អានតួអត្ថបទ
កម្ពុជា

អ្នកភូមិ​ការពារ​ព្រៃឡង់​ចាក​ចេញ​ពី​ព្រៃឡង់​ជាមួយ​ភស្តុតាង

ប្រជាសហគមន៍​ព្រៃឡង់​បាន​ចាក​ចេញ​ពី​ព្រៃឡង់​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ចន្ទ​នេះ តាម​គម្រោង​របស់​​ពួក​គេ។ ពួក​គេ​បាន​អះអាង​ថា ពួក​គេ​រក​ឃើញ​ករណី​កាប់​ឈើ​ខុសច្បាប់​ជាច្រើន​ករណី ហើយ​ក៏​បាន​រឹបអូស​យក​ម៉ាស៊ីន​កាត់ឈើ​មួយ​ចំនួន​ដើម្បី​ប្រគល់​អោយ​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ។ ពួក​គេ​នឹង​ធ្វើ​របាយការណ៍​អំពី​ករណី​ទាំង​នេះ​ជូន​អាជ្ញាធរ​ទៀត។

អ្នកភូមិ​ការពារ​ព្រៃឡង់​ចាក​ចេញ​ពី​ព្រៃឡង់​ជាមួយ​ភស្តុតាង
អ្នកភូមិ​ការពារ​ព្រៃឡង់​ចាក​ចេញ​ពី​ព្រៃឡង់​ជាមួយ​ភស្តុតាង
ផ្សាយពាណិជ្ជកម្ម

អ្នក​ភូមិ​ព្រៃឡង់​នៅ​ក្នុង​ខេត្ត​ទាំង​៤​បាន​បញ្ចប់​បេសកកម្ម​របស់​ពួកគេ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​ព្រៃឈើ និង​អនុព្រៃឈើ​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ។ អ្នកភូមិ​ប៉ែក​ខាង​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង​បាន​ចាកចេញ​ពី​ក្នុង​ព្រៃឡង់​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ពួកគេ​បាន​រុក​ចូលព្រៃ​តាម​ម៉ូតូកាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា​សប្តាហ៍​មុន។ ក្រុម​អ្នក​ភូមិ​បាន​ជួប​ករណី​បំផ្លាញ​ព្រៃឈើ​មួយ​ចំនួន ហើយ​ក៏​បាន​រឹប​អូស​យក​ឧបករណ៍​មួយ​ចំនួន​ទៀត​ដែរ​។ លោកស្រី​ភោគ ហុង តំណាង​អ្នកភូមិ​សហគមន៍​ព្រៃឡង់​ក្នុង​ខេត្តព្រះវិហារ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា អ្នកភូមិ​របស់​គាត់​ចំនួន​៦៤នាក់​បាន​ប្រទះ​ឃើញ​ឈើ​ធ្នុង​ចំនួន​១៥ម៉ែត្រគីប​របស់​ឈ្មួញ ហើយ​​ពួក​គាត់​បាន​ដុត​កំទេចចោល​នៅ​នឹង​កន្លែង ដោយសារ​ពិបាក​ដឹក​ជញ្ជូន​ចេញ​ពី​ក្នុង​ព្រៃ។ ហើយ​ពួក​គាត់​​ក៏​បាន​រឹបអូស​បាន​ម៉ាស៊ីន​កាត់​ឈើ​បាន​មួយ​គ្រឿង​ផង​ដែរ។ លោកស្រី​ភោគ ហុង​បន្ត​ថា អ្នកភូមិ​បាន​ផ្តិត​យក​រូបភាព​នៃ​ការ​កាប់​ឈើ​ផង​ដែរ។

ចំពោះ​លោក​ថៃ ប៊ុនលាង ដែល​ជា​តំណាង​អ្នកភូមិ​ព្រៃឡង់​ក្នុង​ខេត្ត​ក្រចេះ​វិញ លោក​ក៏​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ដែរ​ថា ក្រុម​របស់​លោក​មាន​អ្នក​ភូមិ​៥០​នាក់ បាន​បែកចែក​គ្នា​ជា​ក្រុម​ដើម្បី​លុក​ចូល​ព្រៃឡង់​ស្វែង​រក​ការ​កាប់​ឈើ​ខុសច្បាប់។ លោក​បាន​បន្ត​ថា ក្រុម​លោក​បាន​ជួប​ករណី​កាប់​ដើមចំបក់​ជាក់ស្តែង​ដែល​ឈ្មួញ​កំពុង​កាត់ ហើយ​បាន​ចរចារ​ចាប់​យក​ម៉ាស៊ីន​កាត់ឈើ​​បាន​២​គ្រឿង ហើយ​ថា មាន​ដើម​ចំបក់​១៨​ដើម​ដែល​គេ​ទើប​តែ​កាប់​ហើយ​ថ្មីៗ។ ក្រុម​អ្នកភូមិ​ក៏​បាន​ផ្តិត​យក​រូបភាព​ទាំងនេះ ធ្វើ​ជា​ភស្តុតាង​ផងដែរ។ តំណាង​អ្នក​ភូមិ​មក​ពី​ខេត្ត​ទាំង​៤​ដែល​មាន​ព្រៃឡង់​សុទ្ធ​តែ​អះអាង​ថា ពួក​គេ​នឹង​ជួបជុំ​គ្នា​ដើម្បី​សម្រេច​ធ្វើ​របាយការណ៍​​ផ្ញើ​ទៅ​អង្គការ​ពាក់ព័ន្ធ និង​អាជ្ញាធរ​​​ផងដែរ។

គួរ​បញ្ជាក់​ថា បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ម្តង​ទៀត កាល​ពី​ថ្ងៃ​ទី​១៣​កញ្ញា​នេះ ដោយ​បាន​ប្រមូល​ផ្តុំ​អ្នកភូមិ​ដែល​រស់នៅ​អាស្រ័យ​អនុព្រៃឈើ​នៃ​ព្រៃឡង់​នេះ ដើម្បី​នាំ​គ្នា​ចូល​ព្រៃ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ពួក​ឈ្មួញ។ ព្រៃឡង់​ជា​ប្រភព​នៃ​អនុផល​ព្រៃឈើ​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​ជា​ច្រើន​ម៉ឺនគ្រួសារ​ក្នុង​ភូមិ​ជិត​៤០០ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ