អានតួអត្ថបទ
ចិន-ជប៉ុន

សារព័ត៌មាន​ផ្លូវការ​ចិន ចង់​បញ្ចូល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​​ក្នុង​បញ្ជី​ខ្មៅ

ប្រតិកម្ម​មាន​យ៉ាង​ទាន់​ហន់ ក្រោយ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​វិហារ យ៉ាស៊ូគូនី។ គ្រប់​​សារព័ត៌មាន​ចិន​បាន​បញ្ចេញ​មតិ និង​សំណើ​ជា​ច្រើន​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ទង្វើ​របស់​លោក​ ស៊ីនហ្សូ អាបេម្សិលមិញ។ ប្រទេស​ចិន​ត្រូវ​តែ​ចាត់​វិធានការ​សង​សឹក​តប​វិញ ឱ្យ​បាន​សក្តិសម ឬ​ឱ្យ​ជ្រុល​បន្តិច​ក៏​បាន ប្រឆាំង​នឹង​ទង្វើ​គ្មាន​ខ្លឹម​សារ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ ដោយ​ត្រូវ​ចាត់​​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ទៅ​ក្នុង​បញ្ជី​ខ្មៅ ជា​មនុស្ស​មិនគួរ​ឱ្យ​រាប់អាន។ នេះ​បើ​តាម​អះអាង​របស់​សារព័ត៌មាន​ផ្លូវការ​​ចិន​ ដែល​ជា​ទូទៅ​ជា​អ្នក​ពាំ​ពាក្យ​របស់​បក្ស​កុម្មុយនិស្តចិន។

ក្រុម​សកម្មជន​ប្រឆាំង​ជប៉ុន នាំ​គ្នា​ដុត​ពាក្យ​​ស្លោក​​​​ ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​ស៊ីនហ្សូ​ អាបេទៅ​វិហារ​យ៉ាស៊ូគូនី
ក្រុម​សកម្មជន​ប្រឆាំង​ជប៉ុន នាំ​គ្នា​ដុត​ពាក្យ​​ស្លោក​​​​ ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​ស៊ីនហ្សូ​ អាបេទៅ​វិហារ​យ៉ាស៊ូគូនី © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​ពី​ខាង​ចិន​ផ្ទុះ​ឡើង​ដូចលាជ ! រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិនលោក Wang Yi​ បាន​ថ្កោល​ទោស​ ជា​ផ្លូវការ​ នាយករដ្ឋមន្ត្រី​ជប៉ុន​ ដោយ​គ្មាន​បង្អង់ ចំពោះ​ទង្វើ​គ្មាន​ខ្លឹមសារ ដែលគ្មាននរណា​អាចទ្រាំ​មើល​បានឡើយ។ នេះ​ជា​អ្វី​ដែល​មានសរសេរ​ចុះ​ផ្សាយ​នៅ​ទំព័រវិចារណកថា​កាសែតចិន​ជា​ភាសា​អង់គ្លេស The Global Time។

កាសែត​​នេះ បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ស្នើ​ឱ្យ​ចិន ចាត់​បញ្ចូល​លោក ស៊ីនហ្សូ អាបេ និង​មនុស្ស​ជំនិត​ (រដ្ឋមន្ត្រី​និង​សមាជិក​សភា) ទាំង​អស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​វិហារយ៉ាស៊ូគូនី ក្នុង​ឆ្នាំ​២០១៣​នេះ ទៅ​ក្នុង​បញ្ជី​ខ្មៅ ជាមនុស្ស​មិនគួរ​ឱ្យ​រាប់​អាន​ ព្រោះ​បើ​មិន​ប្រើ​ធម៌​ក្តៅ​តប​វិញ​ទេ ចិន​អាច​នឹង​ត្រូវ​គេ​ម៉ាក់ងាយ​ថា​ជា​ខ្លា​ក្រដាស។

​ចិន​​ត្រូវ​បិទ​ទ្វារ​មិន​ទទួល​ស្វាគមន៍​មនុស្ស​ក្នុង​បញ្ជី​ខ្មៅ​រយៈ​ពេល​៥​ឆ្នាំ ពោល​គឺ​ប្រទេស​ទាំង​ពីរ​គ្មាន​ឱកាស​ប៉ះប៉ូវ​ផ្សះផ្សា​ភាព​ប្រេះ​ស្រាំ​នេះ​បានទេ។ នេះ​គឺ​ជា​មេរៀន​​សម្រាប់​មេដឹកនាំ​ជប៉ុន​ជំនាន់​ក្រោយ។ កាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ បាន​ថែម​ទាំង​វាយ​សំពង​ធ្ងន់ៗ​លើ​ជប៉ុន ដោយ​ចង់​ចាត់ទុក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ដូច​ជា​ពួក​​ភេរវនិយម ពួក​ហ្វាស៊ីស និង​យល់​ថា​មិត្តភាព​ចិនជប៉ុនលែង​សំខាន់​ទៀត​ហើយ។

កាសែត​China Daily វិញ មិន​ចង់​ឱ្យ​ការ​ប្រមាថ​របស់​ជប៉ុន មាន​ផលវិបាក​ត្រឹម​តំណាង​ការទូត​ទេ តែ​ត្រូវ​ឱ្យ​ចិន និង​សហគមន៍​អន្តរជាតិ​ទាំង​មូល​ គិត​គូរ​ឡើង​វិញ​ពី​ទំនាក់ទំនាក់​ជាមួយ​ជប៉ុន ទាំង​ខាង​វិស័យ​សន្តិសុខ ការទូត និង​សេដ្ឋកិច្ច។ កាសែត​ប្រជាជន​ កាសែត​ផ្លូវការ​បក្ស​ មាន​សម្តី​ស្រទន់​ជាង​គេ​បន្តិច ដោយ​គ្រាន់​តែ​បរិហារ​ទង្វើ​របស់​លោក​ស៊ីនហ្សូ អាបេ​ ថា​ចង់​កន្លង​យុត្តិធម៌​ប្រវត្តិសាស្ត្រ និង​​សម្បជញ្ជៈមនុស្សជាតិ ដោយ​ទាមទារ​ឱ្យជប៉ុន​រិះគិត​ឡើង​វិញ​ និង​ធ្វើ​ការ​សុំ​ទោស​ដោយ​ត្រង់ៗ​កំហុស​អតីតកាល​របស់​ជប៉ុន​លើ​ប្រជាជន​រងគ្រោះ​នៅ​អាស៊ី។

សូម្បី​តែ​សារព័ត៌មាន​ជប៉ុន នៅ​ក្នុង​ស្រុក ភាគ​ច្រើន មាន​ជាអាទិ៍ កាសែត Asahi ឬ Nikkei ​ក៏​​បាន​រិះគន់​សកម្មភាព​របស់​លោក​អាបេ​ម្សិលមិញដែរ ព្រោះយល់​ថា​​​អាច​បង្ក​ឱ្យ​មាន​ផល​វិបាក​ការទូត​ខ្លាំង។ មាន​តែ​កាសែត​ Shimbun ជាតិនិយម​បំផុត​មួយ​ប៉ុណ្ណោះ​ ដែលបាន​សរសើរ​លោក​អាបេ ថា​បាន​បំពេញ​តួនាទី​ជាប្រមុខ​ដឹកនាំ​ប្រទេស​ពិតៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ