អានតួអត្ថបទ
ស.រ.អា.

លោក Bill Clinton ​មកជួយ​គាំទ្រ​លោកអូបាម៉ា​

អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Bill Clinton ​ ដែល​មកជួយ​គាំទ្រ​លោក​អូបាម៉ា​ ​ បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​សែន​កក់ក្តៅ​ ​ នាឱកាស​សមាជជាតិ​នៃ​បក្ស​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ឆារឡុត​នៅ​យប់​ថ្ងៃពុធ​ម្សិលមិញ​។​ សមាជជាតិ​នៃ​បក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ប្រកាស​តែងតាំង​លោក​អូបាម៉ា​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ចូល​ប្រកួត​ប្រជែង​នៅខែ​វិច្ឆិកា​ខាងមុខនេះ។

អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Bill Clinton  ​មកជួយ​គាំទ្រ​លោក​អូបាម៉ា​
អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Bill Clinton ​មកជួយ​គាំទ្រ​លោក​អូបាម៉ា​ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

 

អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Bill Clinton ​មាន​អាយុ​៦៦ឆ្នាំ​ ​ លោកនៅតែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្ពស់​ត្រដែត​ដដែល​នៅ​សហរដ្ឋ​អាមេរិក។​ ជាថ្មី​ម្តងទៀត​ លោក​ Bill Clinton ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ​ លោកពិត​ជា​ “វាគ្មិន​ម្នាក់​ដ៏​ឆ្នើម​គ្មានពីរ”។​ នៅចំពោះមុខ​សកម្មជន​នៃបក្ស​ប្រជាធិបតេយ្យ​ ​ លោកបាន​ថ្លែង​សំណេះ​សំណាល​សើចលេង​ផង​ ​ លោកបាន​ផងទៀត​ធ្វើការ​វាយប្រហារ​យ៉ាង​ប៉ិនប្រសប់​ទៅលើ​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សាធារណរដ្ឋ​ លោក​ Mitt Romney ​ ​ ហើយនិង​ទៅលើ​បេក្ខជន​អនុប្រធានាធិបតី​ ​លោក​ Paul Ryan។

“ខ្ញុំ​សូម​គោរព​បុរស​ម្នាក់​ដែលមាន​ចរិត​ស្លូតបូត​បែប​ត្រជាក់​ ​ បើគេ​មើល​ពី​ខាងក្រៅ​ ​ ប៉ុន្តែ​នៅខាង​ក្នុងវិញ​ គឺ​ក្តៅ​ពុះ​កញ្ជ្រោល​សម្រាប់​អាមេរិក​ ​ បុរសនោះ​គឺ​ បារ៉ាក់​អូបាម៉ា”។​ នេះ​ជា​ការថ្លែង​ប្រកាស​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Bill Clinton ។

បន្ទាប់មក​ លោក​ Bill Clinton ​បាន​បំពេញ​កិច្ចការ​ដែល​លោកស្រី​មីឆែល​ អូបាម៉ា​ពុំបាន​ធ្វើ​កាលពិ​ម្សិលមិញ​ គឺ​ការវាយ​ប្រហារ​ទៅលើ​ បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សាធារណរដ្ឋ​ លោក​ Mitt Romney ។​ លោក​គ្លីនតុន​បាន​រៀបរាប់​ពី​ទង្វើ​ខាឃាំង​របស់​គណបក្ស​សាធារណរដ្ឋ​ ធ្វើឲ្យ​ផែនការ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​ការ​បង្កើត​ការងារ​របស់​លោក​អូបាម៉ា​ជួប​នឹង​ឧបសគ្គ។​ លោក​គ្លីនតុន​បាន​រំលឹក​ប្រាប់​ទៀតថា​ ​ លោក​បារ៉ាក់​អូបាម៉ា​បាន​បង្កើត​ឲ្យ​មាន​ការងារ​ប្រមាន​ “៤លាន​៥សែន​កន្លែង”​​ជូន​ប្រជាជន​អាមេរិក​ ​ រីឯ​គណបក្ស​សាធារណរដ្ឋ​វិញ​គឺ​ “សូន្យ”។​ ទាំងនេះ​ បាន​បណ្តាល​ឲ្យ​សាធារណជន​នាំគ្នា​ទះដៃ​យ៉ាង​គគ្រឹក​គគ្រេង។
 

ងាកមក​ធ្វើការ​គោរព​ស្វាគមន៍​កិច្ចការ​និង​ជោគជ័យ​ដ៏​ធំធេង​ដែលបាន​បំពេញ​ដោយ​បច្ចុប្បន្ន​ប្រធានាធបតី​បារ៉ាក់​អូបាម៉ា​វិញម្តង​ ​ លោក​គ្លីនតុន​បាន​ថ្លែងថា​ ​ “គ្មាន​ប្រធានាធិបតី​ណា​មួយឡើយ​ដែល​អាច​ជួសជុល​ការខូចខាត​ដែល​បន្សល់​ទុក​ឲ្យ​ដោយ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រយៈពេល​តែ​បួនឆ្នាំ​បែបនេះ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ