អានតួអត្ថបទ
បេឡារុស-លីប៊ី

ពួក​ទាហាន​ទៅ​ពី​បេឡារុស​ធ្វើ​ជា​ទីប្រឹក្សាស៊ីឈ្នួល​ឲ្យ​​កងទ័ពកាដាហ្វ៊ី

ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើលនេះ ទើប​ចុះផ្សាយ​ដោយ​កាសែត​ក្រុងម៉ូស្គូ ឈ្មោះ Komsomolskaya Pravda យោងទៅលើ​តឹកតាង​បង្ហាញដោយ ​យោធាស៊ីឈ្នួល​បែបនេះ​ម្នាក់​ ឈ្មោះ Mikhail ដែលថា ប្រាក់ខែ​របស់​គាត់ គឺ ៣.០០០ដុល្លារ ក្នុង១ខែ។ គេ​យោង​ផងដែរ​​ទៅលើ​សំដី​អនុព័ន្ធ​យោធា​នៃ​ស្ថានទូត បេឡារុស ប្រចាំនៅក្រុងទ្រីប៉ូលី លោក Igor Kachugin ដែល​លំអិត​ថា ពួក អ្នកឯកទេស​យោធា​ទាំងនោះ​បាន​ចុះ​កិច្ចសន្យា​មាន​លក្ខណៈ​ឯកជន ដោយ​ផ្ទាល់ខ្លួន​គេ ​ជាមួយ​រដ្ឋាភិបាល​លីប៊ី និង​គ្មាន​ជាប់ទាក់ទង​អ្វី​នឹង​រដ្ឋ​បេឡារុស​ឡើយ។

លោក​កាដាហ្វ៊ី អម​ដំណើរ​ដោយ​​ប្រធានាធិបតី​បេឡារុស ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទីក្រុង​Minsk
លោក​កាដាហ្វ៊ី អម​ដំណើរ​ដោយ​​ប្រធានាធិបតី​បេឡារុស ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទីក្រុង​Minsk ©
ផ្សាយពាណិជ្ជកម្ម

 

02:32

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្គូ

កែវ ឆាយា

ស្របនឹង​តឹកតាង​បង្ហាញដោយ ​យោធាស៊ីឈ្នួល​ឈ្មោះ Mikhail នោះ បច្ចុប្បន្ន​នេះ ពួក​នាយទាហាន បេឡារុស-​ដែលបម្រើការ​តាម​ផ្លូវ​ឯកជន ជា​ទីប្រឹក្សា​របស់​កងទ័ពKadhafi មានគ្នា​រាប់រយនាក់។ គេឥត​ចូលរួម​ច្បាំង ក្នុង​យុទ្ធនាការ​ផ្ទាល់ឡើយ។ គេ​មាន​វត្តមាន​នៅតាម​ខ្សែ​សមរភូមិ​មុខ គ្រាន់តែ​ដើម្បី​ជួយ​ឲ្យយោបល់។ ពួកគេ​ទទួល​ក្នុង​១ខែ គឺ​ប្រាក់ឈ្នួល ៣ពាន់ ដុល្លារ​អាមេរិក។ ពួកគេ​ជា​ច្រើន ធ្លាប់​មាន​បទ​ពិសោធន៍ ពី​សង្គ្រាម នៅ អាហ្វហ្កានីស្ថាន ធ្លាប់​បាន​បម្រើការ​នៅ​តាម​អង្គភាព​ឆើតៗ​នៃ​ក្រសួង​ការពារជាតិ បេឡារុស និង​ធ្លាប់​ទទួល​ការហ្វឹកហាត់​នៅ​មូលដ្ឋាន​ទ័ព​ពិសេស​របស់​រុស្ស៊ី។

មូលហេតុ​ដែលញ៉ាំង​កាសែត​រុស្ស៊ី Komsomolskaya Pravda​ឲ្យ​គិតថា ក្នុង​កងទ័ព កាដាហ្វ៊ី ​ច្បាស់​ជា​មាន ពួក​អ្នកឯកទេស​យោធា ទៅពី​អតីត​សហភាពសូវៀត ជួយ​ទូន្មាន​អំពី​វិធី​ច្បាំង  គឺ​មកពី ​ពី​កងទ័ព​កាដាហ្វ៊ី​នេះ​នៅតែ​មាន​សមត្ថភាព​ប្រយុទ្ធ​យ៉ាង​ក្លៀវក្លា​ដដែល ទោះបី​រង​នូវ ការវាយប្រហារ​គ្មាន​ប្រណី​ពី​ខាង​កងកម្លាំង​អូតង់​ក្តី។

ពួក​ទីប្រឹក្សា បេឡារុស-ដែល​ប្រទេស​គេ ក្នុង​សម័យ​សង្គ្រាម​ច្បាំង​ទល់​នឹង​របប​ហ៊ីត្លែរ អាល្លឺម៉ង់ បានប្រែ​យុទ្ធវិធី​ច្បាំង​ទៅជាទ័ពព្រៃ Maquisនោះ ​បានណែនាំ ពួកទាហាន​​កាដាហ្វ៊ី ឲ្យ​បោះបង់​ទៅ រថក្រោះ​ធំ​សំពីង​សំពោងដែល​​ក្លាយ​ជា​ស៊ីប្ល​យ៉ាងងាយ​នៃ​កងអាកាស​អូតង់ ហើយ​ឆ្លង​ទៅប្រើ​រថយន្តJeep ដូចទ័ព​ពួកបះបោរ​ប្រឆាំង​កាដាហ្វ៊ី។ អ៊ីចឹងគឺ​ងាយ​ចល័ត​ងាយ​បត់បែន ងាយ​លាក់ខ្លួន ហើយ​បំភាន់​ភ្នែក​កងកម្លាំង​អន្តរជាតិ ឲ្យច្រឡំ​វាយខុស​ទីដៅ។

កាសែតរុស្ស៊ី​ក៏​រំលឹក​ដែរថា តាំងពី​ចុងខែ​កុម្ភៈម៉្លេះ មានលេចឭ​ទៅហើយ​ដំណឹង​ដែលថា ពួកយោធា​ស៊ីឈ្នួល​ទៅពី បេឡារុស​បានសម្លាប់​​មិនស្ទើរ​ទេ ពួកបះបោរ​នៅលីប៊ី។ កាលណោះ​ជាតិបរទេស​ដែលចេះ​ដកខ្លួន​ចេញផុត​ពីលីប៊ី នាំគ្នា​ដំណាល​ថា ច្បាំង​នៅខាង​កាដាហ្វ៊ី គឺមាន​យោធា ទៅ​ពី​អឺរ៉ុបខាងកើត បែបយ៉ាង ទៅពី​អ៊ុយក្រែន ស៊ែប៊ី បេឡារុស និង​រូម៉ានី។ ប៉ុន្តែ​ភ្លាមនោះ រដ្ឋាភិបាល អ៊ុយក្រែន ស៊ែប៊ី និង​រូម៉ានី​បានថ្លែង​បដិសេធ​ដាច់​អហង្កា។

កាសែត Komsomolskaya Pravda​ក៏ចុះផ្សាយ​ដែរថា បច្ចុប្បន្ន រដ្ឋធានី បេឡារុស កំពុង​ដំណើរការ “ទីផ្សារ​ការងារ” សម្រាប់​ពួកយោធា​ចូល Retraite ដែល​ត្រៀម​ទៅ​បម្រើការ​យោធា​នៅប្រទេស វេណេហ្ស៊ុយអេឡា កូតឌីវ័រ ឬ​លីប៊ី។

កាសែត​រុស្ស៊ី​បញ្ចប់​សេចក្តី​ថា ទោះបី​កង​អាកាស​អូតង់ កំទេច សក្តានុពល កងទ័ព​កាដាហ្វ៊ី អស់១/៣ក្តី ក៏​កងទ័ពនេះ​នៅ​សល់​កងពល​ឆើតៗ​ចំនួន ៣កង មាន​យោធា ២០.០០០នាក់ ក្រោម​ការដឹកនាំ​របស់កូនប្រុស​ Kadhafi​ដែលត្រៀមច្បាំង​យ៉ាងយូរ តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ