ​ក្រោយ​ពីលោក​ធ្វើ​ដំណើរ​ទៅ​យ៉ាស៊ូគូនី

កាលពីថ្ងៃ​ចន្ទ រដ្ឋាភិបាល​ចិន​បាន​ឲ្យដឹង​ថា ជំនួប​កំពូល​រវាង​ប្រមុខដឹកនាំ​ចិន និង​ជប៉ុន នឹង​មិន​អាច​កើតមាន​បានទេ នៅ​ក្រោយ​ពេល​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ធ្វើ​ដំណើរទៅ​គោរពវិញ្ញានក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី កាល​ពី​សប្តាហ៍​មុន។ ចំណែក​អាល្លឺម៉ង់វិញ បាន​ជំរុញ​ឲ្យ​ជប៉ុន​បង្ហាញ​នូវ​ “ភាពស្មោះត្រង់” ចំពោះ​ប្រវត្តិសាស្រ្ត​នៃ​សង្រ្គាម​លោក​លើកទី២។

លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី កាលពីថ្ងៃទី២៦ធ្នូ ២០១៣
លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី កាលពីថ្ងៃទី២៦ធ្នូ ២០១៣ REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពីសប្តាហ៍​មុន ក្រោយ​ពី​បាន​ធ្វើ​ដំណើរទៅ​គោរពវិញ្ញានក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី លោក​ស្ហ៊ីនហ្សូ អាបេ បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត អំពី​ជំហរ​របស់​លោក​ ដែល​ចង់​ជួប​ជជែក​ជាមួយ​មេដឹកនាំ​ចិន ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ភាព​តានតឹង។

ក៏ប៉ុន្តែ កាលពីថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា “គឺ​លោក​ស្ហ៊ីនហ្សូ អាបេ ខ្លួនឯង​ផ្ទាល់ ដែល​បាន​បិទផ្លូវ​ចរចា​ជាមួយ​ចិន ជាពិសេស តាមរយៈ​ការ​ធ្វើ​ដំណើរ​ទៅ​វិហារ​យ៉ាស៊ូគូនី ដែល​ជាកន្លែង​បញ្ចុះសព​ឧក្រិដ្ឋជន​សង្រ្គាម​” ក្នុង​សម័យ​សង្រ្គាម​លោក​លើកទី២”។ អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់​បន្ថែម​ថា ប្រជាជន​ចិន​មិន​ស្វាគមន៍​លោក​ស្ហ៊ីនហ្សូ​អាបេ​នោះទេ ដូច្នេះ ប្រមុខដឹកនាំ​ចិន​ក៏​នឹង​មិន​ជួប​លោក​ស្ហ៊ីនហ្សូ​អាបេ​ដែរ។

គួររំឭកឡើងវិញ​ថា លោក​ស្ហ៊ីនហ្សូ អាបេ គឺ​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ទីមួយ រាប់ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក ដែល​ធ្វើ​ដំណើរ​ទៅ​គោរពវិញ្ញានក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី នៅ​ក្នុងពេល​កំពុង​កាន់តំណែង។ ដំណើរ​ទៅកាន់​វិហារ​យ៉ាស៊ូគូនី​របស់​ស្ហ៊ីនហ្សូ អាបេ បាន​ធ្វើ​ឲ្យ​ចិន ក៏ដូចជា​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​ធ្លាប់​រង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ជប៉ុន​ក្នុង​សម័យសង្រ្គាម​លោក នាំ​គ្នាផ្ទុះកំហឹង។

កូរ៉េ​ខាង​ត្បូង​​ទើប​នឹង​បានប្រកាស​ដកខ្លួន​ចេញ​ពី​កិច្ចចរចា​ជាមួយ​ជប៉ុន ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុងវិស័យ​ការពារជាតិ និង​ចារកិច្ច ដែល​គ្រោង​ធ្វើ នៅ​ខែ​មករា ២០១៤​ខាងមុខ​នេះ។

អាល្លឺម៉ង់វិញ ដែល​ជា​អតីត​សម្ព័ន្ធមិត្ត​របស់​ជប៉ុន ក្នុង​សម័យ​សង្រ្គាម​លោក​លើកទី២ បាន​លើកឡើង​ដោយ​មិនបញ្ចេញ​ចំឈ្មោះ​ប្រទេស​ជប៉ុន​ថា គ្រប់ប្រទេស​ទាំងអស់​ត្រូវ​តែ​ទទួលស្គាល់​ដោយស្មោះត្រង់​នូវ​ទង្វើ​របស់​ខ្លួន នៅ​ក្នុង​​សង្រ្គាម​លោក​លើកទី២ ដែល​ជា​សម័យកាល​ដ៏ខ្មៅងងឹត​មួយ​នៃ​សតវត្សរ៍​ទី២០។ មន្រ្តី​អ្នកនាំពាក្យ​របស់​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ថ្លែង​បែបនេះ កាល​ពីថ្ងៃ​ចន្ទ តប​ទៅនឹង​​អ្នក​សារព័ត៌មាន​ដែល​ចោទសួរ​ អំពី​ការ​ទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី​របស់​មេដឹកនាំ​ជប៉ុន។

គួរបញ្ជាក់ថា ជាទូទៅ អាល្លឺម៉ង់​តែងតែ​បង្ហាញ​នូវ​មោទនភាព​ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ជួសជុល​នូវ​កំហុស​របស់ខ្លួន​ពី​អតីតកាល គឺ​​​នយោបាយ​ឈ្លានពាន និង​ការ​កាប់សម្លាប់​ជនជាតិជ្វីហ្វ​អឺរ៉ុប​រាប់លាននាក់ កាល​ពី​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ