អានតួអត្ថបទ
រុស្ស៊ី

នៅទីបំផុត​ប្រទេស​រុស្ស៊ី​មាន​រដ្ឋាភិបាលថ្មី​

ឈ្មោះ​សមាជិក​គណៈ​រដ្ឋមន្ត្រីថ្មី​ត្រូវបាន​ប្រកាស​រសៀល​ម្សិលមិញ​ មួយម្តងៗ​ដោយ​លោក​ប្រធានាធិបតី​ពូទីន​ផ្ទាល់​ បន្ទាប់ពី​គាត់បាន​ចេញក្រិត្យ​អនុម័ត​ដាច់ស្រេច​ជាស្ថាពរ​ ទៅលើ​ទ្រង់ទ្រាយ​និង​សមាសភាព​រដ្ឋាភិបាល​ថ្មីនេះ​ ដែលស្នើ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ មេដវេដេវ។  

ឝណៈ​រដ្ឋមន្ត្រី​ថ្មី​មាន​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​៧នាក់​ដូច​មុន​ដដែល​
ឝណៈ​រដ្ឋមន្ត្រី​ថ្មី​មាន​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​៧នាក់​ដូច​មុន​ដដែល​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​លើកនេះ​ ជា​រដ្ឋាភិបាល​ទី១២​ក្នុង​ប្រវត្តិថ្មី​របស់​រុស្ស៊ី ​គិតពី​ឆ្នាំ១៩៩០​មក​ កាលដែល​មាន​ចេញ​ “សេចក្តី​ប្រកាស​ស្តីអំពី​ អធិបតេយ្យ​រដ្ឋរុស្ស៊ី”​។ រដ្ឋាភិបាល​លើកនេះ ​បើ​ប្រៀប​ទៅនឹង​លើកមុន​ គឺមាន​សមាសភាព​ថ្មី​ដល់ទៅ​៧៥%។

 
ឝណៈ​រដ្ឋមន្ត្រី​ថ្មី​មាន​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​៧នាក់​ដូច​មុន​ដដែល​ ប៉ុន្តែ​ពីក្នុង​នោះ​ មានតែ​ម្នាក់​ប៉ុណ្ណោះ​ជាឧបទី១​ ខុស​ពីលើក​មុន​ ដែល​មាន​ដល់​ទៅ២នាក់។

ពីក្នុង​ចំណោម​ ១៨ក្រសួង​ដែល​ធ្លាប់មាន​ពីមុន​គឺមាន​តែ​៥ក្រសួង​ប៉ុណ្ណោះ ​ដែល​នៅ​បន្ត​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ចាស់​ជាបឋម​ គឺ​រដ្ឋមន្ត្រី​ការបរទេស​ លោក​ Serguei​ Lavrov​ និង​ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Anatoly ​Serdiukov​ ដែលតាម​មតិ​អ្នកវិភាគ​ខ្លះ​ គឺ​ដើម្បីធានា​ជាអាទិ៍​ នូវ​និរន្តភាព​ខាង​ធ្វើ​កិច្ចចរចា​ ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ជុំវិញ​បញ្ហា​ “ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល”​ ដែល​អាមេរិក​ បន្ត​ដំឡើង​នៅទ្វីប​អឺរ៉ុប​ប្រព័ន្ធ​ដែល​តាម​ម៉ូស្គូ ​គឺ ​គំរាម​ដល់​សន្តិសុខ​ជាតិរុស្ស៊ី។

នៅរក្សា​តំណែង​ខ្លួន​ក៏ទាំង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ក្រសួង​យុត្តិធម៌​ និង​ក្រសួង​កីឡា ​ក្រសួង​ដែល​ត្រូវ​បំពេញ​តទៅទៀត​ កិច្ចការ​ខាង​រៀបចំ​ទទួល​ “ល្បែងកីឡា​អូឡាំពិក​រដូវ​ត្រជាក់”​ នៅបុរី​ Sochi​ ក្នុងឆ្នាំ ២០១៤​ខាងមុខ។

ខាងទ្រង់ទ្រាយ​វិញ ​“ក្រសួង​សុខាភិបាល​និង​អភិវឌ្ឍន៍​សង្គម” ដែលធ្លាប់​មាន​ពីមុន​ ឥឡូវ​បំបែក​ទៅជា ​“ក្រសួង​សុខាភិបាល”​ និង​“ក្រសួង​ពលកម្ម​និង​ការពារ​សង្គម”។​ មិនតែ​ប៉ុណ្ណោះ ​មាន​បង្កើត​ឡើង​ជាក្រសួង​ថ្មី ​”ក្រសួង​អភិវឌ្ឍន៍​តំបន់​ចុង​បូព៌ា”​ និង​តំណែង​ថ្មី​ ជា” រដ្ឋមន្ត្រី​ខាង​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាលចំហ” ។​ រដ្ឋាភិបាលចំហ​នេះ ​ជា​”ក្រុមប្រឹក្សា​ជំនាញការ”​ ខាង​បំផុស​បំផុល​បរិយាកាស ​Business​ ក្នុង​ប្រទេស។​ ការរុះរើ​បាន​បង្កើន​ចំនួន​ក្រសួង​ក្នុង​រដ្ឋាភិបាល​ឲ្យឡើង​ដល់​២១​ពីក្នុង​នោះ ​១៦​ គឺដឹកនាំ​ ដោយ​ឈ្មោះថ្មីៗ​ដែលភាគ​ច្រើន​ ធ្លាប់​ធ្វើជា​អនុ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជំនាន់​លោក​ពូទីនទេ​តើ​ ម៉្លោះហើយ​បានជា​កាសែត​លេខថ្ងៃនេះ​ នាំគ្នា​ហៅ ​រដ្ឋាភិបាល​លោកមេដវេដេវ​ថាជា​ “រដ្ឋាភិបាល​នៃអនុ​រដ្ឋមន្ត្រី​” ដែលតាម​មើលទៅ​នឹងស្ថិត​នៅក្រោមការ​ត្រួត​ពិនិត្យ​ពីខាង​វិមាន​ក្រេមឡាំង​ដ្បិត​អតីត​រដ្ឋមន្ត្រី​មួយ​ចំនួន​ធំ​ថ្ងៃនេះ​ ត្រូវ​លោកប្រធានាធិបតី​ពូទីន​តែងតាំង​ជាទីប្រឹក្សា ​និង​ជំនួយការ​ របស់​គាត់តែម្តង។

គួរនិយាយ​ថា ​ក្នុង​រដ្ឋាភិបាល​លោកមេដវេដេវ​ ដែល​មាន​សមាជិក​សរុប​ទៅ ​ចំនួន​២៩នាក់​ មានភេទ​ស្រី​តែ២នាក់​ប៉ុណ្ណោះ ​ហើយមាន​វ័យក្មេង​ជាងគេ​ អាយុទើប​ ២៩ឆ្នាំ ​គឺរដ្ឋមន្ត្រី ​ក្រសួង​ទូរគមនាគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ