អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គួឌីស្ថាន​ប្រកាស​ធ្វើ​ប្រជាមតិ​ទាមទារ​ឯករាជ្យ ពេល​​អ៊ីរ៉ាក់មាន​គ្រោះ​​មហន្តរាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ីរ៉ាក់​អាច​នឹង​ជោគវាសនា​ដូច​ស៊ីរី ! គ្មានមធ្យោបាយ​​អាច​ត្រលប់​បក​ថយ​ក្រោយ​បាន​វិញ​ទេ ! ប្រទេស​នេះ​អាច​មាន​គ្រោះ​ធ្លាក់​ក្នុង​មហន្តរាយ ! ទាំង​នេះ​គឺ​ជា​ការព្រមាន​របស់​​​បេសកកជន​អង្គការ​សហប្រជាជាតិ​​ប្រចាំ​ទីក្រុង​បាកដាដ ដែល​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​អ៊ីរ៉ាក់​ទាំង​អស់​ បង្រួប​បង្រួម​គ្នា​ជា​ធ្លុង​មួយ ធិប​ចោល​​ប្រយោជន៍​និង​មហិច្ឆតា​ផ្ទាល់​ខ្លួន។ ក្នុង​ពេល​ដែល អ៊ីរ៉ាក់ កំពុង​ស្ថិត​លើ​មាត់​ជ្រោះ​នៃ​ការ​​ប្រេះ​ឆា តំបន់​គៀរឌីស្តង់​វិញ ឆ្លៀត​ប្រកាស​ធ្វើ​ប្រជាមតិ​ ស្តី​ពីឯករាជ្យ​តំបន់​ស្វយ័ត​គៀរឌីស្តង់ ​ផ្តាច់​ខ្លួនពី​អ៊ីរ៉ាក់ មិន​ខ្វល់​នឹង​ការ​អំពាវនាវ​បង្រួមបង្រួម​ជាតិ។

គំនូស​ក្រហម​ ៖ ព្រំដែន​តំបន់​គៀរឌីស្តង់- ផ្ទៃ​បៃតង ៖ តំបន់​មាន​ប្រជាជន​គៀរឌីស្តង់​រស់​នៅ
គំនូស​ក្រហម​ ៖ ព្រំដែន​តំបន់​គៀរឌីស្តង់- ផ្ទៃ​បៃតង ៖ តំបន់​មាន​ប្រជាជន​គៀរឌីស្តង់​រស់​នៅ
ផ្សាយពាណិជ្ជកម្ម

តំបន់​គួឌីស្ថានចង់​បំបែក​ខ្លួនចេញ ពួក​ជីហាត​​រដ្ឋ​អ៊ីស្លាម​ឡើង​កម្លាំង រុល​ទៅ​មុខដណ្តើម​បាន​ទីតាំង​បន្ថែម​ឥត​ឈប់ឈរ ​អ៊ីរ៉ាក់​កំពុង​ប្រឈម​នឹង​គ្រោះ​​ផ្ទុះ​បែក​ខ្ញែកជា​ចំរៀកៗ​ កាន់តែ​ខ្លាំង​ឡើងៗ។

 

តាំង​ពី​ពួក​ជីហាត​អ៊ីស្លាម “រដ្ឋ​អ៊ីស្លាម" ដណ្តើម​គ្រប់គ្រង​តំបន់​ជា​ច្រើន​របស់​អ៊ីរ៉ាក់​មក ពាក្យ​ថា​​ឯករាជ្យ​បាន​រស់​រវើក​ឡើង​វិញ​ក្នុង​តំបន់​ស្វយ័តគួឌីស្ថាន។ ម្សិលមិញ​ មេដឹកនាំ​តំបន់​គួឌីស្ថាន បាន​ប្រកាស​ជា​សាធារណៈ​ចង់​រៀបចំ​ប្រជាមតិ​ស្តី​ពី​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​អ៊ីរ៉ាក់។

 

សម្រាប់​ជនជាតិ​គួឌីស្ថាននៅ​អ៊ីរ៉ាក់ ខែ​មិថុនា​កន្លង​ទៅ​នេះ​ជា​ខែ​ប្រកបដោយ​អត្ថន័យ​ បែងចែក​ប្រវត្តិសាស្ត្រ​ជាពីរ គឺ​ពេល​មុន និង​ពេល​ក្រោយ មិថុនា ២០១៤។ ក្នុង​ពេល​ដែល​ពួក​ជីហាត​រុល​ទៅ​មុខ​យ៉ាង​សន្ធោសន្ធៅ​ ដណ្តើម​គ្រប់គ្រង​ទឹក​ដី​ជា​បន្ត​បន្ទាប់ រហូត​ដល់​ប្រកាស​​បង្កើត​ដែនដី​កាលីហ្វា​រដ្ឋ​អ៊ីស្លាម​ ឯ​កង​ទ័ព​អ៊ីរ៉ាក់​វិញ ដក​ថយ​ជា​លំដាប់​មែន ប៉ុន្តែ​កងទ័ព​គួឌីស្ថាន (Peshmergas) វិញ​ បាន​ពន្លាត​តំបន់​កាន់​កាប់ រហូត​ដល់​ ក្រុង Kirkouk។ ក្រុង​ដែលជា​ជង្រុក​ប្រេង​ដ៏​សំខាន់ និង​ដែល​គួឌីស្ថាន ទាមទារ​រាប់​បញ្ចូល​ក្នុង​តំបន់​ស្វយ័ត​របស់​ខ្លួន​តាំង​ដើម​មក តែ​អំណាច​កណ្តាល​បាកដាដ​មិន​ព្រម​។

 

 ►សូមអាន ៖ តំបន់​ស្វយ័ត​ គួឌីស្ថានឆ្លៀត​ផ្តាច់​ទឹកដី​ពី​អ៊ីរ៉ាក់

 

ពី​មុន​មក​គួឌីស្ថាន មិន​ដែល​នឹក​នា​និយាយ​អំពី​ឯករាជ្យ​ទេ ទើប​តែ​នៅ​ពេល​យក​ឈ្នះលើ​​ពួក​ជីហាត ដណ្តើម​បាន​ក្រុង​ គៀរគូក ​​ក្តី​ស្រមៃ​ឃើញ​គួឌីស្ថានឯករាជ្យ បាន​ផុស​ឡើង​។ ហើយ​ម្សិលមិញ​ជា​លើក​ទី​មួយ នៅ​ចំពោះ​មុខ​សភាតំបន់ មេដឹកនាំ​គួឌីស្ថាន លោក​ម៉ាស៊ូដ បារហ្សានី បាន​ស្នើ​សុំ​សភា​ឱ្យ​រៀប​ចំ​ប្រជាមតិ​​ស្តី​ពី​ការ​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី​អ៊ីរ៉ាក់​ មក​ធ្វើ​ជា​រដ្ឋ​ឯករាជ្យ​។

 

សូម​បញ្ជាក់​ថា តំបន់​គួឌីស្ថាន ជា​តំបន់​ស្វយ័ត​របស់​អ៊ីរ៉ាក់ មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ភាគ​ខាង​ជើង​ប្រទេស។ តំបន់​ស្វយ័ត​នេះ មាន​រដ្ឋាភិបាល មាន​រដ្ឋមន្ត្រី មាន​រចនា​សម្ព័ន្ធ​ និង​ប្រមុខ​ដឹក​នាំ​ប្រទេស សភា និង​កងទ័ព​ជាតិ ក្នុង​ទម្រង់​បែប​បទ​​ដំណើរការដូច​ប្រទេស​​ ឬ​រដ្ឋ​ឯករាជ្យមួយ​យ៉ាង​ដូច្នេះ គ្រាន់តែ​មាន​ជាប់​ឈ្មោះ​ថា​ជា​តំបន់​ស្វយ័ត​របស់​ប្រទេស​អ៊ីរ៉ាក់។

 

ពុំ​ទាន់​មាន​ទេ​ កាល​បរិច្ឆេទ​នៃ​​ការ​ធ្វើ​ប្រជាមតិ​នេះ ប៉ុន្តែ​ជនជាតិ​គួឌីស្ថាន កំពុង​បោះជំហាន​ទៅ​រក​ឯករាជ្យ​កាន់​​ច្បាស់ ដោយរបៀប​ឆក់​ឱកាស ក្នុង​ខណៈ​ដែល​អ៊ីរ៉ាក់​ ជា​ប្រទេស​មេ កំពុង​ដុន​ដាប ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ប្រេះឆា បែក​ខ្ញែក និង​ធ្លាក់​ក្នុង​ជ្រោះ​សង្គ្រាម​ស៊ីវិល។​ ម្យ៉ាង​ទៀត ថ្វីដ្បិត​តែ​​គួឌីស្ថាន ស្វយ័ត​ អាច​ដំណើរការ​បាន​រហូត​មក​មែន ប៉ុន្តែ​ស្លាក​ស្នាម​សង្គ្រាម​មិន​ទាន់​ជ្រះ​ស្រឡះ​ទេ។ ផ្ទៃ​ក្នុង​គួឌីស្ថានសព្វថ្ងៃ​នៅ​មាន​ចរន្ត​នយោបាយ​ពីរ​ (បក្ស​ប្រជាធិបតេយ្យ​គួឌីស្ថាន និង​បក្សស្នេហា​មាតុភូមិ​រួបរួម​គួឌីស្ថាន)ប្រកួត​ប្រជែង​គ្នា ដោយ​ត្រកូល​ពី​រ ដែល​ត្រូវ​គ្នា​​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ។

 

អាមេរិក​​មិន​ស្វាគមន៍​ការធ្វើ​ប្រជាមិត​ស្តីពី​ឯករាជ្យ​តំបន់​គួឌីស្ថាន

 

​មូលហេតុ​ដំបូង​នៃ​ការ​ប្រឆាំង​នឹង​គំនិត​ចង់​ធ្វើ​ប្រជាមតិ​នៅ​គួឌីស្ថាន គឺ​ពិត​ថា​ ដើម្បី​រក្សាជំហរ​ ឱ្យ​មាន​ស្ថិរភាព ! នៅ​អ៊ីរ៉ាក់​ ជម្លោះ​អន្តរសហគមន៍ រវាង​អ្នក​មាន​និកាយ​ឈីអ៊ីត ស៊ុននីត មាន​រ៉ាំរ៉ៃ​តាំង​ពី​មុន​ការ​ងើប​ឡើង​របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ទៅ​ទៀត ស្ទើរ​ប្រេះ​ប្រទេស​ជា​ចំណែក​ទៅ​ហើយ។ ឥលូវ​បន្ថែម​ ការ​ចង់​ផ្តាច់​ខ្លួន​​របស់​សហគមន៍​គួឌីស្ថានទៀត ដូច្នេះ​សេណារីយោ​ នៃ​ការ​បែកខ្ញែក​ប្រទេស​ហាក់​ដូច​ជា​បាន​និង​កំពុង​ចាប់​ផ្តើម​គូស​វាស​ដូច្នោះ។

 

បើ​គួឌីស្ថានបាន​ឯករាជ្យ នោះ​តំបន់​ដើមបូព៌ា​ទាំង​មូល​ត្រូវ​ជាប់​ពាក់ព័ន្ធ ជាមួយ។ ផលវិបាក​អាច​នឹង​មាន​ច្រើន​ រាលដាល​ដល់​ប្រទេស​ផ្សេង​ទៀត ក្នុង​តំបន់ ដែល​មាន​ប្រជាជន​ដើម​កំណើត​គួឌីស្ថានរស់​នៅ។ ប្រទេស​ទាំង​នោះ​ មាន​ជាអាទិ៍​ប្រទេស​ ស៊ីរី តួកគី និងអ៊ីរ៉ង់។ ហើយ​មួយ​ក្រុមៗ មាន​ប្រវត្តិ​រៀងៗ​ខ្លួន​ដែល​ពិត​ជា​នឹង​បង្ក​ភាព​ស្មុគ​ស្មាញ​យ៉ាង​ខ្លាំង។

 

អ៊ីចឹង​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក ត្រូវ​តែ​ប្រកាស​ភ្លាម ប្រឆាំង​នឹង​គំនិត​ធ្វើ​ប្រជាមតិនេះ ដោយ​ពន្យល់​ថា អ៊ីរ៉ាក់ខ្លាំង​ដរាបណា​អ៊ីរ៉ាក់​រួម​គ្នា​ជា​ធ្លុង​មួយ។ ហើយ​អាមេរិក​គាំទ្រ​អ៊ីរ៉ាក់​កន្លង​មក​គឺ​ដើម្បី​បាន​ឃើញ​អ៊ីរ៉ាក់​ប្រជាធិបតេយ្យ ពហុបក្ស​ និង​ការ​រួបរួមគ្នា។ អាមេរិក​នៅ​តែ​រក្សាជំហរ​ជានិច្ច​ បង្ខំ​ឱ្យ​អ៊ីរ៉ាក់​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ ដែល​មាន​តំណាង​រដ្ឋាភិបាល​មក​ពី​គ្រប់​ជនជាតិ។

 

តាំង​ពី​បោះឆ្នោត​ថ្ងៃ​ទី ៣០​មេសា​មក អ៊ីរ៉ាក់​ទើប​តែ​នឹង​អាច​បើក​ប្រជុំ​សភា​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​រៀប​ចំ​បង្កើត​រដ្ឋាភិបាល ប៉ុន្តែ​​​សូម្បី​តែ​ជ្រើស​តាំង​ប្រធាន​សភា​ក៏​ធ្វើ​មិន​បាន​ផង។ ហេតុដូច្នេះ​ហើយ​បាន​ជា​ គ្រប់​គ្នា​មើល​ឃើញ​គ្រោះ​ខ្មៅ​ងងឹត​របស់​អ៊ីរ៉ាក់។​ បេសកកជន​អង្គការ​សហប្រជាជាតិ ទទួល​កិច្ចការ​ បាន​ថែម​ទាំង​ព្រមាន​ថា អ៊ីរ៉ាក់​អាច​នឹង​មាន​ជីវិត​ដូច​ស៊ីរី ប្រសិន​បើ​អ្នក​នយោបាយ​គ្រប់ជាន់​ថ្នាក់ គ្រប់ជនជាតិ មិន​ព្រម​រួបរួម​ជា​ធ្លុង​មួយ​ជា​មួយ​​រដ្ឋាភិបាល​តែ​មួយ​ទេ​នោះ។

 

ការ​បង្រួបបង្រួម​ជាតិ​ជា​ការ​ចាំ​បាច់ ព្រោះ បើ​តាម​ក្រសួង​ការពារ​ជាតិ​ អាមេរិក កងទ័ព​អ៊ីរ៉ាក់ មាន​សមត្ថភាព​ត្រឹម​ទប់​ការពារ​ក្រុង​បាកដាដ ប៉ុន្តែ​មិន​អាច​ប្រយុទ្ធ​តស៊ូ ដណ្តើម​យកមក​វិញ​​តំបន់​ដែល​ពួក​អ៊ីស្លាម​ជីហាត​វាយ​បាន​នោះ​ទេ។ កងកម្លាំង​ពិសេស​អាមេរិក​កំពុង​សិក្សា​​ប្រមូល​ព័ត៌មាន​ដើម្បី​អាច​វាយតម្លៃ​ស្ថានការណ៍​ជាក់ស្តែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ