អានតួអត្ថបទ
រុស្ស៊ី-អំណាច

កម្មករ​ម្នាក់​ត្រូវ​បាន​លោក​ពូទីន​តែង​តាំង​ជា​តំណាង​នៃ​អំណាច​គាត់​

រឿង​​ដែល​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល​​នៅ​​រុស្ស៊ី​គឺ​​លោក​​ប្រធានាធិបតី​​ពូទីន​ទើប​​តែង​​តាំង​​កម្មករ​​ម្នាក់​​នៃ​​រោងចក្រ​​ខាង​​ផលិត​​ទូរទេះ​ភ្លើ​ង​​ឲ្យ​​ធ្វើ​​ជា​​តំណាង​​ពេញ​​សមត្ថភាព​​របស់​​គាត់​​ប្រចាំ​​“ភូម៌ភាគ​​តំបន់​​ភ្នំ​​អ៊ូរ៉ាល​​នៃ​​សហព័ន្ធ​រុស្ស៊ី​” បាន​​ន័យ​​ថា​សម្រាប់​​ត្រួត​​លើ​​សកម្មភាព​​អភិបាល​​ខេត្ត​​ចំនួន​​ដល់​​ទៅ​​៦​​ដែល​​ស្ថិត​​នៅ​​ក្នុង​​ភូម៌​​ភាគ​​នេះ។​  

លោកប្រធានាធិបតីរុស្ស៊ី ពូទីន​ តែងតាំង កម្មករម្នាក់នៃរោងចក្រ​ផលិត​ទូរទេះភ្លើង Igor Holmanskix(ខាងស្តាំ)​ជាតំណាង​ពេញសមត្ថភាពរបស់គាត់
លោកប្រធានាធិបតីរុស្ស៊ី ពូទីន​ តែងតាំង កម្មករម្នាក់នៃរោងចក្រ​ផលិត​ទូរទេះភ្លើង Igor Holmanskix(ខាងស្តាំ)​ជាតំណាង​ពេញសមត្ថភាពរបស់គាត់ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

កម្មករ​នេះ​ឈ្មោះ Igor Holmanskix ជា​ប្រធាន​កម្មករ​មួយ​ក្រុម​នៃ​រោងចក្រ​ខាង​ផលិត​ទូរទេះ​ភ្លើង​នៅ​តំបន់​ភ្នំ​អ៊ូរ៉ាល់។ ឈ្មោះ​គាត់​ ត្រូវ​គេ​ចាប់​ផ្តើម​ស្គាល់​នៅ​តាម​ច្រកល្ហក​ប្លែកៗ​នៃ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​២១​ធ្នូ​ឆ្នាំ​មុន​ពេល​ដែល​លោក​ពូទីន កាល​ណោះ​នៅ​ជា​នាយក​រដ្ឋមន្ត្រី ​នៅ​ឡើយ​ បាន​ធ្វើ​អន្តរាគមន៍​ឆ្លើយ​តប​នឹង​សំណួរ​ចោទ​ដោយ​ប្រជាជន​តាម​រយៈ​ស្ពាន​ទូរទស្សន៍​ត​ភ្ជាប់​ពី​រដ្ឋធានី​ម៉ូស្គូទៅ​កាន់​ទីប្រជុំ​ជន​នានា​តាំង​ពី​ចុង​បូព៌ា រហូត​ដល់​ប៉ែក​ខាង​លិច​បង្អស់​នៃ​ប្រទេស។​

លុះ​ស្ពានទូរទស្សន៍ រំកិលដល់ រោងចក្រនោះ ​ដែលស្ថិតនៅចម្ងាយ ប្រមាណ ១.៨០០គ.ម. ខាង​កើតពីម៉ូស្គូ កម្មករ Igor Holmanskix ក៏បានកាន់មេក្រូ សំដែងការគាំទ្រឥតសំចៃឡើយ ដល់បន្ទាត់នយោបាយលោក ពូទីន ដែលចេះធានាឲ្យមានស្ថិរភាពក្នុងប្រទេសដោយ​ថ្លែង​ថា៖ “បើប៉ូលីស នៅម៉ូស្គូអសមត្ថភាព នោះខ្ញុំនឹងកេណ្ឌ ពួកប្រុសៗ កម្មករគ្នីគ្នាខ្ញុំទៅ​បង្ក្រាប​ឲ្យ​លឹប​ទៅ​រលក​​​មីទ្ទិញ​​តវ៉ា​ទល់​​នឹង​​លទ្ធផល​​នៃ​​ការ​បោះឆ្នោត​សភា​ដែល​បោកបក់​គ្មាន​ឈប់ ​រំខាន​ដល់ស្ថិរភាពសង្គម។ ប៉ុន្តែការបង្ក្រាបនេះ នឹងប្រព្រឹត្តទៅ គឺតែក្នុងបរិវេណ​ច្បាប់​ប៉ុណ្ណោះ”។

តាមដែលកាសែតរុស្ស៊ី​លេខ​ថ្ងៃ​នេះ ចេញផ្សាយព្រោងព្រាត ពិត​ជា​ពាក្យ​ថ្លែងខាងលើតែម្តង ដែលរំលេចឲ្យឃើញ​ពី​ឧបការគុណ​វណ្ណៈ​កម្មករ ដែល​ស្មោះស្ម័គ្រ​នឹង មាគ៌ា​ប្រកាន់​យក​ដោយ​ថ្នាក់​ដឹក​នាំរុស្ស៊ី​បច្ចុប្បន្ន។

មិន​មែន​ចៃដន្យ​ទេ ដែល​ក្រោយពី​ឡើង​ជា​ប្រធានាធិបតី​រុស្ស៊ី​វិញ លោក​ពូទីន បាន​ធ្វើ​ដំណើរ​មិន​មែន​ទៅ​កាន់​រដ្ឋ​បរទេស​ណា​ឡើយ តែ​គឺ​ទៅ​សាក​សួរ​សុខទុក្ខ កម្មករ​រោងចក្រ​នោះ​តែ​ម្តង។

ពេល​ទទួល​ជួប​កម្មករ Igor Holmanskix នៅ​វិមាន​ក្រេមឡាំង ដោយ​ប្រកាស​អំពី​ការ​តែងតាំង​គាត់​ជា​តំណាង​ពេញ​សមត្ថភាព​ របស់​ប្រធានាធិបតី​ប្រចាំ “ភូម៌​ភាគ​តំបន់​ភ្នំ​អ៊ូរ៉ាល​នៃ​សហព័ន្ធ​រុស្ស៊ី” លោក​ពូទីន​សង្កត់​ធ្ងន់​ថា ពិត​ជា​កម្មករ​បែប​នេះ ដែល​យល់​ដឹង​អំពី​ដង្ហើម​រស់​នៅ របស់ អ្នក​ស្រុក ច្បាស់​ជាង​គេ។

ជា​ការ​រំលឹក​ដែនដី​សហព័ន្ធ​រុស្ស៊ី​ដែល​មាន​ខេត្ត​ចំណុះ​ដល់​ទៅ ៨៣ ខេត្ត ស្រប​នឹង​ក្រិត្យ ចេញ​ដោយ​លោក​ពូទីន តាំង​ពី​ឆ្នាំ​២០០០​ម៉្លេះ ជំនាន់​គាត់​ធ្វើ​ជា ប្រធានាធិបតី​អាណត្តិ​ទី​១ គឺ​បែង​ចែក​ទៅ​ជា ៨​ភូម៌​ភាគ​បែប​យ៉ាង ភូម៌ភាគ​ចុង​បូព៌ា ភូម៌ភាគ​កណ្តាល ភូម៌ភាគ​ឧត្តរ ភូម៌ភាគ​ ទក្សិណ​ជា​ដើម

រីឯ “ភូម៌ភាគ​តំបន់​ភ្នំ​អ៊ូរ៉ាល​នៃ​សហព័ន្ធ​រុស្ស៊ី” គឺ​រួម​ក្តោប​ខេត្ត​ចំនួ​៦។ ស្រប​នឹង ភាព​បញ្ឈរ​នៃ​អំណាច​នៅ​រុស្ស៊ី អភិបាល​ខេត្ត​ទាំង​៦​នោះ ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​និង​ការ​ត្រួត​ពិនិត្យ​របស់​អតីត​កម្មករ Igor Holmanskix ដែល​ត្រូវ​រាយការណ៍​ជូន​តែ​លោក ប្រធានាធិបតី​ពូទីន​ ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ