អានតួអត្ថបទ
អាមេរិក

ការ​តស៊ូមតិ​រវាង​លោក Mitt Romney និង លោក Barack Obama នឹង​ចាប់ផ្តើម​នៅ​ថ្ងៃពុធ ទី៣ តុលា

នៅ​ថ្ងៃ​ពុធ ទី៣ តុលា បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទំាង​ពីរ​រូប គឺ​លោក Barack Obama មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​ Mitt Romney គណបក្ស​សាធារណរដ្ឋ​នឹង​ឡើង​ជជែក​ដេញដោល​គ្នា​តាម​កញ្ជក់​ទូរទស្សន៍​នៅ​ក្នុង​ទីក្រុង Denver នៃ​រដ្ឋ Colorado។ នេះ​ជា​ការ​តស៊ូមតិ​លើក​ទីមួយ​ក្នុង​ចំណោម​ការ​តស៊ូមតិ​ទំាង​អស់​ចំនួន ៣លើក មុន​នឹង​ការ​បោះឆ្នោត​ឈាន​មក​ដល់​នៅ​ថ្ងៃទី ៦ វិច្ឆិកា។ កម្មវិធី​នៃ​ការ​តស៊ូមតិ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បេក្ខជន​ទំាង​ពីរ​រូប ពិសេស​គឺ​លោក Mitt Romney ដែល​កំពុង​បាត់បង់​ប្រជាប្រិយភាព​យ៉ាង​ខ្លំាង។

ការ​តស៊ូមតិ​រវាង​លោក Mitt Romney និង លោក Barack Obama នឹង​ចាប់ផ្តើម​នៅ​ថ្ងៃពុធ ទី៣ តុលា
ការ​តស៊ូមតិ​រវាង​លោក Mitt Romney និង លោក Barack Obama នឹង​ចាប់ផ្តើម​នៅ​ថ្ងៃពុធ ទី៣ តុលា AFP PHOTO/FILES
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការ​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា បេក្ខជន​ Mitt Romney មក​ពី​គណបក្ស​សាធារណរដ្ឋ​កំពុង​មាន​ប្រជាប្រិយភាព​ធ្លាក់​ចុះ​យ៉ាង​ខ្លំាង បើ​ធៀប​នឹង​គូប្រជែង​របស់​គាត់​គឺ​លោក Barack Obama មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ប្រជាប្រិយភាព​របស់​លោក Mitt Romney បាន​ធ្លាក់​ចុះ​ខ្លំាង បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ខ្សែអាត់​វីដេអូ​មួយ​ឈុត​ដែល​បេក្ខជន​ គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​វាយតម្លៃ​ថា មាន​ប្រជាពលរដ្ឋ​អាមេរិកំាង​រហូត​ដល់​ទៅ ៤៧% មិន​បង់ពន្ធ និង​រស់នៅ​ដោយ​ពឹង​តែ​ជំនួយ​ពី​រដ្ឋ។

តែ​នៅ​ថ្ងៃ​អាទិត្យ ទី៣០ កញ្ញា​ម្សិលមិញ លោក Paul Ryan បេក្ខជន​អនុប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ចេញ​មុខ​ការពារ​លោក Mitt Romney។ អន្តរាគមន៍​តាម​កញ្ជក់​ទូរទស្សន៍ Fox News លោក Paul Ryan បាន​ទទួល​ស្គាល់​នូវ​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​បង្ក​ឡើង​ដោយ​គណបក្ស​សាធារណរដ្ឋ និង​បាន​ព្យាយាម​បញ្ចូល​ប្រធានបទ​សេដ្ឋកិច្ច​ទៅ​ក្នុង​កម្មវិធី​នៃ​ការ​ជជែក​ដេញដោល​គ្នា​រវាង​លោក Mitt Romney និង​លោក Barack Obama នៅ​ថ្ងៃ​ពុធ ទី៣ តុលា។

យោង​តាម​លោក Paul Ryan គណបក្ស​សាធារណរដ្ឋ​ពិត​ជា​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​មួយ​ចំនួន​មែន តែ​យ៉ាង​ណា​ក៏​ដោយ គណបក្ស​សាធារណរដ្ឋ​មាន​មធ្យោបាយ​ជា​ច្រើន​ដើម្បី​បង្កើត​ការងារ និង​ផ្តល់​សន្ទុះ​សេចដ្ឋកិច្ច​ឡើង​វិញ។ ទន្ទឹម​គ្នា​នេះ លោក Paul Ryan បាន​ទុក​ឲ្យ​ពលរដ្ឋ​អាមេរិកំាង​ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួន​ឯង រវាង​បេក្ខជន Mitt Romney ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិកំាង​ឡើង​វិញ និង​បេក្ខជន Barack Obama ដែល​ចង់​បាន​អំណាច ៤ឆ្នំា​បន្ថែម​ទៀត ដោយ​បន្ត​ទុក​ឲ្យ​សេដ្ឋកិច្ច​អាមេរិកំាង​គំាង​ស្តូក​មួយ​កន្លែង​ដូច​សព្វថ្ងៃ។

ឃើញ​ថា ៣ថ្ងៃ មុន​ថ្ងៃ​ផ្តើម​កម្មវិធី​តស៊ូមតិ​រវាង​បេក្ខជន Mitt Romney និង​បេក្ខជន Barack Obama គណបក្ស​សាធារណរដ្ឋ​បាន​និង​កំពុង​ព្យាយាម​ស្រោចស្រង់​ប្រជាប្រិយភាព​លោក Mitt Romney ឡើង​វិញ។ តែ​លោក Paul Ryan បាន​ទទួល​ស្គាល់​ថា លោក Romney ពិត​ជា​មិន​មាន​វោហារ​ដូច​លោក Obama ទេ ព្រោះ​ថា លោក Obama ធ្លាប់​បាន​ឆ្លង​កាត់​វេទិកា​តស៊ូមតិ​របៀប​នេះ​ម្តង​ហើយ ចំណែក​លោក Romney វិញ គឺ​ជា​លើកទីមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ