ការស្ទង់មតិ៖ប្រជាជនជប៉ុន និងប្រជាជនចិនបោះឆ្នោតគំាទ្របេក្ខជន បារ៉ាក់ អូបាម៉ា
នៅថ្ងៃអង្គារ ទី៦ វិច្ឆិកា ប្រជាពលរដ្ឋអាមេរិកំាងនឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ មានបេក្ខជនឈរឈ្មោះចំនួនពីររូប គឺលោកប្រធានាធិបតីផុតអាណត្តិ បារ៉ាក់ អូបាម៉ា មកពីគណបក្សប្រជាធិបតេយ្យ និងលោកមីត រ៉ូមនី មកពីគណបក្សសាធារណៈរដ្ឋ។ ក្រៅពីប្រជាពលរដ្ឋអាមេរិកំាង ប្រជាជនចិន និងជប៉ុនក៏បានចាប់អារម្មណ៍នឹងការបោះឆ្នោតនៅអាមេរិកនេះដែរ។ យោងតាមលទ្ធផលនៃការស្ទង់មតិមួយសម្រាប់ទីភ្នាក់ងារព័ត៌មាន AFP ឲ្យដឹងថា មានប្រជាជនចិន និងជប៉ុនភាគច្រើនបានគំាទ្របេក្ខជនបារ៉ាក់ អូបាម៉ា ជាងបេក្ខជនមីត រ៉ូមនី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
ការស្ទង់មតិត្រូវបានធ្វើឡើងកាលពីខែកញ្ញា និងតុលា ដោយវិទ្យាស្ថាន Ipsos នៅហុងកុង។ លទ្ធផលបានបង្ហាញថា មានប្រជាជនជប៉ុនមិនតិចជាង ៨៦% និងប្រជាជនចិនមិនតិចជាង ៦៣% ទេ ដែលបានគំាទ្របេក្ខជនប្រធានាធិបតីផុតអាណត្តិ បារ៉ាក់ អូបាម៉ា។ សម្រាប់បេក្ខជនមីត រ៉ូមនីវិញ លោករ៉ូមនីបានទទួលការគំាទ្រច្រើនពីប្រជាជនចិន ជាងប្រជាជនជប៉ុន។ បើតាមលោក Andrew Lam នាយករងវិទ្យាស្ថាន Ipsos នៅហុងកុងឲ្យដឹងថា ជាទូទៅ ប្រជាជនរស់ក្នុងទ្វីបអាស៊ីទំាងមូលចង់ឃើញលោក អូបាម៉ាជាប់ឆ្នោតប្រធានាធិបតីអាមេរិកមួយអណត្តិទៀត។
នៅក្នុងប្រទេសចិន អប្រជាប្រិយភាពរបស់លោក មីត រ៉ូមនីក៏ដោយសារតែពាក្យសម្តីវាយប្រហារចិនរបស់លោកដែរ ពិសេសគឺការចោទចិនពីបទបានលូកដៃអន្តរាគមន៍លើតម្លៃប្រាក់យ័ន។ នៅក្នុងវេទិកាតស៊ូមតិចុងក្រោយរវាងលោក មីត រ៉ូមនី និងបារ៉ាក់ អូបាម៉ា លោកមីត រ៉ូមនីបានអះអាងជាថ្មីថា បើលោកជាប់ឆ្នោត លោកនឹងធ្វើការចោទចិនជាផ្លូវការពីរឿងលូកដៃអន្តរាគមន៍លើតម្លៃប្រាក់យ័នក្នុងបំណងបង្កើនវិស័យនំាចេញ។ សម្រាប់លោកមីត រ៉ូមនី ចិន ជាចោរលួចការងាររបស់អាមេរិក ចិន ជាចោទលួចបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញារបស់អាមេរិក ឬមួយចិន ជាអ្នកក្លែងក្លាយផលិតផលអាមេរិកំាងជាដើម។ ខុសពីលោកមីត រ៉ូមនី លោកអូបាម៉ាក៏បានចោទចិនទាក់ទងនឹងរឿងតម្លៃប្រាក់យ័ននេះដែរ តែមិនជាចំហដូចលោកមីត រ៉ូមនីទេ។
នៅក្នុងប្រទេសជប៉ុនឯណោះ អប្រជាប្រិយភាពរបស់លោក មីត រ៉ូមនី ក៏ដោយសារតែលោកបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីដំណើរថយក្រោយនៃសេដ្ឋកិច្ចជប៉ុន។ សម្រាប់ប្រជាជនជប៉ុនដែលមានមោទនភាពជាតិនោះ នេះគឺជាការធ្វើអត្ថាធិប្បាយមួយដែលមិនអាចទទួលយកបានឡើយ។
សរុបមកវិញ លទ្ធផលនៃការស្ទង់មតិធ្វើឡើងដោយ Ipsos-AFP ឲ្យដឹងថា មានប្រជាជនជប៉ុនចំនួន ៨១,៨% និងប្រជាជនចិនចំនួន ៥៨,៣% បានផ្តល់ទំនុកចិត្តលើរូបលោកបារ៉ាក់ អូបាម៉ានៅក្នុងវិស័យសេដ្ឋកិច្ច។ រីឯនៅក្នុងផ្នែកសន្តិភាព និងសន្តិសុខវិញ លោកប្រធានាធិបតីផុតអាណត្តិក៏ទទួលទំនុកទុកចិត្តប្រហាក់ប្រហែលគ្នានេះដែរ ពោលគឺ ៨៥,៣% ពីប្រជាជនជប៉ុន និង៥៦,៣% ពីប្រជាជនចិន។ គួរជម្រាបជូនថា លទ្ធផលនៃការស្ទង់មតិនេះបានមកពីការសួរប្រជាជនចំនួន ១ ០០០នាក់នៅក្នុងប្រទេសនីមួយៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ