អានតួអត្ថបទ
កម្ពុជា

សាលារាជធានី​ចោទ​បក្សប្រឆាំង​ថា ​ធ្វើ​បាតុកម្ម​មិន​គោរព​តាម​ស្មារតី​កិច្ច​ប្រជុំ

ភ្លាម​ៗ​ក្រោយ​បាតុកម្ម​ថ្ងៃ​ទី​១៥​ធ្នូ​របស់​គណបក្ស​ប្រឆាំង​បាន​បិទ​បញ្ចប់ សាលា​រាជធានី​ភ្នំពេញ បាន​ផ្ញើ​លិខិត​មួយ​ជូន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ជា​លិខិត​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​សកម្មភាព​របស់​បក្ស​ប្រឆាំង ដែល​សាលា​រាជធានី​អះអាង​ថា មិន​គោរព​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​រវាង​សាលា​រាជធានី និង​តំណាង​គណបក្ស​សង្គ្រោះជាតិ។ គណបក្ស​ប្រឆាំង​វិញ អះអាង​ថា ខ្លួន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ​ ដោយ​បាន​ជូន​ដំណឹង​ទៅ​សាលារាជធានី​ភ្នំពេញ​ត្រឹម​ត្រូវ​តាម​ច្បាប់​រួច​ហើយ។

ក្រុម​អ្នក​ចូលរួម​មហាបាតុកម្ម របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​២៣តុលា ឆ្នាំ២០១៣
ក្រុម​អ្នក​ចូលរួម​មហាបាតុកម្ម របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​២៣តុលា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ចុះថ្ងៃ​ទី​១៥​ធ្នូ ចោទ​ប្រកាន់ការ​ធ្វើ​​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ដដែល​នេះ ថា​បាន​រំលោភ​បំពាន​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ប្រជុំ​​រវាង​សាលា​រាជធានី និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ។ សាលា​រាជធានី​បាន​លើក​ឡើងថា គណបក្ស​សង្គ្រោះជាតិ បាន​ស្នើ​សុំ​ធ្វើ​ការ​សម្ដែង​មតិ តាមរយៈ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​រយៈ​ពេល​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥​ធ្នូ ចាប់​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច។

តែ​ជាក់​ស្ដែង សាលា​រាជធានី​សង្កេត​ឃើញ​ថា មាន​ការ​ហែ​ក្បួន​ខុស​ពី​លិខិត​អនុញ្ញាតនិង​ស្មារតី​កិច្ច​ប្រជុំ។ ជាង​នេះ​ទៅ​ទៀត បើ​តាម​សាលា​រាជធានី គណបក្ស​ប្រឆាំង​មិន​បញ្ចប់​ការ​ធ្វើ​បាតុកម្មតាម​ច្បាប់​កំណត់ ព្រម​ទាំង​បន្ត​ស្នាក់​នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ទង្វើ​ខុស​ឆ្គង​របស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ទៀត​នោះគឺ ប្រកាស​បន្ត​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​១៦​ធ្នូ ដោយ​គ្មាន​ការ​ជូន​ដំណឹង​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក យ៉ែម បុញ្ញាឫទ្ធិ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ខ្លួន​មាន​សិទ្ធិ​​​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ។ លោក​គូស​បញ្ជាក់​ថា ច្បាប់​តម្រូវ​ឲ្យ​ជូន​ដំណឹង​អំពី​ការ​សម្ដែង​មតិ មិន​មែន​សុំ​អនុញ្ញាត​នោះ​ទេ។ ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ​ក៏​បាន​ជូន​ដំណឹងអំពី​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​១៥​ធ្នូ ​ទៅ​សាលារាជធានី​ភ្នំពេញ ត្រឹម​ត្រូវ​តាម​ច្បាប់​រួច​ហើយ​​ដែរ។

ដោយ​ឡែក ចំពោះ​ការ​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦​ធ្នូនេះ​ត​ទៅ លោក យ៉ែម បុញ្ញាឫទ្ធិ បញ្ជាក់​ថា គណបក្ស​លោក​នឹង​ជូន​ដំណឹង​ទៅ​សាលា​រាជធានីភ្នំពេញ។ ហើយ​ថា គណបក្ស​លោក រីករាយ​នឹង​ចូល​ទៅ​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​សាលា​រាជធានី​ភ្នំពេញ បើ​មាន​ការ​អញ្ជើញ​។

មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស ទាំង​លោក​សម រង្ស៊ី ជា​ប្រធាន និង​លោក​កឹម សុខា ជា​អនុប្រធាននឹង​ចូល​រួម​ក្នុង​បាតុកម្ម​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ រៀងរាល់​ពេល​រសៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ